Saturday, January 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំជាតំណាងចែកចាយក្រុមហ៊ុន បោកអ្នកលក់ចាប់ហួយជិត២លាន

បន្លំជាតំណាងចែកចាយក្រុមហ៊ុន បោកអ្នកលក់ចាប់ហួយជិត២លាន

ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ១ក្រុម បានធ្វើសកម្មភាពឆបោក អាជីវករលក់អីវ៉ាន់ចាប់ហួយតាមជន បទ តាមរយៈការបន្លំធ្វើជាតំណាងចែកចាយផលិតផល ឬទំនិញនានា ដោយប្រើល្បិចកត់មុខទំនិញចូលក្នុងបុង រួចសុំបង់ប្រាក់ជាមុន អស់ជិត ២លានរៀល និងដឹកទំនិញមកប្រគល់ជូនតាមក្រោយ តែបានប្រាក់ដល់ដៃហើយ នាំគ្នាគេចខ្លួនបាត់អស់។

ករណីខាងលើនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចអូរតូច ស្ថិតក្នុងភូមិបឹង ក្រសាល ឃុំស្នឹង ស្រុកបាណន់  ដោយមានជនមិនស្គាល់អត្តសញ្ញាណ ១ក្រុម (ប្រុស២ ស្រី៣) ជិះរថយន្តប្រភេទទួរីស ១២កៅអី ១គ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2B-6650  ដោយអះអាងថា  ពួកគេជាតំណាងក្រុមហ៊ុន លីហួរ លក់ផលិតផល និងទំនិញគ្រប់ប្រភេទ។  បន្ទាប់មកក្រុម ជនសង្ស័យ បានលួងលោមលក់ទំនិញឱ្យប្រជាពលរដ្ឋម្នាក់ ឈ្មោះទង សុវ័ន្ត ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកលក់ចាប់ហួយ នៅចំណុចអូរតូច ដោយពួកគេបានអះអាងថា ពួកខ្លួនជាតំណាងឱ្យក្រុមហ៊ុនលក់ទំនិញ ហើយពួកគេជិះរថយន្តដើរលក់ទំនិញគ្រប់មុខ គ្រប់ទីកន្លែង។ ប៉ុន្តែពេលចុះជួបជាមួយជនរងគ្រោះខាងលើនេះ គេមិនដឹងថាតើជនរង គ្រោះ ត្រូវក្រុមជនទុច្ចរិតនិយាយលូងលោម ឬប្រើល្បិចកលបែបណាទេ ស្រាប់តែក្រោយពេលក្រុមរថយន្តនោះជិះចេញផុតបន្តិច ក៏មានការផ្អើលឆោឡោថា  អ្នកលក់អីវ៉ាន់ ចាក់បោកគេ ទិញអីវ៉ាន់បង់ប្រាក់គ្រប់ចំនួនហើយ  មិនបានអីវ៉ាន់ បានតែវិក្កយបត្រ  ហើយបិទទូរស័ព្ទគ្រប់ប្រព័ន្ធ ទាក់ទងមិនបាន។

ស្ត្រីរងគ្រោះ ឈ្មោះទង សុវ័ន្ត បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថា  គាត់មិនធ្លាប់ឃើញក្រុមជនឆបោកនោះទេ តែនៅថ្ងៃកើតហេតុ ក្រុមជនឆបោក ដែលមានប្រុស២នាក់ ស្រី៣នាក់ បានជិះរថយន្តដែលមានភិនភាគខាងលើ បានមកឈប់ខាងមុខតូបគាត់ រួចពួកគេចុះមកសួរនាំគាត់ ដើម្បីលក់អីវ៉ាន់ ដោយពួកគេអះអាងថា ជាតំណាងក្រុមហ៊ុន លីហួរ មានលក់ទំនិញ ឬលក់ផលិតផលគ្រប់ប្រភេទ។  ក្នុងនោះមានស្រាបៀរគ្រប់មុខ ជីកសិកម្មគ្រប់ប្រភេទ និងទំនិញជាច្រើនមុខទៀត។

ស្ត្រីរងគ្រោះ បន្តថា ពេលនោះស្ត្រីម្នាក់ និងបុរសម្នាក់ បានចុះពីរថយន្ត រីឯបុរសម្នាក់ និងស្ត្រី២នាក់ទៀត មិនបានចុះទេ ដោយឃើញសមាសភាពពួកគេ និងរថយន្តមានដឹកអីវ៉ាន់ខ្លះៗ គាត់ក៏ចរចាទិញអីវ៉ាន់ខ្លះៗ ដើម្បីយកមកដាក់លក់។ លុះពេលនិយាយថ្លៃត្រូវគ្នា ស្ត្រីម្នាក់នោះ បានកត់មុខទំនិញនានាដែលគាត់កុម៉្មង់ទិញ ចូលក្នុងបុង (វិក្កយបត្រ) របស់គេ ដែលមានយីហោ លីហួរ។  ក្រោយកត់អស់មុខទំនិញ ស្ត្រីម្នាក់នោះ បានបូក សរុបទឹកប្រាក់ អស់៦លាននិង៨០ម៉ឺនរៀល ហើយនៅពេលគិតសរុបជាទឹកប្រាក់រួច ស្ត្រីរូបនេះ ហាក់ចាប់ផ្តើមនិយាយបង្វែរទៅរឿងរង្វាន់លើកទឹកចិត្តអតិថិជនវិញម្តង។  ពេលនោះ ស្ត្រីម្នាក់នោះ បាននិយាយលូងលោមគាត់ថា ក្រុមហ៊ុននឹងថែមជូនហ្វ្រី នូវទូទឹកកកធំ ១គ្រឿង និងធុងកាហ្វេធំ មួយទៀត   ដោយតម្រូវឲ្យជនរង គ្រោះ បង់លុយឱ្យគ្រប់ចំនួន ដើម្បីថតវិក្កយបត្រនេះ ផ្ញើជូនក្រុមហ៊ុនដើម្បីឱ្យក្រុមហ៊ុនដឹកទូទឹកកក និងធុងកាហ្វេ មកឱ្យនៅពេលនេះ។

ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ថា ក្រោយនិយាយចប់ ស្ត្រីឆបោកនោះ បានទះស្មាគាត់ ១ដៃប្រាប់ឱ្យគាត់ទៅយកលុយមកឱ្យ ហើយគាត់ហាក់ដូចភាំងស្មារតី ក៏ងើបទៅយកលុយ មករាប់ឱ្យស្ត្រីឆបោកនោះគ្រប់ចំនួន។ ក្រោយពីទទូលលុយ ក្រុមជនទុច្ចរិត បាននាំគ្នាឡើងរថយន្ត ដោយអះអាងថា ទៅយកអីវ៉ាន់មកឱ្យថែមទៀត តែពេលចេញទៅ ក៏បាត់ស្ងាត់ឈឹង  សូម្បីទូរស័ព្ទដែលមានក្នុងវិក្កយបត្រ គ្រប់ប្រព័ន្ធក៏មិនអាចទាក់ទងបាន ទើបដឹងថាក្រុមលក់ទំនិញទាំងនោះ ជាក្រុមឆបោក។ 

ស្ត្រីរងគ្រោះ បានបន្ថែមថា អីវ៉ាន់ដែលគាត់កុម៉្មង់ទិញនោះ បានដល់ដៃតែមួយចំនួនតូចប៉ុណ្ណោះ ហើយក្រោយកើតហេតុមួយថ្ងៃ គាត់បានប្តឹងទៅសមត្ថកិច្ចស្រុកបាណន់ ដើម្បីជួយអន្តរាគមន៍ស្វែងរកមុខសញ្ញាក្រុមជនទុច្ចរិតខាងលើនេះ តែរហូតមកដល់ពេលនេះ ហាក់គ្មាន តម្រុយបន្តិចទេ៕

RELATED ARTICLES