ខេត្តព្រះវិហារ ៖ ក្រុមការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានចុះបិទទីតាំងបន្ទប់ថែទាំជំងឺចំនួន២កន្លែង ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនឱ្យបើកដំណើរការជារៀងរហូត។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ទីតាំងសេវាសុខាភិបាលឯក ជន គ្មានច្បាប់អនុញ្ញាត ទាំង២កន្លែង ដែលបានបិទ ទី១-បន្ទប់ថែទាំជំងឺឈ្មោះកែប សុផល ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី២- បន្ទប់ថែទាំជំងឺឈ្មោះលី សេង ស្ថិតនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកបន្តថា ការចុះបិទនេះ ដើម្បីបង្ហាញថា ទីតាំងសេវាសុខាភិ បាលឯកជនមួយ មានច្បាប់ទម្លាប់ត្រឹមត្រូវ ពិសេសដើម្បីផ្តល់ភាពជឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានសំណូមពរដល់ម្ចាស់ទីតាំងសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវដាក់តាំងបង្ហា ញច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវរបស់ខ្លួន ឱ្យពលរដ្ឋបានឃើញ ដោយលោកលើកឡើងថា កាលដែលម្ចាស់ទីតាំងដាក់បង្ហាញច្បាប់អាជីវកម្មត្រឹមត្រូវ គឺជាការ ចំណេញរបស់គាត់ទៅវិញទេ ព្រោះប្រជាពលរដ្ឋពេលដែលគាត់ចូលមក ហើយមើលឃើញថា កន្លែងដែលគាត់មកទទួលសេវា គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ជាកន្លែ ងមួយដែលស្របច្បាប់ មានន័យថាកន្លែងហ្នឹងមានគុណភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះគាត់នឹងមិនព្រួយបារម្ភ ពេលមកទទួលសេវានៅកន្លែងយើងនោះទេ ហើយក៏ជាការបង្ហាញនូវការចូលរួមលុបបំបាត់សេវា សុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា សមាសភាពគណៈកម្មការលុប បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលគ្មានច្បាប់អនុញ្ញាត ដែលចុះបិទសេវាសុខាភិបាលឯកជនទាំង២ទាំងតាំងនេះ ដឹកនាំដោយលោកស្រី ប៉ាង រ៉ាវី អភិបាលរង ខេត្តព្រះវិហារ និងរូបលោកផ្ទាល់ ដោយមានការចូលរួមពីអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ នៃស្រុកជាំក្សាន្ត និងលោក លោកស្រីក្រុមការងារសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាច្រើនរូបទៀត។

ជុំវិញករណីនេះ ពលរដ្ឋសំណូមពរដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងផ្តល់សេវាសុខ ភាព ដល់ពលរដ្ឋជាច្រើនកន្លែង នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ ផង ដែលកំពុងដំណើរការជារៀងរាល់ថ្ងៃ៕
