ភ្នំពេញ ៖ ព្រះសង្ឃមួយអង្គ គង់ចាំមើលភ្នក់ភ្លើងនៅក្រោមកុដិសុខៗ ស្រាប់តែលេចមុខក្មេងទំនើង ៣នាក់ បើកម៉ូតូ ១គ្រឿង ចូលមក រួចហៅព្រះអង្គឱ្យទៅជិត ទះកំផ្លៀង ១ដៃ ធ្វើឱ្យព្រះអង្គស្រែកហៅព្រះសង្ឃដូចគ្នាឱ្យជួយ ហើយភ្លាមនោះ មានព្រះសង្ឃ ២អង្គទៀត និមន្តចុះពីលើកុដិ បំណងមកជួយ តែបែរជាត្រូវក្រុមក្មេងទំនើងដែលមានគ្នា៣នាក់ ទះកំផ្លៀងព្រះសង្ឃ ២អង្គនោះ ម្នាក់១ដៃថែមទៀត រួចហើយក្រុមក្មេងទំនើងក៏នាំគ្នាគេចខ្លួនបាត់អស់។
![](https://norkorthom.com/wp-content/uploads/2025/02/w4-5.jpg)
ហេតុការណ៍អំពើហិង្សានេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបរិវេណវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
![](https://norkorthom.com/wp-content/uploads/2025/02/w5-3.jpg)
ព្រះសង្ឃរងគ្រោះ មានព្រះនាម យ៉ាន មករា ព្រះជន្ម១៨វស្សា គង់នៅវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកព្រះសង្ឃរងគ្រោះ ២អង្គទៀត មិនទាន់ស្គាល់ព្រះនាម គ្រាន់តែដឹងថា គង់នៅវត្តសំបួរមាសជាមួយគ្នា។
![](https://norkorthom.com/wp-content/uploads/2025/02/w6-4.jpg)
តាមថេរដីការបស់ព្រះសង្ឃរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្ត បានដុតគល់ឈើ និងមែកឈើដែលកាប់ទុកចោល ហើយព្រះអង្គបានគង់ចាំមើលជាមួយកូនសិស្សលោក ៣ទៅ៤នាក់ទៀត ព្រោះខ្លាចឆេះរាល ដាលដល់កុដិក្នុងវត្ត។ លុះមកដល់ម៉ោងកើតហេតុ នៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្រាប់តែមានក្មេងទំនើង ១ក្រុម មានគ្នា៣នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក មកដល់កន្លែងព្រះអង្គគង់ ក្នុងស្ថានភាពស្រវឹងស្រា ពេលនោះបានស្រែកហៅព្រះ អង្គថា “អាអ្ហែងមកជិតអញ!” លុះពេលព្រះអង្គនិមន្តទៅជិត ក្មេងទំនើងនោះ បានដេញឱ្យព្រះអង្គថា «អ្ហែងប្រញាប់ចូលដេក!» ។ ពេលនោះព្រះអង្គបានតបថា “អាត្មាមិនទាន់ទៅសឹងទេ នៅចាំមើលភ្លើងរលត់សិន” ស្រាប់តែក្រុមក្មេងទំនើងទាំងនោះ បានស្ទុះមកទះព្រអង្គ ១កំផ្លៀង រួចវាយទាត់ធាក់ថែមទៀត។
![](https://norkorthom.com/wp-content/uploads/2025/02/w2-4.jpg)
ព្រះសង្ឃរងគ្រោះ បន្តថា ពេលនោះព្រះអង្គបានស្រែកហៅព្រះសង្ឃដូចគ្នាឱ្យមកជួយ ហើយក៏មានព្រះសង្ឃ ២អង្គទៀត និមន្តចុះមកពីលើកុដិ ស្រាប់តែត្រូវក្មេងទំនើងទះកំផ្លៀង ម្នាក់មួយដៃថែមទៀត។ បន្ទាប់មក ក្រុមក្មេងទំនើងបានជិះម៉ូតូគេចចូលទៅក្នុងភូមិបាត់អស់ មួយសន្ទុះក្រោយមក ក៏ឃើញមានវត្តមានកម្លាំងកងរាជ អាវុធហត្ថ ចំនួន២រូប ចុះមកដល់កន្លែងកើតហេតុ និងបានប្រាប់ព្រះអង្គថា ចាំដល់ព្រឹកចាំ ទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ។
![](https://norkorthom.com/wp-content/uploads/2025/02/w3-4.jpg)
លុះដល់ព្រឹកឡើង ព្រះសង្ឃទាំង៣អង្គ បាននិមន្តទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ដើម្បីឱ្យកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវចាប់ក្រុមក្មេងទំនើងទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។
![](https://norkorthom.com/wp-content/uploads/2025/02/w1-4.jpg)
បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីព្រះសង្ឃ ទាំង៣អង្គរួចមក កម្លាំងកងរាជអាវុធហត្ថ បានចុះមកដល់បរិវេណវត្តសំបួរមាស ស្រាវជ្រាវរហូតឈានដល់ចាប់បានជនសង្ស័យម្នាក់ យកទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធ ហត្ថខណ្ឌដង្កោ។ ចំណែកបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់ កម្លាំងកងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕