Friday, January 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញឡានបង់រំលស់ គេចវេះបង់លុយ អ្នកលក់បើកឡានដេញបុ.../ក

ទិញឡានបង់រំលស់ គេចវេះបង់លុយ អ្នកលក់បើកឡានដេញបុ…/ក

ខេត្តតាកែវ ៖ រថយន្តម៉ាក Ford ២គ្រឿង បានបើកដេញបុកគ្នាពេញក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រ ជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨និង៤៥នាទី ត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ឃាត់រថយន្តទាំង២គ្រឿង បាននៅចំណុចភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ ដែលករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជាករណីអ្នកទិញឡានបង់រំលស់ គេចវេះបង់លុយ លុះអ្នកលក់ប្រទះ ឃើញ ហៅឲ្យឈប់ បែរជាបើកឡានរត់គេច ទើបអ្នកលក់ បើកដេញបុក។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា រថយន្តទាំង២គ្រឿង ដែលបើកបុកគ្នា រួមមាន ១-រថយន្ដម៉ាក Ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424  និង ២-រថយន្ដម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BY-6072 ១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះ គេចខ្លួនបាត់។

លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ករណីខាងលើជារឿងអ្នកលក់រថយន្ត និងអ្នកទិញរថយន្ដបង់រំលស់ ដែលមិនបានបំពេញតាមគោលការណ៍ក្រុមហ៊ុន បង់ប្រាក់តាមការកំ ណត់ ហើយមានការគេចវេះពីក្រុមហ៊ុន ទើបធ្វើឲ្យភាគីជាម្ចាស់លក់រថយន្ដ បើកឡានតាមរក ស្រាប់តែប្រទះ ឃើញនៅក្រុងដូនកែវ ហៅឲ្យឈប់ តែម្ចាស់រថយន្ដពណ៌ខ្មៅ មិនបានឈប់ឡើយ ថែមទាំងព្យាយ៉ាមបើករត់គេច ទើបភាគីរថយន្ដម៉ាក Ford Ranger ពណ៌ស ខាងក្រុមហ៊ុនបង់រំលសរថយន្ដ ជិះតាមជែង កៀរនិងបុកពីក្រោយ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅកណ្ដាលក្រុងដូនកែវ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ទាំងព្រលឹងចុងសក់ រហូតទៅឈប់នៅជាយក្រុង ឋិតនៅភូមិឃុំ-សង្កាត់ខាងលើ ។

ជុំវិញករណីនេះ លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបញ្ជាក់ថា ការគេចវេះ មិនបង់លុយ ជារឿងមួយ ករណីបើកបុកបង្កឲ្យគ្រោះថ្នាក់ ជារឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡែកករណីមានចេតនាបើកបំបុក វាជារឿងព្រហ្មទណ្ឌ ដែលសកម្មភាពនេះ មិនមានកិច្ចសហការជាមួយនិងសមត្ថកិច្ចណាឡើយ ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES