Wednesday, January 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចទូរស័ព្ទមិត្តភក្តិ បាញ់លុយ១៨០ដុល្លារ ជាប់---/ខ្នោះ

លួចទូរស័ព្ទមិត្តភក្តិ បាញ់លុយ១៨០ដុល្លារ ជាប់—/ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានមិត្តភក្តិតាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរង គ្រោះ ១គ្រឿង និងបានលួចបាញ់លុយចេញពីកុងធនាគាររបស់ជនរងគ្រោះអស់១៨០ដុល្លារ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចផ្សារព្រៃទា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។

ជនសង្ស័យ មានឈ្មោះគីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8747។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះបូ សុធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៥ ប្រពន្ធរបស់ខ្លួន បានរៀបចំខ្លួនចេញទៅធ្វើការរោងចក្រ ដូចសព្វដង ចំណែកខ្លួនកំពុងសម្រាកនៅក្នុងបន្ទប់ជួលម្នាក់ឯង។ លុះនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ខ្លួនបានភ្ញាក់ពីដេក រាវរកទូរស័ព្ទដែលទុកនៅក្បែរខ្លួន ស្រាប់តែបាត់ មិនដឹងថាត្រូវគេលួចតាំងពីថ្មើរណា។ ភ្លាមនោះ ខ្លួនបានយកទូរស័ព្ទមិត្តភក្តិ មកមើលទីតាំងទូរស័ព្ទរបស់ខ្លួន ក៏ឃើញលោតនៅកន្លែងកើតហេតុខាងលើ ទើបប្រញាប់នាំមិត្តភក្តិ៣នាក់ ជិះម៉ូតូតាមរក ក៏ប្រទះឃើញជនសង្ស័យដែលជាមិត្តភក្តិម្នាក់ ឈ្មោះគីម (ជនសង្ស័យ) កំពុងអង្គុយចុចទូរស័ព្ទរបស់ខ្លួន។ប្រភពដដែល បន្តថា ខណៈនោះ ខ្លួនបានយកទូរស័ព្ទមកឆែកមើល ទើបដឹងថា បាត់លុយចំនួន១៨០ដុល្លារ ពីកុងធនាគារ។ បន្ទាប់ពីតាមទាន់ ជនសង្ស័យជាមិត្តភក្តិបានសារភាពថា ខ្លួនបានលួចយកទូរស័ព្ទនោះ និងបាញ់លុយចេញពិតប្រាកដមែន។

ក្រោយមក ជនសង្ស័យបានបាញ់លុយ ចំនួន១០០ដុល្លារ ត្រឡប់ទៅឱ្យជនរងគ្រោះវិញ។ ចំណែកលុយ ៨០ ដុល្លារទៀត គឺត្រូវជនសង្ស័យបាញ់ទៅឱ្យអ្នកផ្សេងបាត់ហើយ។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគបាលកាកាបទី២ ដើម្បីសាកសួរបន្ត។

លុះក្រោយមក ជនសង្ស័យបានសុំទោសនិងសុំសងលុយវិញ ដោយសាតែអ្នកទាំង២ ជាមិត្តភក្តិរាប់អានគ្នា និងជាអ្នកស្រុករស់នៅជាមួយគ្នាផង ទើបជនរងគ្រោះមិនបានប្តឹងផ្តល់ ហើយសុំសមត្ថកិច្ចធ្វើការអប់រំ រួចឲ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES