Wednesday, January 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់ឡានស៊ីរ៉ែន និងស្ត្រីលក់ឡេ ប៉េអឹមចា.../ប់ដាក់ទណ្ឌកម្មវិ---/ន័យ និងអប់រំ

ម្ចាស់ឡានស៊ីរ៉ែន និងស្ត្រីលក់ឡេ ប៉េអឹមចា…/ប់ដាក់ទណ្ឌកម្មវិ—/ន័យ និងអប់រំ

ភ្នំពេញ ៖ បន្ទាប់ពីមានស្ត្រីលក់ឡេ បង្ហាញរថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ អូសក្បួនរថយន្ត បើកផ្លូវទៅស៊ីការ បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមមក កងរាជអាវុធហត្ថ (ប៉េអឹម) បានចាប់ម្ចាស់រថយន្តស៊ីរ៉ែន ប្រគល់ជូនអង្គភាពសាមី ចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។ ចំណែកស្ត្រីលក់ឡេ ត្រូវបានហៅមកអប់រំ ឲ្យយល់ដឹងអំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ និងបានធ្វើកិច្ចសន្យាកុំឱ្យប្រព្រឹត្តទង្វើបែបនេះតទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅ លើករណីរថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដូចខាងក្រោម ៖

១- តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ ហើយបានកោះអញ្ជើញបុគ្គលពាក់ព័ន្ធ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។

២- ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលដែលពាក់ព័ន្ធ ឱ្យយល់ដឹងអំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើបែបនោះតទៀត ជាពិសេស ត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។

៣- ចំពោះម្ចាស់រថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូនអង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។

កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមផ្តល់មតិ ក្នុងន័យស្ថាបនា និងការផ្តល់ព័ត៌មាន នាពេលកន្លងទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន»។

ចំណែកអ្នកស្រី នួន សម្បត្តិ អ្នកលក់ផលិតផលអនឡាញ ជាម្ចាស់ទំព័របណ្តាញសង្គម ហ្វេសប៊ុក «សោភាវតី សម្រស់ខ្មែរ» បានធ្វើការសុំទោសជាសាធារណៈដល់សាធារណជនគ្រប់មជ្ឈដ្ឋាន និងសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ។

ម្ចាស់ទំព័របណ្តាញសង្គម ហ្វេសប៊ុក «សោភាវតី សម្រស់ខ្មែរ» បានសរសេរសារសុំទោស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ថា «នាងខ្ញុំ នួន សម្បត្តិ សូមអរគុណដល់បងៗ និងសាធារណជនទាំងអស់ ចំពោះការណែនាំ សម្រាប់វីដេអូដែលបានផ្ទុះ រឿងឡានស៊ីរ៉ែន កន្លងមក គឺបណ្តាលមកពីកូនចៅនាងខ្ញុំ ធ្វើវីដេអូបញ្ចូលសំឡេងលើសលស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងប៉ះពាល់ដល់អង្គភាពស្ថាប័នរដ្ឋ!  នាងខ្ញុំសូមធ្វើការសុំទោសជាសាធារណៈដល់បងប្អូនសាធារណជនគ្រប់មជ្ឈដ្ឋាន! និងសុំការយោគយល់អធ្យាស្រ័យដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ក៏ដូចជាសុំទោសគ្រប់អង្គភាពនានា! នាងខ្ញុំ និងកូនចៅ សន្យាថា មិនឲ្យមានរឿងនេះជាលើកទីពីរទៀតឡើយ! សូមអរគុណ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយឃ្លីបវីដេអូមួយតាមទំព័របណ្តាញសង្គម របស់ស្ត្រីលក់ដូរអនឡាញ (លក់ឡេ) ឈ្មោះ «សោភាវតី សម្រស់ខ្មែរ» បង្ហាញពីក្បូនរថយន្តមួយខ្សែ ដែលមានរថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871  បើកនាំមុខ បើកផ្លូវ ទៅស៊ីការ ធ្វើឲ្យមហា ជនមានការភ្ញាក់ផ្អើល និងរិះគន់ព្រោងព្រាតមក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបញ្ជាឱ្យធ្វើការស្រាវជ្រាវ និងតាមចាប់ឡានសារ៉ែននោះ ដោយលោកបានចាត់ទុកថា ជាការមិនដឹងច្បាប់ទម្លាប់ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេចក្តីថ្លៃថ្នូរបស់កងទ័ពជាតិ។

តាមរយៈសារសំឡេង ជិត១នាទី ដែលត្រូវបានទម្លាយចេញកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាយឧត្តមសេ នីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យអាវុធហត្ថ សហការជាមួយអគ្គនា យកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ ស្រាវជ្រាវរករថយន្តដែលបើកអូសក្បួនអ្នកលក់អនឡាញនោះ និងឃាត់ទុកតែម្តង។

នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាថា “ឆែកមើលស្លាកលេខហ្នឹង ជាមួយអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ តើលេខហ្នឹង បំពាក់ឱ្យរថយន្តរបស់អង្គភាពណា? ឬមួយវាក្លែងក្លាយ? អាហ្នឹង ហើយតាមរកអាឡានហ្នឹងតែម្តង របស់ពីណាក៏ដោយ ចាប់យកមកទុកមួយដុំមក អត់ទាន់ដោះស្រាយទេ យកមកទុកសិន យកផ្លាកលេខកងទ័ព យកទៅប្រើអ៊ីចឹង ខូចកងទ័ពអស់ហើយ វាទៅដើរអូសតាំងពីពួកផ្សព្វផ្សាយឡេអីចឹង ងាប់ហើយ កងទ័ពវាអស់តម្លៃហើយរាល់ថ្ងៃហ្នឹង ហើយពីណាក៏ដោយ ផ្កាយណាក៏ដោយ យកមកទុកសិនទៅ ហើយបើថាខ្ញុំអ្នកឱ្យចាប់ ធ្វើតាមច្បាប់ និយាយប៉ុណ្ណឹងបានហើយ យកមកទុកសិនទៅ កុំឱ្យខូចបាត់របស់គេ ពីណាអន្តរាគមន៍មកពីណា ប្រាប់ទៅ មកនិយាយជាមួយខ្ញុំ ពីណាក៏ដោយ ចាត់ចែងអាហ្នឹងទៅ បើមិនអ៊ីចឹង កងទ័ពយើងវាខូចឈ្មោះអស់ហើយ ឡឺៗៗៗ ឱ្យតែគេឱ្យលុយ ស្អីក៏ធ្វើដែរ បន្តិចទៀតហ្នឹង វាកាត់ក្បាលយើងហើយ ពួកអាអស់ហ្នឹង ឱ្យតែឃើញតែលុយ អត់ស្គាល់ងាប់អ៊ីចឹង…”៕

RELATED ARTICLES