ភ្នំពេញ៖ស្រីស្រស់រ៉េត ស៊ូហ្សាណា ទៅដើរកម្សាន្ដនៅប្រទេសកូរ៉េខាងត្បូងថ្មីៗនេះដែលនាងថាចំរដូវត្រជាក់ខ្លាំងដល់ទៅ-7 អង្សារ ។តែដំណើរកម្សាន្ដក្រៅស្រុកលើកនេះក៍ដូចជាលើកមុនដែរលនាងទៅប្រទេសផ្សេងៗដែរពោលគឺហ្សាណា មិនប្រាប់ថានាងរួមដំណើរជាមួយអ្នកណាឡើយ ។អ្វីដែលគួរឲ្យកត់សម្គាល់ក្រោយដើរចេញពីហង្សមាសជាង៥ខែនេះស៊ូហ្សាណា មិនដូចពីមុនទេ ពោលគឺបទចម្រៀងថ្មីៗនាងមិនសូវត្រូវបានគេនិយមយកទៅចាក់ ឬមានអ្នកច្រៀងតាមPub ឬហាងដូចកាលនាងច្រៀងនៅហង្សមាសដែលល្បីបទ«ឈប់ » ,«ប្រយោគស្នេហ៍ » និង«សង្ស័យ »នោះឡើយ បើទោះជាតាំងពីមកដល់ផលិតកម្មបារមី នាងចេញបាន៣បទគឺ«Lost »,«Better Off » និងបទ«ស្រ្ដីសេរី » ហើយថៅកែផ្ដល់សិទ្ធិពិសេសឲ្យនាងអាចនិពន្ធMelody និងធ្វើជាអ្នកដឹកនាំសម្ដែង(Director) ខ្លួនឯងក្ដី ។រឿងដែលគួរឲ្យចាប់អារម្មណ៍នោះហ្សាណា ដែលធ្លាប់តែចេញមុខច្រៀងរាំតាមConcerts ធំៗស្ទើរាល់ថ្ងៃនៅរដូវក្ដៅនោះពេលនេះនាងមិនសូវមមាញឹកច្រើនឡើយ ។ប៉ុន្ដែតំណែងBA នៅក្រុមហ៊ុនមួយចំនួននាងនៅតែរក្សារបាន ។


ទោះជានាងស៊ូហ្សាណា ហាក់ពិបាកស្ទុះទៅមុខទៀតក្ដី ប៉ុន្ដែFan នៅតែរំពឹងថាតារាស្រីមានត្រេមុខស្រដៀងកូនកាត់ជប៉ុនរូបនេះអាចនឹងមានទីផ្សារចម្រៀងប្រែប្រួល ប្រសិនបើចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារារ៉េបវណ្ណដា ឬវិលទៅចាប់ដៃគូជាថ្មីជាមួយសុវត្ថិ មុនីនាគ កូនឧកញ៉ាព្រាប សុវត្ថិ ។តែរឿងនេះហាក់នៅជាប់គាំង ព្រោះហ្សាណា ត្រូវការពេលវេលាក្នុងការហាត់ច្រៀងរ៉េប ដើម្បីធ្វើដៃគូវណ្ណដា ខណៈដែលការចាប់ដៃជាមួយមុនីនាគ លើកទី២ មានភាគរយទាបបំផុត ដោយសារតែកូនកំលោះទី២របស់លោកឧកញ៉ាព្រាប សុវត្ថិ រូបនេះបានងាកទៅហាត់រាំ និងច្រៀងជាភាសារអង់គ្លេស គ្មានដំណឹងថារូបគេចូលបារមី តាមហ្សាណា ឡើយ ។បញ្ហានេះហើយធ្វើឲ្យហ្សាណា ប្រឈម«ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច » ព្រោះការច្រៀងដៃគូជាមួយវណ្ណដា មិនទាន់កំណត់ពេលវេលាច្បាស់លាស់ ហើយការចាប់ដៃគូជាមួយកូនឧកញ៉ាព្រាប សុវត្ថិ ម្ដងទៀតមិនអាចទៅរួច ។


គួរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ធ្លាប់ចាប់ដៃគូច្រៀងជាមួយលោកដួង វីរៈសិទ្ធ ,សុវត្ថិ មុនីនាគ និងលីម តិចម៉េង និងទទួលបានជោគជ័យ ត្រូវគេចាប់អារម្មណ៍ជាងគេគឺជាមួយកូនឧកញ៉ាព្រាប សុវត្ថិ តាមរយៈបទ«សុំខុសមួយយប់» រហូតគេសង្ស័យថាពួកគេទាំងពីរបង្កាត់ភ្លើងស្នេហាជាមួយគ្នាទៀតផង ។តែគួរឲ្យស្ដាយហ្សាណា និងមុនីនាគ ផ្អាកស្និតស្នេហ៍ជាមួយគ្នា២ឆ្នាំហើយ បន្ទាប់ពីលោកស្រីឡុង ស្រីមុំ ម្ដាយមុនីនាគ ប្រកាសកាលពីឆ្នាំ២០ ២២ ថាកូនកំលោះលោកស្រីគ្មានទំនាក់ទំនងស្នេហាជាមួយស៊ូហ្សាណា ទេ ។


មជ្ឈដ្ឋានមហាជនមើលឃើញថាតារាចេញពីហង្សមាសដូចជាពេជ្រ សោភា ,សុគន្ធ និសា និងវី ឌីណែត ជាដើម ពួកគេនៅតែចេញច្រៀងសម្ដែងឲ្យហង្សមាសជាធម្មតា ប៉ុន្ដែសម្រាប់រ៉េត ស៊ូហ្សាណា វិញគេមិនដែលឃើញនាងឡើងប៉ុស្ដិ៍ហង្សមាសទៀតឡើយជិតកន្លះឆ្នាំមកនេះ ទើបធ្វើឲ្យនាងប្រឈមបាត់សកម្មភាពសិល្បៈ ឬអាចនឹងប្រឈមធ្លាក់ប្រាក់ចំណូលខ្លះជាមិនខាន ព្រោះលែងសូវឡើងឆាក ។តែហ្សាណា ក្រោយទៅដល់បារមី នេះនាងបានចេញទៅដើរកម្សាន្ដនៅក្រៅស្រុកជាបន្ដបន្ទាប់ដែលនេះបញ្ជាក់ថានាងដើរចាយលុយ ឬមិនប្រឈមវិបត្តិសេដ្ឋកិច្ចទេ ទោះជាលែងសូវចេញមុខច្រៀងសកម្មដូចមុនក៍ដោយ ។ចំណែករឿងបេះដូងវិញស្រីស្រស់ធ្មេញចំពើសហ្សាណ វ័យ២៥ឆ្នាំ នេះបានលាក់ជិតឈឹងពោលគឺមិនដែលហ៊ានកៀកកើយបុរសណាជាចំហ ក្រៅពីសុវត្ថិ មុនីនាគ ឡើយ ខណៈដែលឪពុកម្ដាយនាងនៅតែដើរតាមស្រីស្អាតគ្រប់ជំហ៊ាន ទើបធ្វើឲ្យប្រុសចង់ឆក់ស្នេហ៍ លេងផ្លូវកាត់ បរាជ័យទាំងស្រុង ៕

