ភ្នំពេញ៖ពិធីការិនីគង់ សុជាតិ បានបដិសេធសម្ភាសន៍ជាមួយអ្នកសារព័តមានប៉ុន្មានខែចុងក្រោយនេះទាំងការជួបផ្ទាល់ និងដាក់សំណួរតាមណ្ដាញសង្គមដែលភាពប្រែប្រួលនេះក្រោយពីនាងបានតំណែងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។នេះជាភាពប្រែប្រួលមួយក្នុងអាជីពរបស់សុជាតិ ខណៈដែលប្រឡូកអាជីពសិល្បៈជាង២០ឆ្នាំនេះនាងមិនដែលបដិសេធក្នុងការសម្ភាសន៍ជាមួយអ្នកសារព័តមានឡើយ ។
![](https://norkorthom.com/wp-content/uploads/2025/02/a5-1.jpg)
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះគង់ សុជាតិ បាននិយាយថាមូលហេតុដែលនាងលែងសម្ភាសន៍ជាមួយអ្នកកាសែតដោយសារតែនាងពេលនេះចាស់ហើយ ។សុជាតិ និយាយយ៉ាងខ្លីថា«អរ!ខ្ជិលសម្ភាសន៍ ខ្ញុំចាស់ហើយ !» ។
![](https://norkorthom.com/wp-content/uploads/2025/02/a2-1.jpg)
តាមព័តមានថាការអះអាងវ័យជ្រេរបស់គង់ សុជាតិ ជាហេតុផលនាងលែងផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័តមាននោះមិនទាន់គ្រប់គ្រាន់ឡើយ ប៉ុន្ដែពេលខ្លះពិធីការិនីជើងចាស់រូបនេះមានការធុញទ្រាន់រឿងសារព័តមានខ្លះចេះតែរំលឹកពីរឿងអតីតកាលរបស់នាងពិសេសគឺត្រូវប្ដីក្មេងជា វិបុល ក្បត់ផិតកាលពីឆ្នាំ២០២០ នោះទើបធ្វើឲ្យនាងចេះតែគេចៗជាមួយអ្នកកាសែត ព្រោះខ្លាចជួបរឿងចាស់ជាថ្មី នាំឲ្យកាន់តែឈឺក្បាល ។
![](https://norkorthom.com/wp-content/uploads/2025/02/a7.jpg)
គង់ សុជាតិ វ័យ៤៨ឆ្នាំហើយ តែរូបសម្រស់របស់នាងនៅរក្សាបានក្មេងជាងវ័យ ត្រូវប៉ាន់កាន់កម្មវិធីប្រគុំតន្រ្ដីធំៗ និងតាមក្រុមហ៊ុនAgency ទាំងឡាយ ។ប្រភពបានឲ្យដឹងថាភ្ញៀវចូលចិត្តជួលសុជាតិ ធ្វើជាMC ដោយសារ តែនាងចាប់ដៃជាមួយប្ដីដ៍សាកសមពោលគឺទៅទាំងគូ ដែលធ្វើឲ្យម្ចាស់កម្មវិធីពេញចិត្តព្រោះការនិយាយរបស់នាងនិងប្ដីមិនដែលផ្ទុយពីប្រធានបទនៃកម្មវិធីឡើយ ។ទោះជាយ៉ាងណានៅតែមានអ្នកខ្លះខ្សឹបខ្សៀវគ្នាថាសុជាតិ ចង់ធ្វើMC ជាមួយប្ដី ព្រោះខ្លាចស្រីផ្សេងញ៉ែប្ដី ពោលគឺតាំងពីផ្ទុះរឿងលោកជា វិបុល លួចបង្កាត់ភ្លើងស្នេហាក្រៅឆាកជាមួយនាងចាន់ កែវនិមល កាលពីឆ្នាំ២០២០ នោះមកសុជាតិ មានការប្រុងប្រយ័ត្ន ពីដៃគូប្ដីជាងមុន ព្រោះនាងមិនចង់«ចោរលួចគោបាត់ ទើបធ្វើរបង»នោះទេ ។
![](https://norkorthom.com/wp-content/uploads/2025/02/a3-1.jpg)
សូមបញ្ជាក់ថាគង់ សុជាតិ ត្រូវបានអ្នកឧកញ៉ាម់ៅ ចំណាន ប្រធានសិល្បករខ្មែរ ពេញចិត្តឲ្យនាងកាន់តួនាទីជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ រយៈពេលជាង៤ខែមកហើយដែលពេលនេះសុជាតិ កាន់តែមមា ញឹកខ្លាំងទាំងគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួននិងការងារសិល្បៈ។ប៉ុន្ដែអំឡុងពេលដែលសុជាតិ សឹងតែគ្មានពេលបានដេកពួននេះនាងបែជាឆ្លៀតនាំស្វាមីចេញទៅដើរកម្សាន្ដនៅក្រៅស្រុក និងតំបន់ទេសចរណ៍ក្នុងស្រុកជាបន្ដបន្ទាប់ទៅវិញ ដែលចំណុចនេះគេជឿថាមកពីរូបនាងនិងប្ដីចង់រឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត បើទោះជាចាប់ដៃគ្នាជាង១១ឆ្នាំទើបបានកូនស្រី១ អាយុជាង៨ឆ្នាំ ហើយគម្រោងយកកូនភ្លោះប្រុសត្រូវជាប់គាំងជាង៥ឆ្នាំទៅហើយក្ដី ។
![](https://norkorthom.com/wp-content/uploads/2025/02/a4-1.jpg)
គួរកត់សម្គាល់ដែរថាអំឡុងគង់ សុជាតិ កាន់តំណែងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ នោះស្វាមីក្មេងរបស់នាងលោកជា វិបុល ក៍មានតួនាទីជាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយករង ផងដែរ ៕
![](https://norkorthom.com/wp-content/uploads/2025/02/a1-1.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/a6.jpg)