Tuesday, February 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានថ្មីទំនើប បើកសុខៗភ្លើងឆេះហ្ម.../ត់

ឡានថ្មីទំនើប បើកសុខៗភ្លើងឆេះហ្ម…/ត់

ភ្នំពេញ ៖ រថយន្តទំនើប ១គ្រឿង បើកសុខៗ មកដល់មុខផ្ទះ ស្រាប់តែឆ្លងចរន្តភ្លើង បង្កជាអគ្គិភ័យឆេះសន្ធោ សន្ធៅ ផ្អើលពលរដ្ឋទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែហួសពេលទៅហើយ ដោយភ្លើងបានឆេះបំផ្លាញឡានទាំងមូលអស់ទាំងស្រុងទៅហើយ។

ករណីភ្លើងឆេះរថយន្តទំនើបនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបុរី The Woods ត្រង់ចំណុចមុខផ្ទះលេខ P19 ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

រថយន្តទំនើប ដែលរងការឆាបឆេះអស់ទាំងស្រុងខាងលើ ម៉ាក LAND ROVER DEFENDER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PLK.0108។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តទំនើប ១គ្រឿង ម៉ាក LAND ROVER DEFENDER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PLK.0108 បើកបរដោយនារីម្នាក់ បានបើកចេញពីផ្ទះបងប្អូន ម្តុំបុរីសម្បត្តិមានហេង ខណ្ឌច្បារអំពៅ ដើម្បីត្រឡប់ទៅផ្ទះ ក្នុងបុរីខាងលើ លុះរថយន្តបើកដល់មុខផ្ទះរបស់ខ្លួន ស្រាប់តែរថយន្តនោះ មានភ្លើងឆេះចេញពីផ្នែកខាងមុខរថយន្ត (ផ្នែកម៉ាស៊ីនរថយន្ត)  យ៉ាងសន្ធោស ន្ធៅតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតមានហេតុការណ៍នេះភ្លាម បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ ព្រមទាំងសន្តិសុខដែលយាមក្នុងបុរី បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកជួញបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរ តែភ្លើងនៅតែបន្តឆេះយ៉ាងសន្ធៅសន្ធៅ មិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌច្បារអំពៅ ១គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ រហូតដល់វេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ថ្ងៃដដែល ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

ជុំវិញហេតុការណ៍ខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណានោះទេ តែរថយន្តទំនើបខាងលើ បានខូចខាតអស់ទាំងស្រុង។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យអាចបណ្តាលមកពីការឆ្លងចរន្តប្រព័ន្ធភ្លើង។

ពាក់ព័ន្ធករណីរថយន្ត LAND ROVER DEFENDER ត្រូវភ្លើងឆេះនេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយផ្ទាល់ពីរោងចក្រនៅប្រទេសអង់គ្លេស បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រថយន្ត Range Rover និង Defender ដែលទទួលរងអគ្គិភ័យឆាបឆេះកន្លងមក មិនមែនជារថយន្តដែលបានជាវពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក នោះទេ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ចុះថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យឆាបឆេះរថយន្ត Range Rover និង Defender នោះ មានខ្លឹមសារទាំស្រុងថា «ជាបឋម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំ សូមសម្តែងនូវសេចក្តីសោកស្តាយចំពោះករណីអគ្គិភ័យកន្លងមក លើរថយន្តម៉ូដែល Range Rover និង Defender នៅកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំ សូមបញ្ជាក់ថា រថយន្តដែលទទួលរងអគ្គិភ័យឆាបឆេះកន្លងមក មិនមែនជារថយន្តដែលបានជាវពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយផ្ទាល់ពីរោងចក្រនៅប្រទេសអង់គ្លេស។

ដូចនេះដើម្បីសុវត្ថិភាពរបស់លោកអ្នក ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំ សូមស្នើសុំឲ្យសាធារណជនគ្រប់រូប មេត្តាធ្វើការពិចារណាឲ្យបានល្អិតល្អន់ទៅលើប្រភពដើមរបស់រថយន្ត មុននឹងធ្វើការបញ្ជាទិញ និងមកទទួលសេវាថែទាំរថយន្ត  ឱ្យបានទៀតទាត់ ពីយានដ្ឋានរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានការទទួលស្គាល់និងបណ្តុះបណ្តាលត្រឹមត្រូវ ពីរោងចក្រនៅប្រទេសអង់គ្លេស ដើម្បីចៀសវាងហានិភ័យខាងលើ។

អាស្រ័យហេតុនេះ សូមសាធារណជនគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន»៕

RELATED ARTICLES