ភ្នំពេញ ៖ ចាងហ្វាងកាសែតអនឡាញ ២នាក់ ដែលផ្សាយវីដេអូព័ត៌មានបំភ្លៃ ករណីហិង្សា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា ទាំងដែលវីដេអូនោះកើតឡើងនៅបរទេស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
លោកលឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនឈ្មោះដួង អក្ខរា និងឈ្មោះឡាយ សុជាតិ បន្ទាប់ពីតំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន៉្តិសុខសង្គម” ប្រព្រឹត្តនៅប្រទេសកម្ពុជា។
សូមរំលឹកថា អ្នកសារព័ត៌មានអនឡាញ ចំនួន២នាក់ ទី១-ឈ្មោះដួង អក្ខរា ចាងហ្វាងសារព័ត៌មានអនឡាញ S.A TVHD Live24h និងទី២-ឈ្មោះឡាយ សុជាតិ ចាងហ្វាងការផ្សាយ គេហទំព័រ Cambodiastardailynew.com ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតបំភ្លៃ ពាក់ព័ន្ធករណីវីដេអូនៃការប្រើប្រាស់អំពើហិង្សា ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួននេះដោយអនុវត្ត តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្រប សម្រួលនីតិវិធី ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អ្នកសារព័ត៌មានអនឡាញ ទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្តាញសង្គម និងចោទប្រកាន់ខុសពីការពិតថា ករណីហិង្សានោះ បានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែល វីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ។
លោកជួន ណារិន្ទ បានបញ្ជាក់ថា ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសនិងកេរ្តិ៍របស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ ហើយកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនបុគ្គលទាំង២នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ ត្រូវបានចាប់ដាក់ខ្នោះដៃ ឱបជាប់បង្គោលដែក ហើយមានបុរសម្នាក់ ទៀតប្រដាប់ដោយដំបង បានវាយដំទៅលើជនរងគ្រោះ ត្រូវបានចែកចាយនៅតាមបណ្តា ញសង្គម ដោយបុគ្គលអ្នកសារព័ត៌មានអនឡាញទាំង២នាក់ ខាងលើ មិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជា ឡើយ គឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយមិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ថានៅប្រទេសណានោះទេ៕