Tuesday, July 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កាប់ដើមឈើទាល ទន្ទ្រានយកដី

 កាប់ដើមឈើទាល ទន្ទ្រានយកដី

ខេត្តស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសម្នាក់មកសាកសួរ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង បន្ទាប់ពីបានរកឃើញថា បុរសរូបនេះជាប់ពាក់ព័ន្ធនឹងការកាប់រំលំដើមឈើទាលធំៗ នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បុរសដែលបានឃាត់ខ្លួននេះ គឺជាអ្នករស់នៅតំបន់ព្រៃឈើ ដែលបានកាប់រង្គាលនោះ។ បុរសរូបនេះ បានអះអាងថា ដីដែលត្រូវបានកាត់រំលំឈើទាល ជាដីរបស់ខ្លួន។

លោក សរ សុពុត្រា បានបញ្ជាក់ថា ការកាត់រំលំដើមឈើទាលធំៗនេះ គឺគេធ្វើក្រោមរូបភាពដុតយកជ័របន្ទាប់ មក កាប់ឈើ និងទន្ទ្រានយកដី។ បើតាមលោកអភិបាលខេត្ត នៅពេលសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនទៀត តែពួកគេបានគេចខ្លួនបាត់អស់ហើយ។ អ្នកពាក់ព័ន្ធភាគច្រើន ជាអ្នកដែលរស់នៅតំបន់នោះតែម្តង។

លោកអភិបាលខេត្តស្ទឹងត្រែង បានអះអាងថា លោកចាត់វិធានការច្បាប់លើក្រុមជនដែលកាប់បំផ្លាញឈើនេះ ដោយគ្មានការលើកលែងនោះឡើយ។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុននេះ មានការប្រទះឃើញដើមឈើទាល ទំហំធំៗ និងខ្ពស់ រាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើ ធ្វើផ្ទះ។ ឈើទាលធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ឈើដែលបានកាត់ អារច្រៀកខាងលើនេះ ជាប្រភេទឈើទាល ចំនួនសរុប ៥៦គល់។ ក្នុងនោះអាររំលំថ្មី មានចំនួន៤៩គល់ និងអារចាស់ មាន ចំនួន៧គល់។ ឈើទាំងនោះ មានអង្កត់ផ្ចិត ចាប់៤០សង់ទីម៉ែត្រ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអារច្រៀកខាងលើនេះ គឺជាដើមឈើច្បោះជ័រ របស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ៕

RELATED ARTICLES