ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ចាប់ ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា កាលពីនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចាប់ ខ្លួនជនត្រូវចោទ ចំនួន១នាក់ ឈ្មោះគង់ គីង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ២២៥ ព្រទ.I “ឃ”/២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ចេញដោយលោករស់ សាម៉ឺឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ករណីធ្វើឱ្យ ខូចខាតដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ហើយបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕