Saturday, January 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរបន្តរុះរើសំណង់រំលោភចិញ្ចើមផ្លូវ

អាជ្ញាធរបន្តរុះរើសំណង់រំលោភចិញ្ចើមផ្លូវ

ភ្នំពេញ ៖ លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបន្តដឹកនាំកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រធ្វើការរុះរើសំណង់សំយាបផ្ទះ រោងលក់ដូរ និងខឿនបេតុង ដែលសង់រំលោភលើចិញ្ចើមផ្លូវឃ្យូអឹមអាយ (QMI) និងនិងវាយកម្ទេចសាបដែលចាក់បិទលើគម្របលូ។

សកម្មភាពនេះ ធ្វើឡើងដើម្បីបើកផ្លូវខាងលើ ឱ្យបានធំទូលាយ កាត់បន្ថយការកកស្ទះចរាចរណ៍ ធ្វើឱ្យមានចិញ្ចើមផ្លូវត្រឹមត្រូវ ទុកសម្រាប់ឱ្យអ្នកដំណើរថ្មើរជើងដើរ និងងាយស្រួលក្នុងការស្តារលូ នៅពេលស្ទះទឹក នារដូវវស្សា ឬពង្រីកផ្លូវ នាពេលខាងមុខ។

មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ថា ផ្លូវឃ្យូអឹមអាយ (QMI) នេះ តត្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតស្ពានអាកាសថ្មើរជើង មុខវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ និងភូមិជម្ពូវ័ន២ ទៅដល់ចំណុចព្រះវិហារអ៊ិស្លាម ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ផ្លូវខាងលើ មានប្រវែងជិត៣គីឡូម៉ែត្រ ទទឹងប្រវែង១៨ម៉ែត្រ ហើយក៏តភ្ជាប់ទៅកាន់ផ្លូវបណ្តាភូមិ និងសង្កាត់នានា ជាច្រើនទៀតផងដែរ និងមានការធ្វើចរាចរណ៍ដ៏មមាញឹក ប៉ុន្តែកន្លងមក ត្រូវបានប្រជាពលរដ្ឋសង់សំយា បផ្ទះ ដាក់លក់សម្ភារៈជាច្រើន ដូចជា កន្លែងម៉ូតូ លក់បាយ កាហ្វេ តូបលក់បន្លែ ផ្លែឈើ ត្រីសាច់ សម្លៀកបំ ពាក់ ជាដើម ធ្វើឱ្យផ្លូវតូចចង្អៀត ស្ទះចរាចរណ៍ បង្កការក្តៅក្រហាយដល់អ្នកដំណើររាល់ថ្ងៃ។

មន្ត្រីដដែល បន្តថា ក្រៅពីនេះក៏មានការសង់ទាំងខឿន និងចាក់សាបលើគម្របលូថែមទៀត ដើម្បីរំដោះយកដីចំណីផ្លូវនោះមកវិញ ទើបកាលពីវេលាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ  ដោ យមានការចូលរួមពីមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះធ្វើការវាស់វែងកំណត់ដីចំណីផ្លូវនោះឡើងវិញ។  ខណៈនោះ អាជ្ញាធរបានទុកពេល ១អាទិត្យ សម្រាប់ឱ្យអ្នកសង់សំណង់រំលោភចំណីផ្លូវធ្វើការ រុះរើចេញដោយខ្លួនឯង ប៉ុន្តែក្រោយមក មានមួយចំនួនតូចប៉ុណ្ណោះដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ចំណែកអ្នកផ្សេងទៀតមិនព្រមរុះរើឡើយ ទើបនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ បានដាក់កម្លាំងចុះទៅធ្វើការរុះរើតែម្តង។

មន្ត្រីខាងលើ បានប្រាប់បន្ថែមទៀតថា ខណៈនោះ កម្លាំងរុះរើបានហើយរួចរាល់ ចាប់ពីផ្លូវជាតិលេខ៤ ដល់មុខរោងចក្រឃ្យូអឹមអាយ ដែលមានប្រវែង ៧៥០ម៉ែត្រ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក៏បានដាក់ កម្លាំងនិងគ្រឿងចក្រ ចុះធ្វើការរុះរើបន្តទៀត ដោយរុះចាប់ពីមុខរោងចក្រឃ្យូអឹមអាយ ទៅដល់មុខព្រះវិហារអ៊ិស្លាម ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ព្រំប្រទល់ជាមួយភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ ប្រវែង១៨០០ម៉ែត្រទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមសហការថែរក្សាផ្លូវ បញ្ឈប់ការសាងសង់សំណង់ផ្សេងៗរំលោភលើចិញ្ចើមផ្លូវបន្តទៀត ដើម្បីបើកផ្លូវឱ្យធំទូលាយ មានចំណីផ្លូវនិងមានចិញ្ចើមផ្លូវឱ្យបានត្រឹមត្រូវ សម្រាប់ទុកលទ្ធភាពក្នុងការ ពង្រីកផ្លូវនៅពេលខាងមុខផង និងទុកឱ្យអ្នកដំ ណើរថ្មើរជើងដើរ ជាពិសេសបញ្ចៀសការកកស្ទះចរាចរណ៍៕

RELATED ARTICLES