Thursday, February 13, 2025
Homeព័ត៌មានសិល្បៈនាយកុយ បន្ដព្យាបាលនៅពេទ្យថៃ ក្រោយវះកាត់​រួច

នាយកុយ បន្ដព្យាបាលនៅពេទ្យថៃ ក្រោយវះកាត់​រួច

បាងកក (ថៃ) ៖ កំពូលតារាកំប្លែងជើងចាស់ លោកជួង ជី ហៅនាយកុយ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវចូលពេទ្យភ្លាមៗ ហើយត្រូវបានគ្រូពេទ្យជំនាញពិនិត្យឃើញថា មានដុំសាច់ក្នុងពោះវៀនធំ តម្រូវឲ្យវះកាត់ជាបន្ទាន់ ដែលមកដល់ពេលនេះ បើតាមកូនៗរបស់លោក បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានធ្វើការវះកាត់ដុំសាច់នោះបានដោយជោគជ័យហើយ។  

កូនប្រុសនាយកុយ គឺនាយកយ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា នាយកុយ ត្រូវបានវះកាត់យកដុំសាច់ក្នុងពោះវៀនធំ ចេញដោយជោគជ័យរួចហើយ ប៉ុន្តែពេលនេះនាយកុយ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅទ្បើយ ដោយសារនៅមានឈាមហូរ។ ពេលខ្លះនាយកុយ បានដឹងខ្លួន ហើយក៏សម្ងំគេងទៅវិញយកកម្លាំង។

កូនរបស់នាយកុយ បានឲ្យដឹងបន្តថា ចំពោះដុំសាច់ដែលបានកាត់ចេញពីពោះវៀនធំនោះ ត្រូវបានពេទ្យយកទៅពិនិត្យបន្តទៀត ដើម្បីបញ្ជាក់ថា ជាដុំសាច់ស្លូតធម្មតា ឬជាដុំសាច់កាច (មហារីក) ដែលគ្រូពេទ្យនៅមន្ទី​រពេទ្យបាងកក ប្រទេសថៃ នឹងជម្រាបប្រាប់នៅពេលក្រោយ។

កូនស្រីរបសនាយកុយ ឈ្មោះ លីកា ដែលបានទៅមើលថែឪពុកនៅមន្ទីរពេទ្យបាងកក ប្រទេសថៃ បានឲ្យដឹងនៅថ្ងៃដដែលនោះថា  «ប៉ាគាត់បានវះកាត់រួចហើយ គ្រាន់តែនៅតាមដាន ។ សម្រាប់ខ្ញុំនិងគ្រួសា រឹងមាំទេ និងធូរចិត្ត ពេលដែលជួយប៉ាទាន់ពេល។ អរគុណការស្រលាញ់ និងបារម្ភដល់ប៉ារបស់ខ្ញុំ ពីបងប្អូនអ៊ំពូមីងទាំងអស់»។

កូនស្រីនាយកុយ បន្តថា «ទោះថ្ងៃខាងមុខយ៉ាងម៉េច ជំងឺវិវត្តយ៉ាងម៉េចយើងមិនដឹង តែមួយដំណាក់កាល មួយដំណាក់កាល ពេលនេះប៉ាព្យាយាមហើយ ទឹកមួយតំណក់ក៍មិនបានចូលមាត់ ៤ថ្ងៃហើយ សាកស្រមៃមើល…» ។

សូមបញ្ជាក់ថា មុនពេលចូលបន្ទប់វះកាត់ នាយកុយ បានជូនដំណឹងម្ចាស់កម្មវិធីនានាដែលបានជួលលោកសម្តែង ច្រៀងកាត់សកើមង្គលការជាដើម អធ្យាស្រ័យដល់រូបលោក ដោយសារតែលោកមានបញ្ហាសុខភាព ត្រូវធ្វើការវះកាត់ជាបន្ទាន់។

បន្ទាប់ពីទទួលបានដំណឹងស្តីពីនាយកុយ ចូលពេទ្យ វះកាត់នេះ សាធារណជន អ្នកគាំទ្រនាយកុយ ជាពិសេសមិត្តអ្នកសិល្បៈរួមអាជីព បានបង្ហាញក្តីបារម្ភ និងជូនពរឲ្យតារាកំប្លែងល្បីរូបនេះ ឆាប់បានជាសះស្បើយ វិលត្រលប់មករកអាជីពវិញ។

តារាកំប្លែង លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ជូនពរសម្លាញ់កុយ ឆាប់ជាសះស្បើយ នឹងវិលមកជួបគ្នាលើឆាកបាយ័ន តន្ត្រីស្រុកស្រែ ដើម្បីកំដរអា​រម្មណ៍សប្បាយៗជូនបងប្អូនប្រជាពលរដ្ឋយើង ឲ្យលោកសប្បាយៗ»។

ចំណែកតារាពហុជំនាញ ខាត់ សុឃីម ដែលជាដៃគូច្រៀងសម្តែងកាត់សក់មង្គលការ ជាមួយនាយកុយ បានសរសេរជូនពរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា «ជូនពរបងកុយ ឆាប់ជា ឆាប់បានកាត់សក់ជាមួយគ្នាវិញ»។

ចំណែកថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃសមាគមសិល្បករខ្មែរ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាកំប្លែងជើងចាស់ លោក ជូង ជី ហៅនាយកុយ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ  ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីពសិល្បៈរបស់លោក ។ ដូច្នេះដើម្បីសម្រាលបន្ទុកចំណាយក្នុងសម្រាកព្យាបាល  ក្រុមការងារបានប្រគល់ជូនថវិកាឧបត្ថម្ភពីសមាគមសិល្បករខ្មែរ ចំនួន ១ ០០០ ០០០រៀល និងថវិកាចំនួន ១ ០០០ ០០០រៀលទៀត របស់លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ជូនដល់តារាកំប្លែង លោក ជួង ជី ហៅនាយកុយ និងក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ រួមទាំងសមាជិក សមាជិកាទាំងអស់ សូមជូនពរដល់តារាកំប្លែង លោក ជួង ជី ហៅនាយកុយ  ឆាប់បានជា​សះស្បើយ និងមានសុខភាពល្អបរិបូរណ៌ ដើម្បីបន្តចូលរួមបម្រើអារម្មណ៍ ផ្ដល់នូវភាពសប្បាយរីករាយដល់មហាជនខ្មែរ ទូទៅឡើងវិញ។

សមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ការជួយសម្រាលទុក្ខលំបាកដល់សិល្បករ ពិសេសសមាជិករបស់សមាគម គឺជាការងារអាទិភាពមួយ នៅក្រោមការដឹកនាំរបស់លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងចំណោមកិច្ចការអាទិភាពមួយចំនួនទៀត ដែលបានកំណត់នៅក្នុងផែនការសកម្មភាពរបស់សមាគម ក្នុងការរួមចំណែកលើកកម្ពស់វិស័យសិល្ប: វប្បធម៌ជាតិ ជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ៕ ខៀវទុំ

RELATED ARTICLES