Tuesday, February 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំសុំទៅញ៉ាំអី ដេកផ្ទះមិត្តភក្តិ បា.../ត់១០ថ្ងៃ ម៉ែភ័---/យខ្លាចគេចាប់ជំ.../រិត

កូនក្រមុំសុំទៅញ៉ាំអី ដេកផ្ទះមិត្តភក្តិ បា…/ត់១០ថ្ងៃ ម៉ែភ័—/យខ្លាចគេចាប់ជំ…/រិត

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានសុំម្តាយរបស់ខ្លួនចេញទៅញ៉ាំអីជាមួយមិត្តភក្តិមួយភ្លែត លុះដល់យប់ជ្រៅបន្តិច បានទូរស័ព្ទសុំម្តាយថា គេងផ្ទះមិត្តភក្តិ ១យប់ រួចក៏បាត់ដំណឹងសូន្យឈឹង អស់រយៈពេលប្រមាណ ១០ថ្ងៃមកហើយ ធ្វើឱ្យស្ត្រីជាម្តាយ និងក្រុមគ្រួសារភ័យបារម្ភដើរស្វែងរកសព្វកន្លែងនៅតែមិនឃើញ បានត្រឹម ដង្ហោ យហៅកូនទាំងទឹកភ្នែក ឱ្យត្រឡប់មកផ្ទះវិញ ព្រោះម្តាយបារម្ភខ្លាចត្រូវគេលួងលោមនាំយកទៅធ្វើបាប ឬចាប់ជំរិត។

យុវតីរូបស្រស់ដែលបាត់ខ្លួន មានឈ្មោះស្រីម៉ី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ យុវតីរូបនេះ បានបាត់ចេញពីផ្ទះតាំងពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ នៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ។

តាមសម្តីស្ត្រីឈ្មោះចិត្រា អាយុ៣៦ឆ្នាំ ត្រូវជាម្តាយរបស់យុវតីខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កូនស្រីរបស់គាត់ឈ្មោះស្រីម៉ី បានសុំរូបគាត់ជាម្តាយ ចេញទៅញ៉ាំអីជុំមិត្តភក្តិ នៅម្តុំកំបូល លុះក្រោយពីគាត់អនុញ្ញាត កូនស្រីបានចេញទៅបាត់ទៅ។ រហូតដល់យប់ជ្រៅបន្តិច កូនស្រីបានទូរស័ព្ទមកប្រាប់ថា “ម៉ាក់ ខ្ញុំសុំគេងផ្ទះមិត្តភក្តិ ១យប់ ព្រោះខានជួបគ្នាយូរហើយ” ទើបគាត់យល់ព្រមឱ្យស្នាក់នៅផ្ទះមិត្តភក្តិ ១យប់ ដោយប្រាប់ថា ព្រឹកឡើងប្រញាប់ក្រោកត្រឡប់មកផ្ទះវិញ ព្រោះត្រូវទៅរៀន។ ស្រាប់តែព្រឹកឡើង ចាំបាត់ៗមិនឃើញកូនស្រីត្រឡប់មកផ្ទះ ទើបគាត់បានទូរស័ព្ទទៅសួរ តែគ្មានអ្នកទទួល ហើយកូនស្រីគាត់បានបាត់ខ្លួន គ្មានដំណឹង តាំងពីថ្ងៃនោះមកតែម្តង។

ស្ត្រីជាម្តាយ បន្តថា កន្លងមក កូនស្រីធ្លាប់សុំគាត់ចេញទៅដើរលេង ញ៉ាំអីជុំមិត្តភក្តិបែបនេះដែរ តែមិនធ្លាប់បាត់ពីផ្ទះបែបនេះឡើយ ហើយរាល់ពេលចេញទៅណាម្តងៗ កូនស្រីគាត់តែងសុំនិងប្រាប់គាត់ជាម្តាយគ្រប់ ពេលវេលា និងតែងត្រឡប់មកផ្ទះវិញទៀងម៉ោងណាស់ ប្លែកតែលើកនេះ មិនដឹងថាហេតុអ្វីបានជាកូនស្រីគាត់ចេញបាត់ពីផ្ទះ មិនត្រឡប់មកវិញដូច្នេះ។ អ្វីដែលគាត់ព្រួយបារម្ភបំផុតនោះ គឺខ្លាចកូនស្រីត្រូវបានគេចាប់ជំរិត ធ្វើបាប អត់សវុត្ថិភាព ត្រឡប់មកផ្ទះវិញមិនបាន ឬអាចមានអ្នកអូសទាញនាំទៅផ្លូវមិនល្អ។

ស្ត្រីជាម្តាយយុវតីខាងលើ បានបញ្ជាក់ថា កន្លងមក គាត់រស់នៅតែ ២នាក់កូនស្រីទេ ហើយរូបគាត់ជាម្តាយ មិនដែលជេរស្តី ឬប្រើពាក្យសម្តីអ្វីធ្ងន់ដាក់កូនស្រីនោះទេ ហើយក៏មិនដែលប្រើអំពើហិង្សាវាយដំកូនស្រីដែរ ព្រោះនឹកថា កូនស្រីធំហើយ ទោះមានកំហុសអ្វី ក៏គាត់ជាម្តាយ គ្រាន់តែស្តីប្រដៅធម្មតាប៉ុណ្ណោះ។

ស្ត្រីជាម្តាយ បានផ្ញើសម្តីទៅកាន់កូនស្រីរបស់ខ្លួនថា “ម៉ាក់នឹកកូនខ្លាំងណាស់ ដេកយំរាល់យប់ បើកូនបានដឹងដំណឹងនេះហើយ សូមឱ្យកូនត្រឡប់មកផ្ទះវិញ ព្រោះម៉ាក់ពិបាកចិត្តណាស់ ហេតុអ្វីបានជាកូនមិនយល់ពីចិត្តម៉ាក់? ម៉ាក់ស្មោះត្រង់ជាមួយកូន តែកូនបំផ្លាញទឹកចិត្តម៉ាក់ កូនអាត្មានិយម កុហកម៉ាក់ថា សុំទៅញ៉ាំអី ហើយមកផ្ទះវិញ តែឥឡូវអត់ឃើញមកទល់ថ្ងៃហ្នឹង…”។

ជាចុងក្រោយ ស្ត្រីជាម្តាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងដល់រូបគាត់ជាម្តាយ តាមរយៈលេខទូរស័ព្ទ ០៩៦ ៥៣០ ០០ ១៧ ដោយអនុគ្រោះ៕

RELATED ARTICLES