![](https://norkorthom.com/wp-content/uploads/2025/02/photo_2025-02-14_21-02-21-1024x549.jpg)
ភ្នំពេញៈ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណរ៉ា បានលើកឡើងថា នៅកម្ពុជា ផ្ទុយពីប្រទេសថៃ ឬអាមេរិក ដែលអ្នកមានគេធ្វើនយោបាយ ដើម្បីការផ្លាស់ប្តូរអំណាចដឹកនាំរដ្ឋ តាមរយៈការបោះឆ្នោត ឯនៅកម្ពុជា អ្នកក្រធ្វើនយោបាយ គឺដោយសារការឈឺចាប់ ភាពអយុត្តិធម៌ ការជិះជាន់ ដូចពាក្យស្លោកថាថា “ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ” តែគណបក្សជំនាន់ថ្មី អត់មានរើបម្រះដោយហិង្សា ឬគំនិតជ្រុលនិយម គឺគោរពតាមច្បាប់ រដ្ឋធម្មនុញ្ញ រង់ចាំការប្រកួតការបោះឆ្នោត ៥ឆ្នាំម្ដង ។
ថ្លែងនៅក្នុងពិធីសម្ពោធទីស្នាក់ការ និងប្រកាសសុពលភាពក្រុមការងារគណបក្សជំនាន់ថ្មីខេត្តខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ហេតុអ្វីនៅប្រទេសកម្ពុជា អ្នកក្រធ្វើនយោបាយ? ផ្ទុយពីនៅប្រទេសថៃ ឬប្រទេសអាមេរិក អ្នកមានគេធ្វើនយោបាយ ដើម្បីការផ្លាស់ប្តូរអំណាចដឹកនាំរដ្ឋ តាមរយៈការបោះឆ្នោត ។ យ៉ាងណា លោកថា ធ្វើនយោបាយ ត្រូវហ៊ានប្រថុយនឹងឧបសគ្គ សូមកុំស្ទាក់ស្ទើរ ឱ្យតែដើរលើផ្លូវត្រូវ ទើបអាចទៅរកភាពជោគជ័យ ។ !
![](https://norkorthom.com/wp-content/uploads/2025/02/photo_2025-02-14_20-55-07-1024x682.jpg)
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍នៅពេលនោះថា “ យើងកុំដាក់បណ្ដាសាខ្លួនឯង ។ ធ្វើនយោបាយមានមហិច្ឆតា ហើយបើយើងធ្វើនយោបាយបាត់ក្ដីសង្ឃឹម ដូចយើងដាក់បណ្ដាសាខ្លួនឯង ហើយខាតពេលទេ ។ សួរថា យើងមកចូលនយោបាយចំណេញស្អី? ហេតុអីបាននៅប្រទេសកម្ពុជា អ្នកក្រធ្វើនយោបាយ? ហេតុអីបាននៅថៃ នៅសហរដ្ឋអាមេរិក សេដ្ឋីអ្នកមាន បានគេធ្វើនយោបាយ? គឺដោយសារការឈឺចាប់ ភាពអយុត្តិធម៌ ការជិះជាន់ ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ តែអត់មានរើបម្រះដោយហិង្សា ឬគំនិតជ្រុលនិយមណាទេ ជំនាន់ថ្មី ។ រើបម្រះដោយភាពក្លាហាននៃបញ្ញា នៃចំណេះដឹង ហើយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ រង់ចាំការប្រកួត៥ឆ្នាំំម្ដង ។ នេះជាគោលបំណងចេញពីឆន្ទៈគណបក្សជំនាន់ថ្មី ។ អ៊ីចឹងហើយខ្ញុំអរគុណដល់សកម្មជននៅទីនេះ ហើយខ្ញុំមើលឃើញប្អូនយុវជន ទាំងការឡើងនិយាយ ទាំងរបៀប គឺអាចនឹងក្លាយជាអ្នកនយោបាយវ័យក្មេងគំរូ “ ។
![](https://norkorthom.com/wp-content/uploads/2025/02/photo_2025-02-14_20-58-26-1024x682.jpg)
បន្ថែមការលើកឡើងខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ថា ការដែលលោកថា នៅកម្ពុជា អ្នកក្រធ្វើនយោបាយ ដោយសារពួកគាត់ស្រលាញ់ប្រទេសជាតិមាតុភូមិរបស់គាត់ មើលឃើញភាពអយុត្តិធម៌ ការរំលោភបំពាន អំពើពុករលួយរបស់អ្នកដឹកនាំ ធ្វើឲ្យពួកគាត់មានការឈឺចាប់ ទើបធ្វើឲ្យមានភាពក្លាហានដោយគតិបណ្ឌិត ដោយចំណេះដឹងតិចតួច រួមគ្នាធ្វើនយោបាយប្រកួតប្រជែងតាមបែបអហិង្សា ដោះស្រាយដោយសន្តិវិធី តាមរយៈការបោះឆ្នោត ដែលវាផ្ទុយពីនៅថៃ និងអាមេរិក ដែលនៅពេលចូលវិវត្តន៍ ក៏ចង់ចូលបម្រើជាតិគេ ទាំងដែលក្រុមគ្រួសារគេរស់នៅក្នុងជីវភាពគ្រប់គ្រាន់ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ រឿងការធ្វើនយោបាយឈ្នះឬចាញ់ វាជារឿងមួយទៅតាមបែបបទលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយរបបសេរីពហុបក្ស ការប្រកួតប្រជែងគ្នាមានចាញ់ មានឈ្នះ ដោយយុត្តិធម៌ ដោយតម្លាភាព ដោយគណនេយ្យភាព សេរីត្រឹមត្រូវ ដែលអាចទទួលយកបាន ដែលមិនមានការគាបសង្កត់ផ្នែកនយោបាយណាមួយ ទៅលើភាគីនិន្នាការផ្ទុយគ្នា នៃគណបក្សនយោបាយ ពហុគំនិតផ្ទុយគ្នា នៃបក្សប្រកួតប្រជែងក៏ដោយ ប៉ុន្តែជាការតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ។ អ៊ីចឹងការធ្វើនយោបាយចាញ់ឈ្នះ វាជារឿងគោលនយោបាយ៥ឆ្នាំម្ដង ហើយអ្វីដែលថា នៅកម្ពុជា អ្នកក្រធ្វើនយោបាយ ត្រង់ថា អ្នកក្រ គាត់មានការឈឺចាប់ គាត់ស្រលាញ់ប្រទេសជាតិមាតុភូមិរបស់គាត់ ដោយមើលឃើញភាពអយុត្តិធម៌ ការឈឺចាប់ ការរំលោភបំពាន ការធ្វើឲ្យគាត់ជួបនូវវិបត្តិសង្គម ជួបនូវកត្តាជីវភាព ជាពិសេសនោះ គឺភាពអយុត្តិធម៌ អំពើពុករលួយរបស់អ្នកដឹកនាំ ឬក៏អ្នកនយោបាយណាដែលមិនជាការពេញចិត្តចំពោះគាត់ ។ អ៊ីចឹងហើយបានពួកគាត់យកអាការឈឺចាប់ហ្នឹងទៅធ្វើនយោបាយក្នុងការប្រកួតប្រជែងគ្នាមួយ ដែលមិនសងសឹក ហិង្សានយោបាយ ក្រៅពីប្រកួតគោលនយោបាយ ។ អ៊ីចឹងយើងឃើញថា នៅកម្ពុជា គឺអ្នកដែលមានការឈឺចាប់ ជីវភាពជួបការលំបាកហ្នឹង ដោយសារគាត់មើលឃើញភាពអយុត្តិធម៌ អំពើពុករលួយ ការជិះជាន់សិទ្ធិសេរីភាព សិទ្ធិនយោបាយហ្នឹងហើយ បានគាត់មានភាពក្លាហានដោយគតិបណ្ឌិត ដោយចំណេះដឹងតិចតួច ឬក៏មានលទ្ធភាព សមត្ថភាពបែបណា គាត់ថា គាត់រួមគ្នាធ្វើនយោបាយប្រកួតប្រជែងតាមបែបអហិង្សា ដោះស្រាយដោយសន្តិវិធី តាមរយៈការបោះឆ្នោត វាផ្ទុយពីនៅថៃ នៅអាមេរិក គឺថា ប្រទេសគេអនុវត្តនីតិរដ្ឋហ្នឹងវារាប់រយឆ្នាំហើយ នៅថៃវាជាង៦០ឆ្នាំហើយ ។ អ៊ីចឹងគេនៅមានការបង្ហាញនីតិរដ្ឋឯករាជ្យគណៈកម្មាធិការជាតិរៀបចំការឯករាជ្យ ដូចនៅថៃ តុលាការធម្មនុញ្ញថៃ ហើយនិងច្បាប់គេហ្នឹង គឺប្រាកដប្រជាសឹងតែមួយរយភាគរយ ។ អ៊ីចឹងអ្នកមានគេរកស៊ីមានបាន ហើយគេជិតចូលនិវត្តន៍ ឬក៏គេដកខ្លួន ដោយសារគ្រួសារ ដោយសារកូនចៅគេបានចម្លង មានលទ្ធភាព មានសមត្ថភាពរស់បានហើយ មានទ្រព្យធន មានមុខរបរហើយ អ៊ីចឹងហើយអ្នកនយោបាយជាឪពុកម្ដាយ ជាតា ជាយាយ ជាម្ដាយអីហ្នឹង គឺថា គាត់ចូលខ្លួនធ្វើនយោបាយដើម្បីជីវិតចុងក្រោយគាត់បម្រើជាតិ បម្រើប្រជារាស្រ្ត ទៅតាមអ្វីដែលច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសគេហ្នឹងអនុញ្ញាតឲ្យសេរីភាពពេញលេញ សិទ្ធិធ្វើនយោបាយដោយគ្មានការបង្ខិតបង្ខំ ការគំរាមកំហែង ការបង្កើតអំពើពុករលួយ បក្ខពួក គ្រួសារនិយម វាផ្ទុយគ្នាអ៊ីចឹង “ ។
![](https://norkorthom.com/wp-content/uploads/2025/02/photo_2025-02-14_20-57-21.jpg)
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ហើយចំណុចនេះ ខ្ញុំចង់និយាយថា បើយើងចូលខ្លួនក្លាយជាអ្នកនយោបាយ យើងត្រូវហ៊ានប្រថុយទៅនឹងឧបសគ្គ ហើយប្រថុយទៅនឹងឧបសគ្គហ្នឹង គឺថា ប្រថុយនៅក្នុងរបៀបជាបញ្ញា ជាការប្ដូរយុទ្ធសាស្រ្តនយោបាយ តែយើងអត់ដូរគោលដៅដែលយើងត្រូវធ្វើនយោបាយ ដើម្បីឲ្យទៅដល់គោលដៅតាមរយៈសង្គមប្រជាធិបតេយ្យសេរីពហុបក្សណាដែលមិនផ្ទុយពីច្បាប់ ដែលមិនហិង្សានយោបាយ ដែលមិនមានគំនិតជ្រុលនិយម ហើយឧបសគ្គហ្នឹង យើងដឹងហើយ ឧបសគ្គវាតែងតែមានហើយ ។ អ៊ីចឹងហើយយើងកុំស្ទាក់ស្ទើរ បើយើងដាក់ខ្លួនចូលក្នុងនយោបាយ គឺយើងត្រូវបម្រើជាតិ បម្រើប្រជាពលរដ្ឋ ទៅតាមចំណេះជំនាញផ្នែកនយោបាយ ភាពជាអ្នកដឹកនាំ ភាពជាអ្នកនិយាយ ភាពជាអ្នកទំនាក់ទំនងសាធារណៈបែបណា ដើម្បីឆក់យកបេះដូងប្រជាពលរដ្ឋឲ្យមានប្រជាប្រិយភាពទៅ ហ្នឹងពលរដ្ឋម្ចាស់ឆ្នោតគាត់គាំទ្រ គាត់បោះឆ្នោតឲ្យ ហើយដើរនៅលើផ្លូវត្រូវ ផ្លូវច្បាប់ណាដែលមិនផ្ទុយនឹងច្បាប់ប្រទេស មិនផ្ទុយនឹងច្បាប់គណបក្សនយោបាយ មិនផ្ទុយនឹងច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនផ្ទុយនឹងច្បាប់ឧក្រិដ្ឋណាដែលយើងធ្វើដោយសន្តិវិធី អហិង្សា ហើយយកការប្រកួតប្រជែងគោលនយោបាយ និងកម្មវិធីគោលនយោបាយជារឿងនៅលើផ្លូវដើរត្រូវហ្នឹង អ៊ីចឹងហើយទើបយើងទៅរកភាពជោគជ័យ ។ អានេះជាការបង្ហាញរបស់ខ្ញុំចំពោះទស្សនវិស័យ ទស្សននយោបាយបែបណា សម្រាប់អ្នកនយោបាយវ័យក្មេង នៃបក្សជំនាន់ថ្មី ត្រូវដើរនៅលើផ្លូវត្រូវ ផ្លូវដែលស្របច្បាប់ ផ្លូវដែលប្រើបញ្ញា ប្រើចំណេះដឹង ហើយប្រកួតប្រជែងគ្នាបែបណា យកគោលនយោបាយជាធំ យកគោលការណ៍ យកលក្ខន្តិកៈរបស់គណបក្ស បទបញ្ជាផ្ទៃក្នុង ប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ទៅតាមលទ្ធភាព សមត្ថភាព ចំណេះជំនាញ ដោយមិនបៀតបៀន មិនធ្វើឲ្យគេឈឺចាប់ ឬក៏អយុត្តិធម៌ណា ដែលផ្ទុយនឹងច្បាប់ជាតិ ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលធានានិងការពារដល់បុគ្គលគ្រប់រូប មិនថាភេទប្រុស ភេទស្រី ឬក៏ភេទខ្ទើយ គឺថា មានសិទ្ធិធ្វើនយោបាយពេញលេញ មានសិទ្ធិធ្វើជាអង្គការសង្គមស៊ីវិល ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គម មានសិទ្ធិធ្វើជាអ្នកសារព័ត៌មានឯករាជ្យ ដើម្បីបង្ហាញនូវព័ត៌មានពិត ជាជាងបង្ហាញនូវព័ត៌មានការពារណាដែលផ្ទុយពីច្បាប់ ហើយធ្វើឲ្យបែកបាក់ជាតិ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារតែឥទ្ធិពលនយោបាយ ឬក៏ធ្លាក់ទៅក្នុងអំណាចដែលមិនមែនជារបបប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិអីជាដើមហ្នឹង “ ។
ក្រៅពីលើកឡើងទាក់ទងនឹងរឿងនយោបាយខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបង្ហាញព្រួយបារម្ភទៅដល់ជីវិតរស់នៅរបស់ភរិយានិងកូនរបស់លោកនៅឯសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីបានទទួលដំណឹងថា ភរិយានិងកូនស្រីពៅរបស់លោក បានជួបគ្រោះថ្នាក់ចរចារណ៍ ។
លោកមាជ សុវណ្ណារ៉ា បានឲ្យដឹងថា “ ភរិយា និងស្រីកូនពៅរបស់ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ ដឹកទៅកាន់មន្ទីរពេទ្យនៅទីក្រុងឡុងប៊ិច នៅរសៀលថ្ងៃទី១១ កុម្ភៈ ២០២៥ នេះ ម៉ោងនៅសហរដ្ឋអាមេរិក ។ ហេតុការណ៍៖«ឡានគ្រួសាររបស់ខ្ញុំ បើកនៅលើផ្លូវត្រូវ ផ្លូវត្រង់ ផ្លូវអាទិភាព ដោយឡានភាគីម្ខាងទៀតបានបើកឡានបត់កាត់ទទឹងផ្លូវ ក៏បុកឡានគ្រួសាររបស់ខ្ញុំតែម្តងទៅ»។ សូមកុំឱ្យមានអ្វីកើតមានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតរបស់ពួកគេជាភរិយា និងកូនពៅរបស់ខ្ញុំឡើយ” ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ វាជារឿងធម្មតា នៅពេលដែលយើងឃើញមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បែបរន្ធត់ណាមកលើក្រុមគ្រួសារយើង ជាភរិយា ជាកូនបង្កើតទៅទៀត ។ អ៊ីចឹងក្នុងនាមជាស្វាមី ជាឪពុក យើងតែងតែមានភាពក្ដុកក្ដួល និងព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងសុវត្ថិភាពជីវិតរបស់ពួកគាត់ ។ យើងដឹងហើយថា គ្រោះថ្នាក់ចរាចរណ៍ វាមិនមែនជារឿងងាយស្រួលធ្វើឲ្យជីវិតហ្នឹងល្អប្រសើរទេ វាអាចប៉ះពាល់គ្រោះថ្នាក់បែបណាៗ ក្រំនៅក្នុងខ្លួន ឬក៏ប៉ះស្បែករលាត់ បាក់ដៃ បាក់ជើង ជាដើម ។ អ៊ីចឹងហើយវាជារឿងធម្មតាសម្រាប់ជាឪពុក ជាប្ដី ដែលឃាតឆ្ងាយ យកជីវិតមកតស៊ូនៅក្នុងសមរភូមិគ្រោះថ្នាក់ នៃសង្វៀននយោបាយដែលមិនទាន់ល្អប្រាកដពីការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោផរពសិទ្ធីមនុស្សទៅទៀត ជាពិសេសសុវត្ថិភាពជីវិតនយោបាយនៅកម្ពុជាហ្នឹង “ ៕