Thursday, January 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គេពឹងជួយលក់ឡាន បានលុយ រត់បាត់

 គេពឹងជួយលក់ឡាន បានលុយ រត់បាត់

ភ្នំពេញ ៖ រថយន្ត RANG ROVER ១គ្រឿង ត្រូវបានម្ចាស់ពឹងឱ្យបុរសម្នាក់ ជាជាងជួសជុលរថយន្ត ជួយលក់ បានតែលុយកក់ ចំនួន៥០០ដុល្លារ តែដល់ពេលបានលុយគ្រប់ចំនួន ជនសង្ស័យមិនប្រគល់ឱ្យទៅម្ចាស់ បែជាវេចលុយរត់គេចខ្លួនបាត់ជាច្រើនថ្ងៃ ធ្វើឱ្យម្ចាស់រថយន្តទ្រាំមិនបាន ក៏ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយស្រាវ ជ្រាវ។

ភាគីរងគ្រោះ មានឈ្មោះហុម រ៉ាយូ ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ផ្ទះលេខ២០ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រែវែង ខណ្ឌដង្កោ។ ចំណែករថយន្តដែលជនសង្ស័យយកទៅលក់បាត់នោះ ម៉ាក RANG ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9099។ ចំណែកភាគីជនសង្ស័យ មានឈ្មោះណូត ម៉ាច ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋាន AUTOFIK ផ្លូវ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំង ចំរេះ១ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិអង្គតាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមបណ្តឹងរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ គាត់បានប្រកាសលក់រថយន្ត តាមបណ្តាញសង្គម លុះដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យបានទាក់ទងតាមលេឡេក្រាម ប្រាប់ថា មានគេរកទិញ ជនរងគ្រោះបានប្រាប់ដែរ លក់តម្លៃ ៧០០០ដុល្លារ ព្រមព្រៀងគ្នាហើយ បើកយករថយន្តទៅទុកនៅយានដ្ឋានរបស់ជនសង្ស័យ។ លុះដល់វេលាល្ងាច ជនសង្ស័យឆាតប្រាប់ថា រថយន្តលក់ហើយ សុំ៥០០ដុល្លារ ជនរងគ្រោះក៏យល់ព្រមដែរ ស្រាប់តែដល់វេលាម៉ោង ៧និង៥៩នាទីយប់ ថ្ងៃដដែល ជនសង្ស័យបាញ់លុយចំនួន ៥០០ដុល្លារ ឱ្យទៅម្ចាស់រថយន្ត ដោយប្រាប់ថា ជាលុយកក់ នៅខ្វះ ៦៥០០ដុល្លារទៀត រង់ចាំកាត់ឈ្មោះរួចហើយសិន និងសុំយកឯកសាររថយន្ត ដើម្បីយកទៅផ្ទេរកាត់ឈ្មោះ។

ក្រោយពីលក់រថយន្តបានត្រឹមលុយកក់ ចំនួន៥០០ដុល្លារ ឯកសារប្រគល់ឱ្យគេអស់ ទន្ទឹងរង់ចាំលុយបង្គ្រប់ បាត់ឈឹងយូរទៅគ្មានដំណឹង ទាក់ទងលែងបាន ទៅតាមរកមើលដល់យានដ្ឋាន ក៏មិនឃើញ ដឹងថាចាញ់ បោកគេហើយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះ១ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរក៕

RELATED ARTICLES