ភ្នំពេញ ៖ យុវជនជាកម្មកររោងចក្រម្នាក់ ទើបចេញពីធ្វើការ ទៅជុំគ្នាផឹកស៊ីជប់លៀងមិត្តភក្កិទិញម៉ូតូថ្មី លុះផឹកអស់ ១កំប៉ុង ក៏សុំទៅដេកមុន តែក្រោយមកមិត្តភក្តិ២នាក់ កាន់ស្រាបៀរ ៥កំប៉ុង មកផឹកជាមួយជនរងគ្រោះដល់បន្ទប់ជួល លុះផឹកអស់ ក៏ចែកផ្លូវគ្នាដេក ស្រាប់តែព្រឹកឡើង ដាស់ហៅជនរងគ្រោះមិនក្រក ក៏ទម្លាយទ្វារចូលមើល ប្រទះឃើញជនរងគ្រោះបានស្លាប់រឹងស្តូកទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២១ ក្នុងភូមិព្រៃព្រីងខាង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។យុវជនរងគ្រោះដែលដេកស្លាប់ មានឈ្មោះចូច ចននី ភេទប្រុស អាយុ១៨ឆ្នាំ ជាពោះម៉ាយ មុខរបរកម្មកររោង ចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកោះគ្របបាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ក្រោយពេលចេញមកពីធ្វើការរោងចក្រ ជនរងគ្រោះបានទៅចូលរួមផឹកស៊ីនៅបន្ទប់ជួលជាមួយមិត្តភក្តិរបស់ខ្លួន នៅជាន់ទី១ ក្បែរបន្ទប់ជួលរបស់ខ្លួន ដើម្បីអបអរមិត្តភក្តិដែលទើបតែទិញម៉ូតូថ្មី ដោយជុំគ្នាផឹកស៊ី សរុប៣នាក់។ បន្ទាប់ពីផឹកអស់ស្រាបៀរ ១កំប៉ុង បុរសរងគ្រោះបានសុំមិត្តភក្កិមកសម្រាកនៅក្នុងបន្ទប់របស់ខ្លួន តែម្នាក់ឯងវិញ ដោយប្រាប់ថាមិនស្រួលខ្លួន។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃដដែល មិត្តភក្កិទាំង២នាក់ បានយកស្រាបៀរ ចំនួន៥កំប៉ុង ទៅផឹកជាមួយជនរងគ្រោះ នៅបន្ទប់របស់ជនរងគ្រោះ បន្តទៀត ដោយគ្នា ៣នាក់ដដែល ផឹកស្រា ចំនួន៥កំប៉ុង។ លុះយប់ជ្រៅបន្តិច មិត្តភក្កិម្នាក់ដែលទើបតែទិញម៉ូតូថ្មីនោះ បានសុំផ្ញើម៉ូតូនៅបន្ទប់ជនរងគ្រោះ រួចហើយបានបែកគ្នាទៅសម្រាកនៅបន្ទប់ផ្សេងៗគ្នាបាត់ទៅ។

រហូតមកដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ មិត្តភក្តិបានមកគោះទ្វារហៅជនរង គ្រោះ ឱ្យបើកទ្វារ ដើម្បីយកម៉ូតូ តែមិន់ឆ្លើយ ទើបទូរស័ព្ទទៅសួរ តែហៅចូលមិនមានអ្នកលើក ទើបនឹក សង្ស័យ ក៏នាំគ្នាគាស់ទ្វារបន្ទប់ ចូលទៅមើល ស្រាប់តែប្រទះឃើញបុរសរូបនោះដេកស្លាប់បាត់ទៅហើយ មិនដឹងថាស្លាប់តាំងពីថ្មើរណា ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ)។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

