ភ្នំពេញ ៖ រថយន្តទំនើប TESLA CYBERTRUCK ១គ្រឿង បានបើកឡើងខឿនរបាំងថ្មពុះចែកផ្លូវ បណ្តាលឱ្យបែកកង់ ទៅមុខលែងរួច តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ផ្លូវលេខ១១៣ ក្នុងបរិវេណបឹងកក់ ក្បែរសួន ONE PARK ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសបរទេសម្នាក់ បានបើកបររថយន្តទំនើប ១គ្រឿង ម៉ាក TESLA CYBERTRUCK បិតពណ៌ស្វាយ ពាក់ស្លាកលេខ កម្ពុជា LBT.CARS ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៣ ក្នុងបរិវេណបឹងកក់ ទិសដៅពីត្បូង ទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែបានរេចង្កូតបុកខឿនរបាំងថ្មពុះចែកផ្លូវ បង្កការខូចខាត ដោយរថយន្តបានបែកកង់ក្រោយខាងស្តាំ ទៅមុខលែងរួចតែម្តង។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ហើយក្រោយពេលបុករួច ម្ចាស់រថយន្តបានគេចចេញពីទីតាំងកើតហេតុបាត់ ដោយទុករថយន្តចោល។

ក្រោយកើតហេតុ ភាគីរថយន្ត បានសងសំណងការខូចខាតទៅកាន់ម្ចាស់ទីតាំង រួចបានហៅរថយន្តស្ទូចយករថយន្តរបស់ខ្លួន ទៅជួសជុលដោយខ្លួនឯង៕

