Monday, January 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតភ្លើងយកឃ្មុំ ឆេះព្រៃផ្អើលអ្នកភូមិ

ដុតភ្លើងយកឃ្មុំ ឆេះព្រៃផ្អើលអ្នកភូមិ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះព្រៃ និងដើមអាកាស្យា ទាំងកណ្តាលយប់ សង្ស័យមានអ្នកដុតភ្លើង យកឃ្មុំ ឬយកសត្វ សំណាងល្អត្រូវបានកម្លាំងសមត្ថកិច្ចនិងក្រុមអន្តរាគមន៍ ជួយពន្លត់ទាន់ពេល មិនធ្វើឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

ហេតុការណ៍ភ្លើងឆេះព្រៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិបឹងជម្រុង ឃុំទួលពង្រ ស្រុកម៉ាឡៃ។

លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានបញ្ជាក់ប្រាប់ថា ក្រោយអគ្គិភ័យបានឆាបឆេះព្រៃ និងដើមអាកាស្យា ត្រូវបានអន្តរាគមន៍ពន្លត់ មានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមអន្តរាគមន៍ និងសង្គ្រោះក្រុងប៉ោយប៉ែត មួយគ្រឿង សហការជាមួយកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរងស្រុកម៉ាឡៃ និងប្រជាពលរដ្ឋ បានជួយពន្លត់យ៉ាងសស្រាក់សស្រាំ ដោយនាំគ្នាកាច់មេឃឈើវ៉ៃពន្លត់ និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង បាញ់ពន្លត់ទប់ស្កាត់ទាន់ពេល មិនរាលដាលឆាបឆេះដល់ប្រជាពលរដ្ឋនោះទេ។

លោកអភិបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា មូលហេតុដែលអគ្គិភ័យឆាបឆេះព្រៃ ទាំងកណ្តាលយប់នេះ អាចបណ្តាលមកពីអ្នករកឃ្មុំ ឬដុតរកសត្វពេលយប់ ទើបបណ្តាលឱ្យឆាបឆេះ តែសំណាងល្អត្រូវជួយអន្តរាគមន៍ពន្លត់បានទាន់ពេល មិនរាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ដោយមានការខិតខំប្រឹងប្រែងពីកម្លាំង និងក្រុមអន្តរាគមន៍បានជួយទាន់ពេល។

លោក ស្វាយ ជា បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះព្រៃ បង្កឱ្យព្រួយបារម្ភ និងប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដោយមានការអន្តរាគមន៍ប្រើប្រាស់ទឹក អស់២ទៅ៣ឡាន និងកម្លាំងអន្តរាគមន៍ជាច្រើននាក់ ទាំងកម្លាំងចម្រុះ និងក្រុមអន្តរាគមន៍និងសង្គ្រោះ ក្រុងប៉ោយប៉ែត បានជួយអន្តរាគមន៍ទាន់ពេលវេលា ទើបគ្រប់គ្រងស្ថានការណ៍បាន៕

RELATED ARTICLES