ខេត្តមណ្ឌលគិរី ៖ រថយន្តក្រុងប្រភេទ៤៥កៅអី ១គ្រឿង បានដឹកនិស្សិតកសិកម្ម សរុប៤៦នាក់ មានទាំងព្រសង្ឃ ៣អង្គផង ចុះទៅធ្វើកម្មសិក្សានៅឯខេត្តមណ្ឌលគិរី ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បុកជញ្ជាំងភ្នំ បណ្តាលឱ្យរបួសធ្ងន់-ស្រាល ១៤នាក់។
![](https://norkorthom.com/wp-content/uploads/2025/02/Q5-1.jpg)
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចភ្នំអូរតេ ហៅផ្លូវអន្ទង់អាំង ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំបូម ស្រុកពេជ្រាដា។រថយន្តដែលជួបហេតុការណ៍គ្រោះថ្នាក់ ជាប្រភេទរថយន្តក្រុង ៤៥កៅអី ពណ៌ស មានដឹកលោកគ្រូ អ្នកគ្រូ និ ស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សរុបចំនួន ៤៦អង្គ-នាក់ (ព្រះសង្ឃ ៣អង្គ)។
![](https://norkorthom.com/wp-content/uploads/2025/02/q3-1.jpg)
លោកចាន់ ទិត្យ ស្នងការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា រថយន្តក្រុងខាងលើ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ដែលមានស្ថានភាពផ្លូវកោងខ្លាំង (ផ្លូវអន្ទង់អាំង) បានជ្រុលទៅបុកជញ្ជាំងភ្នំតែម្តង។
![](https://norkorthom.com/wp-content/uploads/2025/02/q2-1.jpg)
លោកស្នងការរង បញ្ជាក់ថា នៅក្នុងរថយន្តក្រុងខាងលើ នោះមានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (ព្រះសង្ឃ ៣អង្គ) ហើយក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ចំនួន៣នាក់ (ប្រុស១ ស្រី២) និងរងរបួសស្រាល ១១នាក់ (ប្រុស៧ ស្រី៤)។ យ៉ាងណា ហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំ ដោយខ្លួនឯងនេះ មិន បណ្តាលឱ្យអ្នកណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
![](https://norkorthom.com/wp-content/uploads/2025/02/q1-1.jpg)
អ្នករបួសធ្ងន់ទាំង៣នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ។ ឯអ្នករបួសស្រាល និងអ្នកគ្មានរបួស លោកអភិបាលខេត្ត បានរៀបចំរថយន្តក្រុងរបស់សាលាខេត្តចំនួន ៣គ្រឿង ព្រមទាំងឡានស៊ីរ៉ែនរបស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដឹកជូនត្រឡប់ទៅកាន់រាជធានីភ្នំពេញ វិញ៕
![](https://norkorthom.com/wp-content/uploads/2025/02/Q4-1.jpg)