ភ្នំពេញ ៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុនម៉ារីថាម គ្រុប ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា អំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីអតីតអ្នកឧកញ៉ារូបនេះ បានគេចខ្លួនទៅក្រៅប្រទេស និងត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសមោឃ ភាពលិខិតឆ្លងដែន។ ក្រោយការចាប់ខ្លួន លោកហេង សិទ្ធី ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ដើម្បីអនុវត្តតាមនីតិវិធី។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ទៅកាន់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតា របស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។
ជុំវិញរឿងនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ ខណៈដែលអាជ្ញាធរកម្ពុជា ក៏បានស្នើសុំប៉ូលិសអន្តរជាតិ អាំងទែរប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬនិវេទន៍ក្រហម ដើម្បីតាមចាប់ខ្លួន ។

ក្រោយការចេញដីការបស់តុលាការ និងការស្នើសុំរបស់អាជ្ញាធរកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការណែនាំដល់ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេស អំពីការប្រកាសមោឃភាពលិខិតឆ្លងដែនរបស់ឈ្មោះ ហេង សិទ្ធី។
តាមសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតា លេខ NO1309414 របស់ឈ្មោះហេង សិទ្ធី (Heng Sithy) ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅប្រទេសកម្ពុជា ។
ដោយឡែក ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា ពិតជាមានការចាប់ខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ក្នុងប្រទេសរុស្ស៊ី និងថាពេលនេះ ភាគីកម្ពុជា និងរុស្ស៊ី កំពុងសហការអនុវត្តនីតិវិធី បញ្ជូនបុគ្គលហេង សិទ្ធី ពីប្រទេសរុស្ស៊ី មកកម្ពុជា ដើម្បីកាត់ទោសតាមច្បាប់ ។

គួរបញ្ជាក់ថា ក្នុងខណៈរស់នៅក្រៅប្រទេស កាលពីអំឡុងឆ្នាំ២០២៤ និងមុនត្រូវបានចាប់ខ្លួននៅក្បែរប្រទេសរុស្ស៊ី នៅខែមករា ឆ្នាំ២០២៥ នេះ អតីតអ្នកឧកញ៉ាហេង សិទ្ធី បានចេញមុខនិយាយពីបញ្ហាឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងកើតឡើងយ៉ាងគំហុក ដោយបានចោទប្រកាន់ឈ្មួញ ជាជនជាតិចិន និងអ្នកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោកហេង សិទ្ធី បានប្តឹងលោកគួច ចំរើន អភិបាលខេត្តកណ្តាល និងប្តឹងលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម ហាផ្ទៃ និងលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមទាំងលោកនាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពីបទប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក ជាថ្នូរមិនព្រមបង្ក្រាបករណីឧក្រិដ្ឋកម្ម និងការពារឧក្រិដ្ឋជនអនឡាញ ៕ កុលបុត្រ