កីឡាករប្រដាល់អង់គ្លេសអានតូនី ចូសួនឹងឡើងសង្វៀនប្រកួតការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកស្ថាប័ន IBFរបស់ខ្លួនប្រឆាំងនឹងកីឡាករអ៊ុយក្រែនវ្ល៉ាឌីមៀ ឃ្លីតស្កូ នៅថ្ងៃទី២៩ ខែមេសាខាងមុខ ។ ការប្រកួតគ្រោងនឹងរៀបចំនៅសង្វៀន Wembley Stadium ស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។
ចូសួវ័យ២៧ឆ្នាំ មានប្រវត្តិប្រកួត ១៨លើក មិនដែលចាញ់ និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់បានទាំង១៨លើក ។ ប្រកួតលើកចុងក្រោយនៅសង្វៀន Manchester Arena កាលពីថ្ងៃ១០ធ្នូ ឆ្នាំកន្លងទៅគឺយកឈ្នះកីឡាករអាមេរិកអេរីក ម៉ូលីណាដោយបច្ចេកទេសក្នុងទឹកទី៣ ។ កីឡាកររូបនេះបានក្លាយជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន IBFក្រោយពីបានផ្តួលកីឡាករអាមេរិកឆាល ម៉ាទីនឱ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៦ ។ សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលរូបគេឡើងប្រកួតការពារខ្សែក្រវាត់របស់ខ្លួន ។ ថ្លែងអំឡុងសន្និសីទសារព័ត៌មាន ចូសួបញ្ជាក់ថា៖«នេះជាឱកាសពិសេសមួយ ហើយពេលវេលាបានមកដល់ហើយ ។ គឺបុរសម្នាក់នេះហើយដែលខ្ញុំចាំបាច់ត្រូវយកឈ្នះដើម្បីសាងកេរ្តិ៍ឈ្មោះក្នុងប្រភេទទម្ងន់ធ្ងន់ ។ ខ្ញុំនឹងស៊ូឱ្យបានដល់១២ទឹក ហើយខ្លាំងទៀតផង »។
គួរកត់សម្គាល់ថា សម្រាប់ការប្រកួតលើកនេះ ប្រសិនជាឈ្នះការប្រកួត កីឡាករចូសួមិនត្រឹមតែអាចការពារបានខ្សែក្រវាត់របស់ខ្លួននោះទេ ប៉ុន្តែថែមទាំងទទួលបានខ្សែក្រវាត់ទម្ងន់ធ្ងន់២ស្ថាប័នបន្ថែមទៀត WBAនិង IBO ផងដែរ ។ ដោយឡែក សម្រាប់កីឡាករវ្ល៉ាឌីមៀវិញ ក្នុងករណីឈ្នះ រូបគេនឹងគ្រងខ្សែក្រវាត់ទាំង៣ស្ថាប័នខាងលើ ។
ស្ថិតក្នុងវ័យ៤១ឆ្នាំ វ្ល៉ាឌីមៀមានប្រវត្តិប្រកួត៦៨លើក ក្នុងនោះឈ្នះ៦៤លើក ផ្តួលគូប្រកួតឱ្យសន្លប់៥៣លើក តែចាញ់៤លើក ។ ការប្រកួតលើកចុងក្រោយរបស់គេកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ចាញ់កីឡាករអង់គ្លេសថៃសាន់ ហ្វឺរី ដោយពិន្ទុ ។ ចំពោះការប្រកួតលើកនេះ វ្ល៉ាឌីមៀបញ្ជាក់ថា នេះជាឱកាសពិសេស ការប្រកួតពិសេស ហើយសង្វៀនប្រកួតក៏ពិសេស ។ បើធៀបទៅនឹងគូប្រកួត ទាំងមាឌ ទាំងកម្លាំងគឺ៥០-៥០ ។ នេះជាលើកទី២ហើយដែលរូបគេចេញមុខប្រកួតលើទឹកដីអង់គ្លេសខណៈការប្រកួតលើកទី១របស់ គេនៅទីនេះគឺនៅថ្ងៃ១៥កក្កដា ឆ្នាំ ២០០០ ៕
ដោយ៖ ឈិត គឹមឆុន