ខេត្តកោះកុង ៖ អូរទឹកវេទ ជាទឹកធ្លាក់ធម្មជាតិ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត ខេត្តកោះកុង ដែលមានចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ និងប្រហែល ២១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ និង៤៨ ។ ប៉ុន្តែដើម្បីទៅដល់ទីនោះ ត្រូវបន្តដំណើរ ៩គីឡូម៉ែត្រទៀត ពីសហគមន៍ជីផាត ដោយជិះម៉ូតូ កង់ និងត្រូវដើរថ្មើរជើង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកធ្លាក់ អូរទឹកវេទ បានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយ នៅខេត្តកោះកុង ដោយបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្ត និងបានសរសើរថា ទឹកធ្លាក់ អូរទឹកវេទ ពិតជាស្រស់ស្អាត មានរាងជាចំណិតព្រះចន្ទ ។
អ្នកស្រី ឃុយ លីដា សមាជិកសហគមន៍អេកូទេសចរណ៍ជីផាត ទទួលបន្ទុកផ្នែកបម្រើសេវាកម្ម (ទទួលភ្ញៀវ) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ថា ការដែលអ្នកទេសចរ នាំគ្នាហៅទឹកធ្លាក់ អូរទឹកវេទ ស្រស់ស្អាត មានរាងជាចំណិតព្រះចន្ទ ដោយសារទឹកធ្លាក់ អូរទឹកវេទ នេះជារបៀបធម្មជាតិសុទ្ធតែម្ដង អត់មានការកែច្នៃពីមនុស្សទេ គឺជាទម្រង់ថ្មកោង នៅខែវស្សា ពេលទឹកហូរ មើលទៅឃើញរាងកោងដូចចំណិតព្រះចន្ទ ។
ក្នុងចំណុចនេះ អ្វីដែលជាភាពទាក់ទាញរបស់ទឹកធ្លាក់អូរទឹកវេទ គឺនៅខែវស្សា មានទឹកច្រើន ធ្វើឲ្យធម្មជាតិនៅជុំវិញ មានភាពបៃតងស្រស់ ហើយថ្មដែលទឹកហូរធ្លាក់ពីលើនោះ មិនមែនជាថ្មដាទេ គឺជាថ្មដុបតូចៗ ដូចថ្មបាយក្រៀម តែមានពណ៌ខ្មៅ និងរឹងជាងថ្មបាយក្រៀម ។
អ្នកស្រីឃុយ លីដា បញ្ជាក់ថា ភាពអំណោយផលសម្រាប់ទឹកធ្លាក់ អូរទឹកវេទ គឺខែវស្សា ដែលភ្ញៀវទេសចរ អាចទៅដល់ទឹកធ្លាក់លាក់កខ្លួនក្នុងធម្មជាតិនោះបាន តាមរយៈការជិះកង់ ម៉ូតូ និងរថយន្តភិកអាប់ (ឡានខ្ពស់) ។ អ្នកស្រី បន្តថា សម្រាប់ផ្លូវនៅខែវស្សា មានកន្លែងខ្លះស្រួល កន្លះពិបាក ប៉ុន្តែមិនពិបាករហូតមិនអាចធ្វើដំណើរទៅបានទេ គឺឡាន ម៉ូតូ កង់ អាចធ្វើដំណើរទៅបាន ។
ចំពោះចំនួនភ្ញៀវទេសចរ ជាប្រចាំថ្ងៃ អ្នកស្រីឃុយ លីដា បញ្ជាក់ថា មិនអាចកំណត់បានទេ ប៉ុន្តែជាការកត់សម្គាល់ សម្រាប់ភ្ញៀវបរទេស មានច្រើនគួរសមដែរ ដោយសារភ្ញៀវទេសចរបរទេសទាំងនោះ បានមកទទួលយកកញ្ចប់សេវាកម្មរបស់សហគមន៍ ដែលអាចឲ្យពួកគាត់មិនត្រឹមតែបានទៅលេងទឹកធ្លាក់ អូរទឹកវេទ ប៉ុណ្ណោះទេ តែបានចូលមើលរោងប្រចៀវ ផ្លូវទៅកាន់អូរទឹកវេទ ផងដែរ ។
យ៉ាងណា ទាក់ទងនឹងតម្លៃសេវាកម្មធ្វើដំណើរចេញពីសហគមន៍អេកូទេសចរណ៍ជីផាត ទៅលេងទឹកធ្លាក់ អូរទឹកវេទ ខាងសហគមន៍ បានកំណត់តម្លៃរួចជាស្រេច គឺសម្រាប់អ្នកនាំផ្លូវ (Guide) ក្នុង១ថ្ងៃ ១៨ដុល្លារ ។ សម្រាប់ការជួលកង់១ ក្នុង១ថ្ងៃ ១០ដុល្លារ សម្រាប់ម៉ូតូ ១ ក្នុង១ថ្ងៃ ១២,៥ដុល្លារ សម្រាប់ការជួលទូកតូច១ ក្នុង១ថ្ងៃ ៣០ដុល្លារ និងទូកធំ ៤០ដុល្លារ ។ មិនតែប៉ុណ្ណោះ សម្រាប់អាហារពេលព្រឹក ម្នាក់២,៥០ដុល្លារ និងសម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ម្នាក់ ៣,៥០ដុល្លារ ។ អាហារនេះ ភ្ញៀវអាចញ៉ាំនៅក្នុងសហគមន៍ក៏បាន អាចវេចខ្ចប់ទៅញ៉ាំនៅទឹកធ្លាក់ អូរទឹកវេទ ឬនៅកន្លែងផ្សេងៗក្នុងតំបន់អេកូទេសចរណ៍ជីផាត នេះក៏បាន ។
នៅទឹកធ្លាក់ អូរទឹកវេទ មានកន្លែងសម្រាប់បោះតង់ មានគ្រែ៣ ចងតង់ពីលើ និងមានបន្ទប់ទឹកមួយ ហើយភាគច្រើនភ្ញៀវទេសជាតិ ដែលជិះម៉ូតូ ឡាន ទៅខ្លួនឯង មិនតាមរយៈសហគមន៍ ចូលចិត្តសម្រាកពេលរាត្រីនៅទីនោះ ព្រោះអាចឲ្យពួកគាត់ទទួលបានផាសុកភាពពីខ្យល់អាកាសបរិសុទ្ធ និងភាពត្រជាក់នៃចំហាយទឹកធ្លាក់ធម្មជាតិ ។ ចំណែកភ្ញៀវបរទេសភាគច្រើនទៅហើយ ត្រលប់មកវិញ ឬមកសម្រាកនៅកន្លែងសហគមន៍ ដែលស្ថិតនៅក្នុងភូមិ ។
គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ។
ជីផាត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងទាក់ទាញនៃខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាត មានភូមិឋាន ចម្ការច្បារដំណាំ ឈើហូបផ្លែ ទីតាំងបុរេប្រវត្តិជាច្រើនកន្លែង ដែលមិនអាចដើរមួយថ្ងៃសព្វ។
នៅតំបន់អេកូទេសចរណ៍ជីផាត ភ្ញៀវទេសចរ អាចជិះទូក ចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រចៀវ ផងដែរ ។ ម៉្យាងវិញទៀត ភ្ញៀវទេសចរ ក៏អាចសម្រាកបោះតង់ គយគន់ស្តាប់សំឡេងទឹកធ្លាក់ នៅក្នុងព្រៃដ៏ស្ងប់ស្ងាត់ ប្រៀបបានជាទិដ្ឋភាពក្នុងរឿងនិទាន ជាពិសេសក្រៅពីទឹកធ្លាក់ អូរទឹកវេទ ក៏នៅមានទឹកធ្លាក់ជាច្រើនទៀត ដូចជា អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃ ជាដើម ។
បើតាមអ្នកស្រីឃុយ លីដា បានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ជីផាត មានបម្រើសេវាកម្មទូក ម៉ូតូ គោយន្ត សេវាកម្មចុងភៅភូមិ សេវាកម្មចុងភៅព្រៃ សេវាកម្មនាំភ្ញៀវ សេវាកម្មស្នាក់នៅ ៣ប្រភេទ រួមមានផ្ទះស្នាក់ មានតម្លៃ ៥ដុល្លារ ក្នុង១យប់ អាចគេងបាន ២នាក់ ផ្ទះសំណាក់ តម្លៃ ៧ដុល្លារ ដល់ ១០ដុល្លារ និងបឹងកាឡូ មានតម្លៃ ១៥ដុល្លារ ដល់ ៥០ដុល្លារ សម្រាប់កង្ហារ និងម៉ាស៊ីនត្រជាក់ ។
អ្នកស្រីឃុយ លីដា ក៏បានឲ្យដឹងដែរថា ចំណូលរបស់សហគមន៍អេកូទេសចរណ៍ ជីផាត ភាគច្រើនបានពីភ្ញៀវបរទេស ដែលមកទទួលកញ្ចប់សេវកម្មពេញ ពីសហគមន៍តែម្ដង ទាំងការស្នាក់នៅ ទាំងការកម្សាន្តនៅក្នុងព្រៃ ទាំងការធ្វើដំណើរទៅវិញទៅមក។ រីឯភ្ញៀវខ្មែរ (ភ្ញៀវជាតិ) ភាគច្រើនមកលេងតែថ្ងៃសៅរ៍-អាទិត្យ ហើយពុំសូវទទួលយកសេវាកម្មស្នាក់នៅ ។
យ៉ាងណា តំណាងឲ្យសហគមន៍អេកូទេសចរណ៍ជីផាត អ្នកស្រីឃុយ លីដា សំណូមពរបន្ថែមទៀតដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បើចង់មកលេងទឹកធ្លាក់ អូរទឹកវេទ និងរមណីយដ្ឋានផ្សេងៗទៀត ក្នុងតំបន់អេកូទេសចរណ៍ជីផាត សូមលេងតាមរយៈសហគមន៍ ឬប្រើប្រាស់សេវាកម្មរបស់សហគមន៍ មានដូចជា មគ្គុទេសក៍នាំផ្លូវ (Guide) ជួលកង់ ជួលម៉ូតូ ជាដើម ដើម្បីបានប្រាក់ចំណូលមកជួយទ្រទ្រង់ជីវភាពរបស់ប្រជាជនដែលជាអ្នកបម្រើសេវាកម្មរបស់សហគមន៍ ដែលក្នុងសហគមន៍ជីផាត មានប្រជាជនជាង ៧០០គ្រួសារ និងក្នុង ១គ្រួសារ មាន១នាក់ ប្រើប្រាស់សេវាកម្មរបស់សហគមន៍ ប៉ុន្តែមិនមែនមានន័យថា មានគ្រប់ទាំង៧០០គ្រួសារទេ គ្រាន់តែគ្រួសារខ្លះ ទទួលបានចំណូលដោយប្រយោលពីសហគមន៍ ដូចជាការលក់ដូរ នៅពេលមានភ្ញៀវមកកម្សាន្ត ជាដើម ៕ កុលបុត្រ