ខេត្តព្រៃវែង ៖ ក្រុមអាជីវកររាប់សិបនាក់ ដែលកំពុងលក់ដូរនៅក្នុងផ្សារអ្នកលឿង បានផ្ទុះប្រតិកម្មចំពោះក្រុមអ្នកម៉ៅការភាស៊ី ដែលទើបផ្លាស់ប្តូរថ្មី ដោយអះអាងថា បានទាមទារដំឡើងថ្លៃភាស៊ី ស្រេចតែអំពើចិត្ត និងខុសពីសៀវភៅបន្ទុកដែលច្បាប់រដ្ឋបានកំណត់។
![](https://norkorthom.com/wp-content/uploads/2025/02/q4.jpg)
ក្រុមអាជីវករ បានរៀបរាប់ប្រាប់ថា កាលពីមុន ក្រុមអ្នកម៉ៅការភាស៊ីចាស់ ដើរប្រមូលភាស៊ីក្នុងផ្សារអ្នកលឿង ដោយស្តង់លក់ដូរ១ ថ្លៃភាស៊ីអនាម័យ ៣០០រៀល ក្នុង១ថ្ងៃ ថ្លៃសន្តិសុខពេលយប់ ១ម៉ឺនរៀល ក្នុងមួយខែ ហើយម៉ូតូរបស់ក្រុមអាជីវករដាក់ផ្ញើ ក្នុងមួយខែ តម្លៃតែ២ម៉ឺនរៀលប៉ុណ្ណោះ។ ស្រាប់តែដើមឆ្នាំ២០២៥ មានការផ្លាស់ប្តូរក្រុមអ្នកប្រមូលភាស៊ីផ្សារអ្នកលឿង ដោយប្តូរថ្មីទាំងអស់ ហើយអ្នកថ្មីទាំងនេះ បានទាមទារឱ្យក្រុមអាជីវករបង់ ថ្លៃភាស៊ីច្រើនលើសលប់ រហូតដល់ក្រុមអាជីវករមិនអាចទទួលយកបាន ដោយថ្លៃសន្តិសុខ ពេលយប់ពីមុនធ្លាប់មួយខែ ១ម៉ឺនរៀល គេទាមទារ ៦ម៉ឺនរៀល ថ្លៃផ្ញើម៉ូតូ ធ្លាប់មួយខែ ២ម៉ឺនរៀល គេទាមទារឱ្យបង់មួយថ្ងៃ ១៥០០រៀល ស្មើនឹង ១ខែ៤៥ ០០០រៀល និងថ្លៃអនាម័យ ធ្លាប់៣០០រៀល ក្នុងមួយថ្ងៃ គេទាមទារឱ្យបង់ ៥០០រៀល។
![](https://norkorthom.com/wp-content/uploads/2025/02/q2.jpg)
ចំណែកប្រជាពលរដ្ឋដែលនាំគ្នាទៅផ្សាររកទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗ ក៏នាំគ្នារអ៊ូរទាំដែរថា ក្រុមអ្នកផ្ញើភាស៊ីម៉ូតូ ក្នុងផ្សារអ្នកលឿង ដំឡើងថ្លៃផ្ញើម៉ូតូ ស្រេចតែអំពើចិត្ត ដោយក្រុមអ្នកប្រមូលភាស៊ីចាស់ យកម៉ូតូ មួយគ្រឿង ១ពាន់រៀល ដល់ប្តូរអ្នកថ្មី គេទារ ១៥០០រៀល ទាំងដែលនៅក្នុងក្រដាសផ្ញើម៉ូតូ សរសេរតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ។
![](https://norkorthom.com/wp-content/uploads/2025/02/q3.jpg)
ដោយសារតែក្រុមអ្នកប្រមូលភាស៊ីផ្សារអ្នកលឿង ទាមទារដំឡើងថ្លៃភាស៊ីស្រេចតែអំពើចិត្តបែបនេះ ទើបធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករក្នុងផ្សារអ្នកលឿង កើតក្តៅក្រហាយ និងផ្ទុះប្រតិកម្មជាខ្លាំង ហើយបានសំណូមពរឱ្យអាជ្ញាធរស្រុកខេត្ត ជាពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង មេត្តាជួយចុះពិនិត្យនិងដោះ ស្រាយជូនពួកគាត់ផង ។
ជុំវិញការចោទប្រកាន់ខាងលើនេះ អ្នកសារព័ត៌មាន ពុំអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនម៉ៅការភាស៊ី ផ្សារអ្នកលឿង បានទេ កាលពីម្សិលមិញ។
![](https://norkorthom.com/wp-content/uploads/2025/02/q5.jpg)
ចំណែកលោកភួង សារ៉េត អភិបាលរងស្រុកពាមរក៍ ដែលទទួលបន្ទុកលើកិច្ចការងារនេះ បានឱ្យដឹងថា លោកមិនទាន់បានដឹងរឿងអ្នកម៉ៅការភាស៊ីផ្សារ ទាមទារដំឡើងថ្លៃភាស៊ីលើសសៀវភៅបន្ទុកនេះទេ លោកសុំពេលចុះពិនិត្យនិងសិក្សារឿងនេះសិន។
![](https://norkorthom.com/wp-content/uploads/2025/02/q1.jpg)
ដោយឡែក លោកស្រេង វ៉ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រៃវែង បានបញ្ជាក់ថា នៅក្នុងសៀវ ភៅបន្ទុកដែលច្បាប់បានកំណត់ ម៉ូតូប្រជាពលរដ្ឋដែលយកទៅផ្ញើនៅតាមទីផ្សារ គឺតម្រូវឱ្យបង់ថ្លៃផ្ញើ មួយគ្រឿងត្រឹម ៥០០រៀលប៉ុណ្ណោះ ហើយតម្លៃសន្តិសុខពេលយប់ ក៏អាស្រ័យទៅលើភាគីទាំង២ ចរចាព្រមព្រៀងគ្នា មិនមែនក្រុមអ្នកម៉ៅការភាស៊ី ចេះតែទាមទារស្រេចតែអំពើចិត្តនោះទេ៕