ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ ជាប្រជាការពារ ត្រូវបានអាជ្ញាធរក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន រួមជាមួយវត្ថុតាង ឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួន។
ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង១១និង២៨នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជនសង្ស័យ មានឈ្មោះលី វណ្ណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរប្រជាការពារ រស់នៅភូមិកណ្តាលសង្កាត់ស្ទឹងត្រែង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយមានការសហការដឹកនាំសម្របសម្រួលដោយលោក ជា សុភ័ក្ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានដំណើរការអនុវត្តនីតិវិធី ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ថ្នាំញៀនសារធាតុញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះលី វណ្ណាង បញ្ជូនបន្តទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។

ប្រភពដដែល បន្តថា ក្នុងករណីនេះកម្លាំងជំនាញ បានដកហូតបានវត្ថុតាង រួមមាន ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ice) ចំនួន២កញ្ចប់តូច ទម្ងន់២,១៦ក្រាម (ថ្លឹងទាំងសំបកថង់)។ ទូរស័ព្ទដៃ ចំនួន៩គ្រឿង (ខូច៦គ្រឿង)។ កាបូបស្ពាយ ចំនួន២។ ក្បាលបារីអេឡិចត្រូនិក ចំនួន៨។បារីអេឡិចត្រូនិក ចំនួន៦ដើម។ កាំបិតរុញ ចំនួន១។ សម្ភារៈប្រើប្រាស់សម្រាប់ជក់មួយចំនួន។ ថង់ច្រកថ្នាំញៀន មួយចំនួន និងសម្ភារៈផ្សេងៗមួយចំនួនទៀត។ជនសង្ស័យខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បន្តនីតិវិធីចាត់ការតាមច្បាប់ និងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែម ព្រោះជនសង្ស័យ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ៕
