ខេត្តកំពង់ចាម ៖ បុរសម្នាក់ ខឹងខ្ចីម៉ូតូរបស់បងស្រីជិះ បងស្រីមិនឱ្យ ស្រាប់តែបែកគំនិតដុតផ្ទះបងស្រីចោល ធ្វើឱ្យរាលឆេះទាំងផ្ទះអ្នកជិតខាង បណ្តាលឱ្យខូចខាតអស់ចំនួន ២ខ្នង។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។
ជនបង្កហេតុដែលដុតផ្ទះបងស្រីខ្លួនឯងនេះ មានឈ្មោះ ជា រស់ ជាបុរសពោះម៉ាយ មានលំនៅក្នុងភូមិកើត ហេតុខាងលើ។ ចំណែកផ្ទះទាំង២ខ្នង ដែលរងការខូចខាត ទី១-ផ្ទះរបស់ឈ្មោះជា ផល ភេទស្រី អាយុ៥១ឆ្នាំ (បងស្រីរបស់ជនបង្កហេតុ) មានប្តីឈ្មោះឡាង ឡុង អាយុ៥៣ឆ្នាំ និងទី២-ផ្ទះរបស់ឈ្មោះចេង ផល ភេទស្រី អាយុ៥៣ឆ្នាំ។
លោកបាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ឱ្យដឹងថា ករណីអគ្គិភ័យនេះ មូលហេតុដោយសារប្អូនម្ចាស់ផ្ទះ ឈ្មោះជា រស់ ជាអ្នកដុត បណ្តាលឱ្យឆេះផ្ទះ ចំនួន២ខ្នង និងតូប១ខ្នង ក្នុងនោះ ទី១-ម្ចាស់ផ្ទះឈ្មោះជា ផល និងប្តីឈ្មោះ ឡាង ឡុង ខូចខាតផ្ទះទំហំ ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម៉ូតូ ១គ្រឿង ទូ១ សម្ភារៈប្រើប្រាស់មួយចំនួនទៀត គិតជាទឹកប្រាក់ប្រមាណ ៥លានរៀល។ ទី២-ម្ចាស់ផ្ទះឈ្មោះចេង ផល ខូច ខាត ផ្ទះទំហំ ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ ឆេះអស់ ៨០ភាគរយ និងសម្ភារៈប្រើប្រាស់មួយចំនួន គិតជាទឹកប្រាក់ ប្រមាណ ៤លានរៀល។
លោកអភិបាលស្រុក បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីលោកមេឃុំអារក្សត្នោត លោកបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចេញរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះទៅអន្តរាគមន៍ជួយពន្លត់ ដោយសហការជាមួយរថយន្តពន្លត់អគ្គិភ័យ របស់លោក សែម សុវណ្ណី ចំនួន១គ្រឿង កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលអារក្សត្នោត ចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ រហូតដល់ភ្លើងរលត់អស់ ១០០ភាគរយ នៅវេលាម៉ោង ១រសៀល ថ្ងៃដដែល ដោយមិនបណ្តាលឱ្យរបួសដល់មនុស្សនោះទេ។
ករណីខាងលើនេះ ជនបង្កហេតុ ក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់៕