ខេត្តព្រៃវែង ៖ ស្ពានឈើ មួយកន្លែង ត្រូវបានគណៈកម្មការវត្តព្រែកចង្ក្រានក្រោម និងបងប្អូនប្រជាពលរដ្ឋ សាងសង់ឆ្លងកាត់ទន្លេតូច សម្រាប់ថ្មើរជើង កង់ម៉ូតូ ឆ្លងកាត់ ស្រាប់តែត្រូវរថយន្តបូមលូ ១គ្រឿង បើកឆ្លងកាត់ បណ្តាលឱ្យបាក់ស្ពាន ធ្លាក់រថយន្តចូលក្នុងទឹក តែសំណាងល្អ មិនបង្កឱ្យមានអ្នកណារងរបួសឡើយ។
ករណីរថយន្តបូមលូ បើកបាក់ស្ពានឈើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅចំណុចមុខវត្តព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ពានឈើមួយកន្លែង ដែលត្រូវបានគណៈកម្មការវត្តព្រែកចង្ក្រានក្រោម បងប្អូនប្រជាពលរដ្ឋ សាងសង់ឆ្លងកាត់ទន្លេតូច ចំណុចមុខវត្តព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងទៅត្រើយម្ខាងទៀត ភូមិថ្មី ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម នារដូវទឹក សម្រក សម្រាប់ថ្មើរជើង កង់ម៉ូតូ ឆ្លងកាត់ ស្រាប់តែនៅវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ មានរថយន្តបូមលូ១គ្រឿង បើកឆ្លងពីស្រុកស៊ីធរកណ្តាល ទៅខាងស្រុកស៊ីធរកណ្តាល បណ្តាលឱ្យបាក់ ស្ពាន ធ្លាក់រថយន្តចូលក្នុងទន្លេតែម្តង។
ប្រភពដដែល ស្ពានឈើនេះ ត្រូវបានគណៈកម្មការវត្តព្រែកចង្ក្រានក្រោម រួមជាមួយប្រជាពលរដ្ឋចំណុះជើងវត្ត សាងសង់ឡើង ភ្ជាប់ពីមុខវត្ត ទៅត្រើយម្ខាងទៀត ភូមិថ្មី ឃុំល្វេ ស្រុកកោះសូទិន ក្នុងខែទឹកសម្រក លុះដល់រដូវទឹកឡើង ទើបរុះរើស្ពានយកទៅរក្សាទុកវិញ គ្រាន់សម្រាប់ពលរដ្ឋ អ្នកស្រុកឆ្លងកាត់បានតែថ្មើរជើង និងម៉ូតូ មធ្យោបាយស្រាលប៉ុណ្នោះ។ លុះ នៅវេលាម៉ោងខាងលើ មានរថយន្តបូមលូ បើកឆ្លងកាត់ ស្រាប់តែបាក់ធ្លាក់ចូលទន្លេតែម្តង។
ក្រោយកើតហេតុ ម្ចាស់រថយន្តសន្យាសុំជួសជុលស្ពានជូនគណៈកម្មការវត្តឡើងវិញ ហើយហៅរថយន្តស្ទូចលើករថយន្តឡើងគោកដោយខ្លួនឯង៕