ភ្នំពេញ៖លី ម៉ារីណា បានធ្វើពិធីជប់លៀងធំខួបអាពាហ៍ ពិពាហ៍ គម្រប់១ឆ្នាំ កាលពីថ្ងៃទី១២ ខែ១ ឆ្នាំ២០២៥ ដោយហៅតារាស្និតស្នាលជាច្រើនទៅសាទរនាងនិងស្វាមី។អ្នករួមអាជីពបានហៅម៉ារីណា ថាពិតជាកំពូលអ្នកធ្វើកម្មវិធីមែន ព្រោះខួបកំណើតនាង ខួបកូនប្រុសស្រី ធ្វើជារៀងរាល់ឆ្នាំរហូតដល់មានអ្នកខ្លះថាទៅកម្មវិធីនាងជាលើកទី១០០នោះ ឥឡូវម៉ារីណា បន្ថែមកម្មវិធីមប្រចាំឆ្នាំមួយទៀតនោះគឺខួបអាពាហ៍ ពិពាហ៍ ដែលពិធីនេះនាងអាចនឹងធ្វើជារៀងរាល់ឆ្នាំផងដែរ ។

លី ម៉ារីណា ទទួលបានសារជូនពរច្រើនជាងគេថ្ងៃខួបស្នេហ៍១ឆ្នាំ នោះគឺឲ្យនាងនិងស្វាមីស្រលាញ់គ្នាដល់ចាស់កោងខ្នង ។ប៉ុន្ដែទន្ទឹមនិងនោះមិត្តភក្ដិជិតដិតនាងបំផុតក៍ជម្រុញឲ្យនាងយកកូនភ្លោះបានឆាប់ៗផងដែរ បន្ទាប់ពីបរាជ័យពពោះកូនដំបូងនៅឆ្នាំ២០២៤ (ឆ្នាំម្សាញ់ ) ។ការដែលអ្នករួមអាជីពតឿនម៉ារីណា ឲ្យយកកូនម្ដង២នោះដោយសារតែគេគិតថាពេលនេះស្វាមីនាងស្រលាញ់និងថ្នាក់ថ្នមម៉ារីណា គ្រប់បែបយ៉ាងទាំងអស់ ហេតុនេះបើមានកូនប្រាកដជាលោកច័ន្ទសារ ផ្គាប់ចិត្តនាងទ្វេដងជាមិនខាន ។

សូមរំលឹកថាលី ម៉ារីណា បានរៀបការជាមួយលោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ ថ្ងៃទី១២ ខែ១ ឆ្នាំ២០២៤ ដែលក្រោយរៀបការរួចនាងមានកូនពីរនាក់គឺកូនប្រុសនាងជាមួយអតីតស្វាមីសាត ចាន់ថន ឈ្មោះសាត ថៃសាន់ អាយុ១១ឆ្នាំនិងកូនក្រមុំលោកទៀង ច័ន្ទសារ ដែលនាងចាត់ទុកដូចកូនបង្កើតនាងដែរ ។ប៉ុន្ដែទាំងម៉ារីណា និងស្វាមីសុទ្ធតែចង់បានកូនថែមឆាប់ៗនេះដូចគ្នា តែរៀបការ១ឆ្នាំម៉ារីណា ដែលមានវ័យចូល៤៤ឆ្នាំ នោះមិនទាន់ពពោះកូនដំបូងជាមួយលោកច័ន្ទសារ ឡើយ ហើយគេជឿថានៅឆ្នាំ២០២៥ នេះបំណងធំរបស់ពួកគេគឺការយកកូនឲ្យខាងតែបាន ។


គេកត់សម្គាល់ថាលី ម៉ារីណា ទោះជាតារារួមអាជីពហៅថា«ជំទាវៗ » ក្ដីប៉ុន្ដែនាងនៅតែបន្ដការកស៊ីលក់អ៊ឺវ៉ាន់តាមOnline ដូចមមុនដដែល តែបានបន្ថយអាជីពសម្ដែងពោលគឺនាងថាក្នុង១ឆ្នាំទទួលថតតែមួយរឿងប៉ុណ្ណោះ ។ម៉ារីណា មានអារម្មណ៍កក់ក្ដៅខ្លាំងណាស់ក្រោយក្លាយទៅជាភរិយាលោកអធិការនគរបាល ខណ្ឌដូនពេញ ហើយស្វាមីថែមទាំងធ្លាប់ប្រកាសរក្សារស្នេហាមួយនេះជារៀងរហូតទៀតផង ដែលមានន័យថាម៉ារីណា ធ្លាប់បរាជ័យស្នេហា២លើកមុនចាប់ដៃលោកច័ន្ទសារ នោះជីវិតស្នេហានាងនឹងបិទបញ្ចប់ត្រឹមជាភរិយាលោកអធិការនេះហើយ ។


ក្រៅពីលី ម៉ារីណា តារាដែលចង់បានកូនភ្លោះតែមិនទាន់បានដូចចិត្តមានដូចជានាងនៅ សុនិតា ,ហ៊ិន ច័ន្ទនីរ័ត្ន និងគង់ សុជាតិ ជាដើម ។សម្រាប់ម៉ារីណា វិញនាងតែងតែទទួលបានកាដូពិសេសពីស្វាមីឲ្យតែនាងរៀបចំកម្ម វិធីដូចជានៅថ្ងៃខួបគកម្រប់អាយុ៣៣ឆ្នាំ កាលពីឆ្នាំ២០២៤ លោកច័ន្ទសារ ទិញរថយន្ដទំនើបមួយគ្រឿងឲ្យនាងសម្រាប់ជិះកម្សាន្ដ ខណៈដែលនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់១ឆ្នាំនេះក្រៅពីបង្ហាញក្ដីស្រលាញ់ពេញបេះដូងមានព័តមានថាប្ដីនាងក៍ឲ្យកាដូពិសេសទៅប្រពន្ធផងដែរ ។


គេចាំមើលថាឆ្នាំ២០២៥ នេះលី ម៉ារីណា យកកូនភ្លោះបានជោគជ័យ ឬអត់ ?

