Thursday, January 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួនចាងហ្វាងកាសែត ២នាក់ ផ្សាយវីដេអូធ្វើទារុ---/ណកម្មបំភ្លៃ

ឃា…/ត់ខ្លួនចាងហ្វាងកាសែត ២នាក់ ផ្សាយវីដេអូធ្វើទារុ—/ណកម្មបំភ្លៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនចាងហ្វាងកាសែតអនឡាញ ចំនួន២នាក់ ពាក់ព័ន្ធករណីយកវីដេអូធ្វើទារុណកម្មនៅបរទេស មកផ្សាយបំភ្លៃការពិតថា កើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទង្វើធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ។

ជនសង្ស័យទាំង២នាក់  ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះដួង អក្ខរា ចាងហ្វាងសារព័ត៌មានអន ឡាញ S.A TVHD Live24h និងទី២-ឈ្មោះឡាយ សុជាតិ ចាងហ្វាងការផ្សាយ គេហទំព័រ Cambodiastardailynew.com។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាពក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយសំណេរថា “ខ្ញុំបាទសូមអញ្ជើញម្ចាស់ផេកដែលបង្ហោះរូបភាពនេះ សូមចូលរួមសហការជាមួយយើងខ្ញុំ មកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើមិនចូលមកទេ ខ្ញុំនឹងឱ្យជំនាញចេញលិខិតអញ្ជើញតាមផ្លូវការហើយបាទ។ ខ្ញុំសង្ឃឹមថា ម្ចាស់ផេក នឹងយោគយល់ ហើយចូលមកដោយខ្លួនឯងណាបាទ។ សូមអរគុណទុកជាមុន…”។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហោះសារខាងលើនេះ បន្ទាប់ពីទំព័រហ្វេសប៊ុក របស់អ្នកកាសែតអនឡាញខាងលើ បានបង្ហោះព័ត៌មានថា “ព័ត៌មានបឋម ឧក្រិដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សៃ ក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឱ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើមេឃអ៊ីចឹង”។

ក្រោយមក ដោយសារម្ចាស់ទំព័រហ្វេសប៊ុក ទាំង២ខាងលើ មិនព្រមចូលខ្លួនសហការជាមួយសមត្ថកិច្ច ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ច បានទៅនាំខ្លួនចាងហ្វាងកាសែតទាំងពីរនាក់ យកសាកសួរតែម្តង។

ក្រោយពីសាកសួរ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES