ខេត្តព្រះសីហនុ ៖ កម្មករសំណង់ចំនួន២ក្រុម ធ្វើការនៅការដ្ឋានជាមួយគ្នា ក្រោយពេលបើកលុយ ក៏ជួបជុំគ្នាស៊ីផឹក ២វង់ក្បែរៗគ្នា លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ចាប់ផ្តើមរាំរែកឌឺដាក់គ្នាចុះឡើង រហូតផ្ទុះជម្លោះ និងឈានដល់អំពើហិង្សា វាយតប់គ្នាផ្អើលពេញការដ្ឋាន សំណង់ និងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ បានចំនួន៩នាក់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចអគារការដ្ឋានសំណង់ធំ មួយកន្លែង តាមបណ្តោយផ្លូវប៉ូឡូវ៉ៃ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករសំណង់ ទាំង២ក្រុម ទើបនឹងបើកលុយ នាំគ្នាចូលលុយគ្នាទិញស្រា និងគ្រឿងក្លែម យកមកផឹកស៊ីយ៉ាងក្អាកក្អាយ ចំនួន២វង់ ក្បែរគ្នា។ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ភាគីទាំងសងខាង ចាប់ផ្តើមរាំរែកឌឺដងដាក់គ្នាចុះឡើង ក៏ឈានដល់ជម្លោះពាក្យសម្តី និងក្លាយជាអំពើហិង្សា ទាញកៅអីវាយ និងគប់ចាន កែវ ដាក់គ្នា ផ្អើលពេញការដ្ឋានសំណង់តែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលអធិការក្រុងព្រះសីហនុ បែកចែកកម្លាំងគ្នាជា២ផ្នែក ចូលស្រាវជ្រាវរកជនសង្ស័យដែលបានបង្កហិង្សា ដែលពួកគេក្រោយពីបង្កហិង្សាដាក់គ្នារួច បានរត់ចូលទៅកន្លែងសម្រាកក្នុងអគារការដ្ឋានខាងលើអស់។

ក្រោយពីចូលស្រាវជ្រាវស្វែងរកតាមមុខសញ្ញាជនសង្ស័យរួច កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ សរុប៩នាក់ នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី៕
