ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង ១ក្រុមធំ ដែលល្បីខាងដើរកាប់ចាក់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយចុងក្រោយ ធ្លាប់បានចេញធ្វើសកម្មភាពកាប់អ្នកដឹកជញ្ជូនប្លន់ម៉ូតូ ១គ្រឿង កាលពីរំលងអធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ សរុបចំនួន៩នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចមុខហាង សុធារ៉ា ប្តូរប្រាក់ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបក្រុមជនសង្ស័យ ជាបន្តបន្ទាប់ សរុបចំនួន៩នាក់។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជើងខ្លាំងខាងកាប់ចាក់នេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់បញ្ជា ឱ្យកម្លាំងអធិការទាំង៩ក្រុងស្រុកចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់។

លោកអធិការបន្តថា បន្ទាប់ពីទទួលបានបទបញ្ជាខាងលើ និងដោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះផងនោះ លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់បាន ១នាក់ ឈ្មោះវ៉ាន់ សុធី ហៅហួរ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំយកមកអធិការ ដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាន់ សុធី បានឆ្លើយសារភាពថា សកម្មភាពប្លន់នោះមានគ្នាជា ច្រើននាក់ទៀត ទើបលោកដឹកនាំកម្លាំងចុះស្រាវជ្រាវបន្ត រហូតឈានដល់ឃាត់ខ្លួនបាន៨នាក់ បន្ថែមទៀត កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
ជនសង្ស័យឈ្មោះវ៉ាន់ សុធី បានឆ្លើយសារភាពបន្តថា កាលពីវេលាម៉ោង២ជាង រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅមុខហាងប្តូរប្រាក់ យីហោ សុធារ៉ា បក្ខពួកខ្លួនកំពុងអង្គុយផឹកទឹកក្រាធុម នៅចំណុចតំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី រួចបានធ្វើសកម្មភាពកាប់អ្នកដឹកជញ្ជូន ដើម្បីប្លន់ម៉ូតូ ១គ្រឿង ពេលដែលប្លន់បាន ក្រុមខ្លួនគេចខ្លួនបាត់អស់។

ក្រុមជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕