Monday, January 27, 2025
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា បន្តចុះត្រជាក់ដល់ ១៧អង្សា

អាកាសធាតុកម្ពុជា បន្តចុះត្រជាក់ដល់ ១៧អង្សា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថានភាពអា កាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តចុះត្រជាក់ ពី១៩ ទៅ១៧អង្សាសេ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា។

ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា ការចុះត្រជាក់នេះ ដោយសារសម្ពាធខ្ពស់ នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណា ចក្រកម្ពុជា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរ មាន ល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៧អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៩អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។

រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

RELATED ARTICLES