Sunday, February 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បក្មេងទំនើង វ៉ៃខ្នោះ ១៨នាក់

បង្ក្រា…/បក្មេងទំនើង វ៉ៃខ្នោះ ១៨នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន៣ក្រុម ផ្សេងគ្នា ដោយឃាត់ខ្លួនសរុបចំនួន ១៨នាក់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ថា កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន២ក្រុម ក្រុមការ៉ុតស្លុយ (KRS) និងក្រុមមនុស្សតូចៗ (MTT) ចំនួន១៥នាក់ នៅចំណុចមុខក្លឹបនឹកអ៊ិច សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយចាប់យកម៉ូតូ ជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្មគប់ជនរងគ្រោះ តែមិនត្រូវ ហើយព្រួតគ្នាយកដុំថ្មគប់ម៉ូតូ បណ្តាលបែកក្បាំងម៉ូតូខាងឆ្វេង និងខូចខាតត្រង់ម៉ាស៊ីនម៉ូតូ)។

របាយការណ៍ដដែល បន្តថា ក្រុមក្មេងទំនើងខាងលើ បានធ្វើសកម្មភាព នៅចំណុចមុខផ្សារទំនើប អ៊ីអនម៉ល៣ ផ្លូវលេខ៦០ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១និង០៥នាទីរំលងអធ្រាត្រ ឈាចចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមក្មេងទំនើងទាំង១៥នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះសុខ ចំរើន ហៅជេម ភេទប្រុស ឆ្នាំកំណើត២០០៨។ ទី២-ឈ្មោះធូ វាសនា ហៅចិន ភេទប្រុស ឆ្នាំកំណើត២០០៦។ ទី៣-ឈ្មោះប៊ុន រស្មី ហៅប៉ែល ភេទប្រុស ឆ្នាំកំណើត២០០៨។ ទី៤-ឈ្មោះសុខ វ៉ាង ភេទប្រុស ឆ្នាំកំណើត២០០៧។ ទី៥-ឈ្មោះសុខ វណ្ណៈ ហៅយួន ភេទប្រុស ឆ្នាំកំណើត២០០៨ ។ ទី៦-ឈ្មោះស៊ុន សុភក្ត្រា ភេទប្រុស ឆ្នាំកំណើត២០០៨។ ទី៧-ឈ្មោះម៉េង ស៊្រុន ភេទប្រុស ឆ្នាំកំណើត២០០៨។  ទី៨-ឈ្មោះរិទ្ធ រ៉ាយុទ្ធ ភេទប្រុស ឆ្នាំកំណើត២០០៨។ ទី៩-ឈ្មោះអ៊ិន វិបុត្រ ហៅជេម ភេទប្រុស ឆ្នាំកំណើត២០០៨។ ទី១០-ឈ្មោះសៅ សុមាន ហៅខ្មៅ ភេទប្រុស ឆ្នាំកំណើត២០០៦។ ទី១១-ឈ្មោះជួន វុទ្ធី ភេទប្រុស ឆ្នាំកំណើត២០០៨។ ទី១២-ឈ្មោះកឹម គីមហេង ហៅអាតឿ ភេទប្រុស ឆ្នាំកំណើត ២០០៨។ ទី១៣-ឈ្មោះ គង់ ពិសិដ្ឋ ហៅសិដ្ឋតូច ភេទប្រុស ឆ្នាំកំណើត២០០៩។ ទី១៤-ឈ្មោះគា សុខរដ្ឋ ហៅរ៉ូ ភេទប្រុស ឆ្នាំកំណើត២០០៦ និងទី១៥-ឈ្មោះសាមុត សុខងី ហៅហុង ភេទប្រុស ឆ្នាំកំណើត២០០៧។

ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូម៉ាកស៊ុយស៊ូគី និចក្រូស ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាក លេខ ភ្នំពេញ 1LD-4931 ចំនួន១គ្រឿង។ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាក លេខ រតនគិរី 1F-0319 ចំនួន១គ្រឿង។

ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1BL-8502 ចំនួន១គ្រឿង។ ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយលឿង ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LH-6706 ចំនួន១គ្រឿង។  ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ស្វាយរៀង 1U-5021 ចំនួន១គ្រឿង។ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ តាកែវ 1AC-6721 ចំនួន១គ្រឿង និងម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LG-1362 ចំនួន១គ្រឿង។

របាយការណ៍ខាងលើ បានឱ្យដឹងបន្តទៀតថា នៅថ្ងៃដដែល វេលាម៉ោង ៩និង៣០នាទីយប់ កម្លាំងការិយាល័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ នៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា (យកជើងធាក់ម៉ូតូ បណ្តាលឱ្យដួល រងរបួសមនុស្ស ដាច់ភ្នែកគោល និងជង្គង់ខាងឆ្វេង) ប្រព្រឹត្តនៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩និង៣០នាទីយប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះប៉ាន ទឹប ភេទប្រុស អាយុ២៦ឆ្នាំ និងទី២-ឈ្មោះស៊ាង រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ។ ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JW-2542។

ដោយឡែក នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង ១ក្រុម មានគ្នា៣នាក់ បានប្រើដៃ វាយទៅ លើជនរងគ្រោះ បណ្តាលឱ្យបាក់ឆ្អឹងខ្ទង់ច្រមុះ) ដោយឃាត់ខ្លួននៅចំណុចលើដងផ្លូវបេតុង បុរីមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ២២៣ ភូមិ៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១០និង២៣នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគង់ មុន្នី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ យឿង ម៉េងយៀក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកបន្លែ ស្នាក់នៅផ្ទះលេខ០១ ផ្លូវលេខ២២៣ ភូមិ៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ ជនរងគ្រោះ រងរបួស បាក់ឆ្អឹងខ្ទង់ច្រមុះ ដោយសារជនសង្ស័យឈ្មោះគង់ មុន្នី និងបក្ខពួកវាយដោយប្រើដៃ នៅពេលកើតហេតុ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួង។ ចំណែកជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES