Tuesday, February 11, 2025
Homeតារាខ្មែរស៊ីន យូប៊ីនៈ រៀបចំកម្មវិធី «Fan Meeting »ក្រោយត្រឡប់ពីសាងផ្នួសសន្សំកុសល

ស៊ីន យូប៊ីនៈ រៀបចំកម្មវិធី «Fan Meeting »ក្រោយត្រឡប់ពីសាងផ្នួសសន្សំកុសល

ភ្នំពេញ៖ទស្សនិកជនមួយចំនួនបានបង្ហាញការងើយឆ្ងល់យ៉ាងខ្លាំងចំពោះការបាត់ពីសិល្បៈមួយរយៈធំរបស់តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស ស៊ីន យូប៊ីន ដែលហ្វេននាំគ្នាឱ្យរហ័សនាមនាងថា «Queen of BA»។ ជុំវិញការបាត់ខ្លួនពីសិល្បៈនេះផងដែរ ត្រូវបានសាម៉ីខ្លួន កញ្ញា ស៊ីន យូប៊ីន បញ្ជាក់ឱ្យដឹងក្នុងកម្មវិធី Fan Meeting ដែលរៀបចំឡើងដោយ Galaxy S25 Ultra x Shin Yubin កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្សារទំនើប Chip Mong 271 Mega Mall ថា នាងមិនបានបាត់ទៅណាពីវិស័យសិល្បៈឡើយ ព្រោះដួងចិត្ត និងវិញ្ញាណរបស់នាងផ្សារភ្ជាប់ជាមួយសិល្បៈខ្មែរអស់ទៅហើយ គ្រាន់តែថ្មីៗនេះនាងសុំដកឃ្លាការងារបន្តិច ដើម្បីសាងផ្នួសបួសជាដូនជីស្នាក់នៅក្នុងវត្តលើភ្នំមួយកន្លែង ដែលគ្មានសូម្បីតែសេវាទូរស័ព្ទសម្រាប់ទំនាក់ទំនង។

យូប៊ីន ឱ្យដឹងថា មែនទែនទៅនាងតែងតែបួសរៀនធម៌រាល់ឆ្នាំ តែដោយសារឆ្នាំនេះនាងចំណាយពេលរៀនយូរជាមុនបន្តិច ទើបធ្វើឱ្យបាត់មួយពីសិល្បៈរហូតធ្វើឱ្យហ្វេនៗកើតជាចម្ងល់បែបនេះ។ បើសួរថា តើ យូប៊ីន មានវិបត្តិផ្លូវចិត្ត ឬមានបញ្ហាផ្លូវចិត្តមែនទេទើបទៅបួសបែបនេះ? ចម្លើយ គឺទេ! ព្រោះការបួសរៀនធម៌របស់ យូប៊ីន គឺដើម្បីបង្កើនបញ្ញាសម្រាប់ការរស់នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវបានគន្លងព្រះធម៌។ ម៉្យាង ក៏បានចំណាយពេលធ្វើនូវអ្វីដែលខ្លួនចង់ធ្វើដោយអារម្មណ៍ជ្រះថ្លា តាមរយៈការរៀនធម៌ ការបួសសម្អាតទីធ្លាវត្ត និងការប្រត្តិ​បត្តិខ្លួនជាដូនជីផងដែរ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំង តារាសម្តែងឆ្នើម ស៊ីន យូប៊ីន ចេញមកពញ្ញាក់អារម្មណ៍ហ្វេនឱ្យភ្ញាក់ព្រឺត ដោយនាងស្រាប់តែបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធ Galaxy S25 Series នៅទីក្រុងបាងកក ប្រទេសថៃ យ៉ាងភ្ញាក់ផ្អើលជាមួយអង្គរក្សដើរអមសងខាង បង្ហាញពីឥទ្ធិពលដ៏មុតស្រួចរបស់សិល្បករខ្មែររូបនេះ។ មិនតែប៉ុណ្ណោះ ហ្វេនៗជាច្រើនបាននាំគ្នាឈរតម្រាបជួរគ្នាស្វាគមន៍វត្តមានរបស់តារាស្រីខ្មែររូបនេះ សូម្បីតែហ្វេនៗនៅស្រុកខ្មែរក៏នាំគ្នាបង្ហោះចែកចាយរូបភាព និងវីដេអូរបស់នាងលើបណ្តាញសង្គមយ៉ាងព្រោងព្រាតផងដែរ។

យូប៊ីន ជាសិល្បករម្នាក់ដែលមានទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយក្នុងការប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ តាមរយៈការបង្ហាញដោយផ្ទាល់ និងដោយប្រយោលទៅកាន់ពិភពលោក ដូចជាការតុបតែងសម្លៀកបំពាក់ គ្រឿងលម្អ និងការដេគ័រផ្សេងៗជាដើម។ សម្រាប់ឆ្នាំថ្មី ២០២៥ នេះ កញ្ញា ស៊ីន យូប៊ីន មានគម្រោងការងារធំៗជាច្រើនទាំងនៅក្នុង និងក្រៅស្រុក ដែលអាចឱ្យនាងបញ្ជ្រាបឥទ្ធិពលសិល្បករខ្មែរទៅកាន់ទីផ្សារអន្តរជាតិកាន់​តែខ្លាំងឡើង។

តារាភាពយន្តឆ្នើមរូបនេះនៅតែរក្សាជំហរយ៉ាងមុតមាំថា កន្លែងណាដែលមានវត្តមាន ស៊ីន យូប៊ីន ទីនោះត្រូវតែស្គាល់អំពីកម្ពុជា ហើយនាងមិនបណ្តោយឱ្យខ្មែរយើងបាក់មុខដាច់ខាត។ ប៉ុន្តែ នាងសូមម៉្យាងប៉ុណ្ណោះ គឺសូមឱ្យខ្មែរជួយជំរុញគាំទ្រខ្មែរគ្នាឯង សូមរិះគន់ក្នុងន័យស្ថាបនា កុំប្រើភាសាបែបជាន់ពន្លិចគ្នា។

ក្រឡេកទៅមើលកម្មវិធី Fan Meeting ដែល យូប៊ីន រៀបចំជាពិសេសសម្រាប់អ្នកគាំទ្រស្មោះស្ម័គ្ររបស់នាង ដោយនាងបានជួបសំណេះសំណាល ថតរូប លេងហ្គេមសប្បាយៗជាមួយកាដូអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកគាំទ្រ។ ក្នុងកម្មវិធី Fan Meeting Galaxy S25 Ultra x Shin Yubin កាលពីល្ងាចមិញ ក៏មានការចូលរួមពីសមាជិកទាំង នៃក្រុម Monster 25 គឺ OLY , KIM និង YUUKI ចូលរួមជាភ្ញៀវកិត្តិយសក្នុងការលេងហ្គេមកម្សាន្តសប្បាយៗជាមួយ យូប៊ីន និងអ្នកគាំទ្ររបស់នាង ថែមទាំងការថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកគាំ​ទ្រ​យ៉ាងសប្បាយរីករាយថែមទៀតផង។

យូប៊ីន ពិតជាសប្បាយចិត្តដែលបាននិយាយពាក្យក្នុងចិត្តជាច្រើនទៅកាន់អ្នកគាំទ្ររបស់នាង និងបានប្រាប់ឱ្យគ្រប់គ្នាត្រៀមរង់ចាំមើលស្នាដៃសិល្បៈថ្មីៗរបស់នាងដែលត្រៀមចេញឆាប់ៗនេះ៕

RELATED ARTICLES