ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆេះរាលដាលយ៉ាងខ្លាំងក្នុងតំបន់ព្រៃនៅលើភ្នំជីហង្ស ស្ថិតក្នុងស្រុកបាណន់ ដែលតំបន់ខ្លះគេមិនអាចគ្រប់គ្រងបាន តែតំបន់ខ្លះត្រូវបានកម្លាំងចម្រុះសម្រុកចូលពន្លត់បាន ខណៈដែលមូលហេតុ ត្រូវបានសង្ស័យថា អាចបណ្តាលមកពីការដុតភ្លើង យកឃ្មុំ។
![](https://norkorthom.com/wp-content/uploads/2025/02/s1-1.jpg)
យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា អគ្គិភ័យនោះ បានកើតឡើងនៅម៉ោងប្រហែល១១ថ្ងៃត្រង់ ថ្ងៃទី០៥ កុម្ភៈ ដោយចាប់ផ្តើមនៅត្រង់ចង្កេះភ្នំជីហង្ស ស្ថិតក្នុងភូមិសាស្ត្រ ឃុំកន្ទឺរ២ និងឃុំឈើទាល ស្រុកបាណន់ រួចឆេះរាលដាលឡើងទៅលើកំពូលភ្នំផង និងរាលដាល ខ្លាំង ឆ្ពោះទៅប៉ែកខាងលើកំពូលភ្នំផង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ជើងភ្នំនោះ។
លោករឿម រាំង អធិការរងស្រុកបាណន់ ដែលបានដឹកនាំកម្លាំងជំនាញ រួមទាំងរថយន្តពន្លត់អគ្គិភ័យផងចុះ អន្តរាគមន៍ផ្ទាល់ បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា រហូតមកទល់ពេលនេះ មិន ទាន់ដឹងពីមូលហេតុដែលនាំឱ្យមានភ្លើងឆេះភ្នំជីហង្ស នេះនៅឡើយ។
![](https://norkorthom.com/wp-content/uploads/2025/02/s3-1.jpg)
លោកអធិការរង បានឱ្យដឹងថា ភ្លើងព្រៃនេះ បានឆេះរាលដាលខ្លាំងឆ្ពោះឡើងទៅលើកំពូលភ្នំ ដែលកម្លាំងចម្រុះមិនអាចឡើងតាមពន្លត់បានឡើយ។ ប៉ុន្តែកម្លាំងចម្រុះទាំងអស់ បានប្រយុទ្ធជាមួយភ្លើងព្រៃនេះ នៅផ្នែកខាងក្រោមៗ នៃតំបន់ជើងភ្នំ អាចទប់ស្កាត់បាន មិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិ ឬចម្ការដំណាំប្រជាពលរដ្ឋនៅក្បែរតំបន់ជើងភ្នំនោះ ខណៈកម្លាំងភ្លើងព្រៃនេះឆេះកាន់តែខ្លាំង ឆ្ពោះទៅលើកំពូលភ្នំ។
![](https://norkorthom.com/wp-content/uploads/2025/02/s4-1.jpg)
ជុំវិញករណីអគ្គិភ័យឆេះព្រៃលើភ្នំជីហង្ស នេះ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានដាក់ការសង្ស័យទៅលើក្រុមអ្នកដើររុករកឃ្មុំ ក្នុងព្រៃ ជាអ្នកបង្កឡើង ដោយសំអាងថា នេះជារដូវប្រាំង និងជាពេលវេលាដែលអ្នកភូមិមួយចំនួន ដើររុករកឃ្មុំ នៅតាមតំបន់ព្រៃ ឬនៅលើភ្នំ នានានៅតំបន់នោះ។ ដូច្នេះ គេសង្ស័យថា ក្រុមអ្នកដើររកឃ្មុំ ជាអ្នកបង្កើតឱ្យមានភ្លើងឆេះព្រៃលើភ្នំជីហង្ស។
![](https://norkorthom.com/wp-content/uploads/2025/02/s2.jpg)
យ៉ាងណា បើតាមលោករឿម រាំង អធិការរងស្រុកបាណន់ ដែលបានដឹកនាំកិច្ចប្រតិបត្តិការបង្ក្រាបភ្លើងព្រៃនេះ បានបញ្ជាក់ថា កម្លាំងចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផង បានសម្រុកចូលពន្លត់ភ្លើងឆេះព្រៃនេះ។ លោកថា រថយន្តដឹកទឹក មិនអាចចូលដល់គោលដៅទេ ព្រោះគ្មានផ្លូវ និងតំបន់ខ្ពស់ តែយើងបានប្រើប្រាស់កម្លាំងចម្រុះសម្រុកចូលវាយពន្លត់តាមចង្កេះភ្នំ ដែលភ្លើងអាចឆេះរាលដាល។ លោកបានបន្ថែមថា កម្លាំងចម្រុះបង្ក្រាបអគ្គិភ័យនេះបានទាំងស្រុងនៅតាមចង្កេះភ្នំ ប៉ែកខាងក្រោមៗ តែភ្លើងព្រៃនេះបានឆេះរាលដាលកាន់ខ្លាំងឡើងទៅប៉ែកខាងលើកំពូលភ្នំ ដែលមិនអាចឡើងទៅតាមពន្លត់បាន។
![](https://norkorthom.com/wp-content/uploads/2025/02/s5-1.jpg)
លោករឿម រាំង បានបញ្ជាក់ដែរថា នៅប៉ែកខាងក្រោមៗ កម្លាំងយើងបញ្ចប់ការពន្លត់នៅម៉ោងប្រហែល៤ល្ងាចថ្ងៃដដែល តែនៅលើកំពូលភ្នំ ភ្លើងហាក់មិនថមថយទេ។ រហូតដល់ម៉ោង៣រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ មិនអាចដឹងថាតើភ្លើងដែលឆេះឡើងលើកំពូលភ្នំ រលត់អស់ហើយឬនៅនោះទេ? ព្រោះពេលថ្ងៃមិនអាចមើលឃើញ ហើយក៏មិនអាចឡើងទៅដល់ដែរ៕
![](https://norkorthom.com/wp-content/uploads/2025/02/s6-1.jpg)