Wednesday, January 22, 2025
Homeព័ត៌មានជាតិចង់បំផ្លាញសន្តិភាព បក្សកាន់អំណាចថា ងើប១ កម្ទេច១ ងើប២ កម្ទេច២

ចង់បំផ្លាញសន្តិភាព បក្សកាន់អំណាចថា ងើប១ កម្ទេច១ ងើប២ កម្ទេច២

ភ្នំពេញ ៖​ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់សាជាថ្មីថា ការឆ្លើយតបចំពោះសកម្មភាពចង់បំផ្លាញសន្តិភាព សន្តិសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ដាច់ខាតងើប១ កម្ទេច១ ងើប២ កម្ទេច២ ។ ជាមួយនេះ បក្សកាន់អំណាច បានលើកឡើងថា ការធ្វើបាតុកម្មហិង្សា ការបាញ់សម្លាប់អ្នកនយោបាយប្រឆាំង តែងកើតឡើងជាបន្តបន្ទាប់ ដែលជាល្បិចដដែលៗ «ស្វាស៊ីបាយ លាបមាត់ពពែ» របស់ពួកក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី ដើម្បីដាក់កំហុសលើបក្សកាន់អំណាច ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា បក្សកាន់អំណាច គ្មានហេតុផលអីសម្លាប់មនុស្ស ហើយដើម្បីខ្លួនឯងទទួលខុសត្រូវនោះទេ គឺបក្សកាន់អំណាច មានតែខិតខំថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ ដើម្បីសេចក្តីសុខប្រជាជនកម្ពុជា។ ការធ្វើបាតុកម្មហិង្សា ការបាញ់សម្លាប់អ្នកនយោបាយប្រឆាំង តែងកើតឡើងជាបន្តបន្ទាប់ ដើម្បីដាក់កំហុសលើបក្សកាន់អំណាច ដែលជាល្បិច «ស្វាស៊ីបាយ លាបមាត់ពពែ» ជាល្បិចដដែលៗរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ។ ដូច្នេះងើបមួយ កម្ទេចមួយ ងើប២ កម្ទេច២ គឺជាការឆ្លើយតបចំពោះសកម្មភាពចង់បំផ្លាញសន្តិភាព សន្តិសុខ និងសុភចមង្គលរបស់ប្រជាជនកម្ពុជា។

លោកសុខ ឥសាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថា “ អាជ្ញាយុកាលនៃបទឧក្រិដ្ឋមានពី១៥-២០ឆ្នាំ បើហួសរយៈពេលនេះ រឿងក្តីអាចត្រូវបិទបញ្ចប់ដោយតុលាការ។ ការស៊ើបអង្កេតនិងស្រាវជ្រាវបទឧក្រិដ្ឋ រកឃើញឬមិនឃើញ អាស្រ័យលើសាច់រឿងក្តី។ ការធ្វើបាតុកម្មហិង្សា ការបាញ់សម្លាប់អ្នកនយោបាយប្រឆាំង តែងកើតឡើងជាបន្តបន្ទាប់ ដើម្បីដាក់កំហុសលើបក្សកាន់អំណាច ដែលជាល្បិចស្វាស៊ីបាយ លាបមាត់ពពែ ដែលជាល្បិចដដែលៗរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។ គ្មានហេតុផលអីបក្សកាន់អំណាច សម្លាប់មនុស្ស ហើយដើម្បីខ្លួនឯងទទួលខុសត្រូវ បក្សកាន់អំណាច មានតែខិតខំថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ ដើម្បីសេចក្តីសុខប្រជាជនកម្ពុជា ។ ប្រទេសមានសន្តិភាពមែន តែគង់នៅមានបាតុភាពអសកម្មមួយចំនួនតិចតួច ចៀសមិនរួច នៅសហរដ្ឋអាមេរិក ដែលហៅថាប្រទេសមហាប្រជាធិបតេយ្យ ក៏គង់មានអំពើឃាតកម្ម ជាហូរហែមិនឈប់ដែរ។ ងើបមួយ កម្ទេចមួយ ងើប២ កម្ទេខ២ គឺជាការឆ្លើយតបចំពោះសកម្មភាពចង់បំផ្លាញសន្តិភាព សន្តិសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ។ ថាជារឿងនយោបាយ ប្រពន្ធលិម គិមយ៉ា នៅតែឯបារាំង មិនបានដឹងខ្យល់អីទេ ។ ឃាតកម្មកើតឡើងនៅថៃ ដោយឃាតករជាជនជាតិថៃ ហេតុអីមកចោទរាជរដ្ឋាភិបាលកម្ពុជា នៅឯភ្នំពេញ ទៅវិញ? ការពិតយ៉ាងណា មិនអាស្រ័យលើការយល់ឃើញរបស់បុគ្គលទេ តែវាអាស្រ័យលើលទ្ធផលនៃការសើបអង្កេតរបស់តុលាការ និងសមត្ថកិច្ចថៃ។ ការខិតខំភ្ជាប់អំពើឃាតកម្មលើលិម គិមយ៉ា មកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានភ័ស្តុតាងនិងឯកសារច្បាស់លាស់ទេ មិនអាចយកជាបានការទេ វាគ្រាន់តែជាការចោទប្រកាន់បែបនយោបាយ“ ។

ជុំវិញសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០៥ ថា លោកសុំមិនបកស្រាយ ឬឆ្លើយបញ្ជាក់បន្ថែមទេ ដោយសារកំពុងមានបញ្ហាសុខភាព មិនល្អ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។

គួររំលឹកថា នៅក្នុងសន្និសីទស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានលើកឡើងស្រដៀងនឹងការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅពេលនេះដែរថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំងណាស់ ទប់ទល់គ្រប់ឧបាយកលដែលចង់បំផ្លាញសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយដើម្បីសេចក្តីសុខរបស់ប្រជាជន។

លោកប៉ែន បូណា បានគូសបញ្ជាក់នៅពេលនោះថា រាជរដ្ឋាភិបាល ឈរយ៉ាងរឹងមាំក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ បូរណភាពទឹកដី ជាក់ស្តែងដូចពេលថ្មីៗនេះ មានចលនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលបង្កឡើងដោយក្រុមប្រឆាំងជ្រុលនិយម ប៉ុន្តែពួកគេមិនអាចធ្វើទៅរួចនោះទេ។ លោកព្រមានថា ពួកប្រឆាំងជ្រុលនិយម កុំចង់សាកល្បងប្រឆាំងសន្តិភាព ប្រឆាំងស្ថិរភាពនយោបាយឱ្យសោះ ព្រោះមិនអាចធ្វើទៅរួចទេ ដោយសាររាជរដ្ឋាភិបាល ឈរការពារយ៉ាងរឹងមាំ ដើម្បីសេចក្តីសុខរបស់ប្រជាជន ។

ដោយឡែក ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានរិះគន់លោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅប្រទេសបារាំង ថាមួយថ្ងៃៗឃើញតែបំផុសបំផុលរឿងផ្តួលរំលំរាជរដ្ឋាភិបាល និងបានយកករណីឃាតករលើលោក លិម គិមយ៉ា ដើរតួជាតុលាការកំពូល កាត់ទោសរួចបាត់ទៅហើយថា រដ្ឋាភិបាល ជាអ្នកធ្វើឃាត។ សម្ដេច បានលើកឡើងថា រាជរដ្ឋាភិបាល មិនគាំទ្រឱ្យមានការបាញ់ប្រហារដូចករណីលោក លិម គិមយ៉ា នោះទេ។ សម្តេច ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ ប៉ុន្តែសម្តេច បានស្នើដល់អ្នកនយោបាយទាំងអស់ កុំយកឃាតកម្មនេះ ធ្វើជាអាជីវកម្ម ដើម្បីកេងចំណេញនយោបាយលើសព ដូចធ្លាប់ធ្វើកន្លងទៅ ព្រោះបញ្ហានេះ ជារឿងអយុត្តិធម៌សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលរឿងទើបនឹងចាប់ផ្តើម មិនទាន់ស៊ើបអង្កេតផង ក៏ត្រូវបានគេចោទប្រកាន់ទម្លាក់កំហុសរួចទៅហើយ ព្រមទាំងបិទផ្លូវតវ៉ាថែមទៀត ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅពេលនោះថា «តើចាំបាច់ល្ងង់ទេ ប្រសិនបើខ្លួនជាអ្នករៀបចំផែនការ ចាំបាច់មានការឃាត់ខ្លួនជនដៃដល់ហើយបញ្ជូនទៅឱ្យថៃ យើងអាចលាក់ទុក ឬមួយក៏មិនបាច់បញ្ជូនទៅទេ ស៊ើបខ្លួនឯងទៅ តែដើម្បីភាពស្អាតស្អំ ដើម្បីតម្លាភាព យើងក៏បញ្ជូនទៅឱ្យថៃ ឱ្យគេស្រាវជ្រាវទៅ ហើយឱ្យយើងដឹងផងថា លទ្ធផលយ៉ាងម៉េច ព្រោះរដ្ឋាភិបាលកម្ពុជា ក៏ចង់ដឹងដែររឿងអី ព្រោះដើម្បីរក្សាភាពស្អាតស្អំរបស់យើង យើងមិនបានពាក់ព័ន្ធ តែគេចោទយើង បើយើងធ្វើខ្លួនឯងទោះជាសុក្រឹតយ៉ាងណាក៏គេចោទយើងដែរ អីចឹងឱ្យថៃ ធ្វើទៅ ឥឡូវធ្វើមិនដូចចិត្តគេៗជេរដោយទាំងថៃទៀត» ។

គួរបញ្ជាក់ថា មកដល់ពេលនេះ អាជ្ញាធរកម្ពុជា នៅមិនទាន់ចាប់ខ្លួនបានជនសង្ស័យជាជនជាតិខ្មែរ ទាំងពីររូប ពាក់ព័ន្ធករណីឃាតកម្មលើលោកលិម គិមយ៉ា អតីតសមាជិកគណបក្សប្រឆាំងកម្ពុជា ដែលតុលាការថៃ បានចេញដីកាចាប់ខ្លួន គឺឈ្មោះ ពេជ្រ គីមស្រ៊ិន និងឈ្មោះ លី រតនរស្មី បញ្ជូនឱ្យអាជ្ញាធរថៃ ដើម្បីអនុវត្តនីតិវិធីនៅឡើយ ។ ទោះបីជាយ៉ាងនេះក្ដី ប៉ូលិសថៃ បានស្នើទៅប៉ូលិសអន្តរជាតិ (Interpol) ដើម្បីសុំការសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរ ទាំងពីរនាក់នេះរួចហើយ។

លោកស្រី អានី ម៉ារី លិម ភរិយាលោក លិម គិមយ៉ា បានចាត់ទុកឃាតកបាញ់សម្លាប់ស្វាមីរបស់លោកស្រី ជារឿងនយោបាយ មិនមែនជារឿងគំនុំ ឬរឿងបុគ្គលឡើយ ខណៈដែលប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងក្រុមគ្រួសាររបស់លោក លិម គិមយ៉ា ទាមទារឱ្យតុលាការថៃ និងរដ្ឋាភិបាលបារាំង វែកអ្នកពាក់ព័ន្ធនិងអ្នកនៅពីក្រោយឃាតកម្មនេះ យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនលោក លិម គិមយ៉ា និងក្រុមគ្រួសារជនរងគ្រោះ៕ កុលបុត្រ

RELATED ARTICLES