ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ បានចូលទៅដាក់អន្ទាក់មាន់ព្រៃគ្រាន់ទុកធ្វើម្ហូប ស្រាប់តែអកុសលត្រូវបានដំរីព្រៃព្រេច ជាន់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចអូរច្រា ស្ថិតក្នុងភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា។
បុរសរងគ្រោះ មានឈ្មោះព្លឹង គោញ ភេទប្រុស អាយុ៥២ឆ្នាំ (កើតឆ្នាំ១៩៧៣) ជាជាតិដើមភាគតិចព្នង មានលំនៅ ភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា។
តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថា យោងតាមការបញ្ជាក់ពីកូនរបស់ជនរងគ្រោះដែលបានទៅរកឃើញសពឪពុករបស់ខ្លួន បានឱ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឪពុករបស់ខ្លួន (ជនរងគ្រោះ) បានចូលទៅក្នុងព្រៃ ម្នាក់ឯង ដើម្បីទៅដាក់អន្ទាក់មាន់ព្រៃ យកមកធ្វើម្ហូប ប៉ុន្តែរហូតដល់យប់ ក៏មិនឃើញឪពុកខ្លួនត្រឡប់មកផ្ទះវិញ។ លុះមកដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានទៅបបួលបងប្អូនដើម្បីចេញទៅតាមរកឪពុករបស់ខ្លួនដែលបានបាត់ ស្រាប់ តែពេលដែលខ្លួនកំពុងដើររកដល់ចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ បានប្រទះឃើញសពរបស់ឪពុកបានដេកស្លាប់នៅលើដី។ ភ្លាមនោះពូរបស់ខ្លួនឈ្មោះលើម វន ក៏បានទាក់ទងទៅប្រាប់ប្រជាការពារភូមិពូចា ដើម្បីឱ្យរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានទទួលព័ត៌មានពីប្រជាការពារភូមិ នៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថាមានករណីមនុស្សស្លាប់នៅចំណុចអូរច្រា កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសពនិងពិនិត្យកន្លែងកើតហេតុ។
បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះព្លឹង គោញ បានស្លាប់ដោយសារដំរីព្រេច (ជាន់) ប្រាកដមែន ពោលគឺមិនមែនជាករណីឃាតកម្មទេ ដោយមានស្លាកស្នាមជើងដំរីជាន់នៅចំ ណុចមុខ ជើង និងពោះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕