ខេត្តកំពង់ស្ពឺ ៖ រថយន្ត ១គ្រឿង បើកបរដោយបុរសជនជាតិចិន រួមដំណើរជាមួយជនជាតិចិន៤នាក់ទៀត បើក បរនៅលើផ្លូវល្បឿនលឿន ស្រាប់តែបែកកង់ក្រោយ ធ្វើឱ្យរេចង្កូតទៅបុករនាំងដែកវិលច្រើនត្រឡប់ រងការខូច ខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវល្បឿនលឿន ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ K53+500 ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច។

រថយន្តដែលជួបគ្រោះថ្នាក់ ម៉ាក Lexus GS-300 ពណ៌ស បើកបរដោយឈ្មោះ ZHAO JUN ភេទប្រុស អាយុ៥២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EM2831090 ស្នាក់នៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជ ធានីភ្នំពេញ រួមដំណើរជាមួយជនជាតិចិន ៤នាក់ទៀត (ស្រី២នាក់) បានធ្វើដំណើរពីលិច ទៅកើត (ព្រះសីហនុ-ភ្នំពេញ) ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ត បានបែកកង់ក្រោយខាងស្តាំ បណ្តាលឱ្យរេចង្កូតទៅបុករនាំងដែកកណ្តាលទ្រូងផ្លូវ វិលច្រើនត្រឡប់ រងខូចខាតធ្ងន់ តែសំណាងល្អមិនមាន អ្នករងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ចុះទៅអន្តរាគមន៍ ស្ទូចយករថយន្តទៅរក្សាទុកនៅស្ថានីយកំពង់ស្ពឺកើត រង់ចាំដោះស្រាយពេលក្រោយ៕

