ខេត្តកណ្តាល ៖ បុរសម្នាក់ ព្រោះតែមួម៉ៅក្តៅចិត្តដែលនៅសុខៗត្រូវបុរស២នាក់ ជាអ្នក រើសអេសចាយព្រួតវ៉ៃ បណ្តាលឱ្យជាំភ្នែក និង ពកក្បាលក៏ទៅវាយបំផ្លាញទ្វារបង្គន់អនាម័យ សាធារណៈ ព្រមទាំងវាយកញ្ចក់ទ្វារបន្ទប់ដាក់ សម្ភារ បណ្តាលឱ្យខូចខាតខ្ទេចអស់ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចសួនច្បារមាត់ស្ទឹង ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុង តាខ្មៅ។
បុរសដែលក្តៅចិត្តត្រូវគេវ៉ៃ បែរជាបញ្ចោញ កំហឹងដាក់របស់ទ្រព្យសាធារណៈ បណ្តាលឱ្យ ខូចខាតនេះ មានឈ្មោះចាន់ ជាង ហៅញែក ហៅឆក អាយុ៣៧ឆ្នាំ មុខរបរជាអ្នកមើលថែ បង្គន់អនាម័យសាធារណៈ ធ្វើការនិងស្នាក់នៅ ចំណុចកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនបង្កហេតុទាំង២នាក់ រួមមាន ទី១-ឈ្មោះទិន ប៊ុនថុល មុខរបររើសអេតចាយ ស្នាក់នៅក្រោមស្ពានជប៉ុន ភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិប៉ាលិលេយ្យ ឃុំ ប៉ាលិលេយ្យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន) និងទី២-ឈ្មោះស្មាក់ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុទាំង ២នាក់ខាងលើ មិនដឹងជាមានទំនាស់ ឬគំនុំអ្វី ជាមួយឈ្មោះចាន់ ជាង ក៏ស្រាប់តែព្រួតគ្នាវាយ ទៅលើឈ្មោះចាន់ ជាង បណ្តាលឱ្យជាំក្រោម ភ្នែកខាងស្តាំ និងពកក្បាលបែកខាងក្រោយ បន្ទាប់មក ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល អស់។ ចំណែកឈ្មោះចាន់ ជាង ក្រោយពីត្រូវ គេព្រួតវាយឱ្យរបួសរួចមក ក៏ចាប់ផ្តើមមួម៉ៅ ក្តៅចិត្តក៏ស្ទុះទៅវាយបំផ្លាញទ្វារកញ្ចក់បង្គន់ អនាម័យ បណ្តាលឱ្យបែកខ្ទេច បន្ទាប់មកដោយ មិនទាន់រំសាយកំហឹងអស់ ឈ្មោះចាន់ ជាង បានស្ទុះទៅវាយកញ្ចក់ទ្វារ បន្ទប់ដាក់សម្ភារៈ បណ្តាលឱ្យខ្ទេចអស់១ផ្ទាំងទៀត រួចក៏រត់គេច ខ្លួនបាត់ស្រមោលដែរ។
ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយ- ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ចុះ ពិនិត្យនិងធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួន ជនបង្កបានចំនួន២នាក់ (ឈ្មោះទិន ប៊ុនថុល និងឈ្មោះចាន់ ជាង) ខណៈដែលឈ្មោះស្មាក់ បានរត់គេចខ្លួនបាត់ទៅហើយ។
នៅចំពោះមុខសមត្ថកិច្ចជនទាំង២នាក់ ខាងលើ បានឆ្លើយដោះសាររៀងៗខ្លួន ដោយ ក្នុងនោះឈ្មោះចាន់ ជាង បានឆ្លើយថា រូបគេ ត្រូវជនបង្កហេតុ២នាក់ខាងលើ ព្រួតវាយ និង ដេញគប់ បណ្តាលឱ្យរូបគេរងរបួស ចំណែកទ្វារ កញ្ចក់បង្គន់ និងទ្វារកញ្ចក់បន្ទប់ដាក់សម្ភារៈ ដែលបែកនោះ គឺជនបង្កហេតុទាំង២នាក់ខាង លើគប់បែក ហើយរូបគេគ្រាន់តែទាញកញ្ចក់ ដែលបែកនោះ ទម្លាក់ប៉ុណ្ណោះ មិនបានវាយ បំផ្លាញនោះទេ។ ចំណែកជនបង្កហេតុឈ្មោះ ទិន ប៊ុនថុល បានអះអាងថា រូបគេគ្រាន់តែទៅ តាមជនបង្កហេតុឈ្មោះស្មាក់ ប៉ុណ្ណោះ តែមិន បានវាយទៅលើឈ្មោះចាន់ ជាង នោះទេ គឺ ឈ្មោះស្មាក់ ជាអ្នកវាយ ហើយក៏មិនបានធ្វើឱ្យ បែកកញ្ចក់បង្គន់សាធារណៈនោះដែរ។
ជនបង្កហេតុទាំង២នាក់ខាងលើ ត្រូវបាន សមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕