Tuesday, February 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ញើឡានម៉ូតូ ១យប់ ២០០០រៀល ភ្លើងឆេះ.../ឡាន-ម៉ូតូ ៥គ្រឿង

ផ្ញើឡានម៉ូតូ ១យប់ ២០០០រៀល ភ្លើងឆេះ…/ឡាន-ម៉ូតូ ៥គ្រឿង

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះទីតាំងផ្ញើរថយន្ត និងម៉ូតូមួយកន្លែង បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្រោយកើតហេតុ ម្ចាស់ទីតាំងរងគ្រោះ បានទួញយំប្រាប់ថា ខ្លួនទទួលផ្ញើម៉ូតូ ១យប់ តម្លៃ ២០០០រៀល ពេលនេះត្រូវភ្លើងឆេះរថយន្ត និងម៉ូតូ អស់ ៥គ្រឿង មានលុយឯណាសងគេ?

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតចំណុចឃ្លាំង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្ថែមថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ពន្លត់ទាំងស្រុង នៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ដោយឡែកចំពោះប្រភេទរថយន្តខាងលើនេះ គឺរោងផ្ញើឡាន ទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ឆេះខូចខាតសម្ភារៈ រួមមាន រថយន្តចំនួន១គ្រឿង ម៉ាក Toyota Tacoma ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0487។ ម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-8344។ ម៉ូតូ ចំនួន៥គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AG-8185។ ២-ម៉ាក ហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពត 1L-1154។ ៣- ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1KX-9327។ ៤-ម៉ាក SUZUKI Let’s ពាក់ស្លាកលេខ កំពង់ធំ 1T-2117។ ៥-ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ)។

 ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ យ៉ាងណាគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

បន្ទាប់ពីកើតហេតុខាងលើ ម្ចាស់ទីតាំងរងគ្រោះ បានទួញយំប្រាប់ថា ខ្លួនទទួលផ្ញើរថយន្តនិងម៉ូតូ ១យប់ តម្លៃ ២០០០រៀល ពេលនេះត្រូវភ្លើងឆេះរថយន្ត និងម៉ូតូ អស់ ៥គ្រឿង តើមានលុយឯណាសងគេ? …៕

RELATED ARTICLES