Sunday, February 16, 2025
Homeព័ត៌មានសិល្បៈក្រសួងវប្បធម៌ ណែនាំបញ្ឈប់និពន្ធចម្រៀង បង្កប់ន័យគ្រោ.../តគ្រាត អសុ---/រោះ

ក្រសួងវប្បធម៌ ណែនាំបញ្ឈប់និពន្ធចម្រៀង បង្កប់ន័យគ្រោ…/តគ្រាត អសុ—/រោះ

ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គម ឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃ សិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម។ ជាមួយនេះ ក្រសួងវប្បធម៌ បានព្រមានថា នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ  ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ទៀតផង។

យោងតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម មានខ្លឹមសារទាំងស្រុងថា «ថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិ ដែលជាកាយវិការមួយគួរឱ្យគោរពនិងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈ និងបុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀង បទចម្រៀង ឬស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។

ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមាន ដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាពេលកន្លងមក។

ក្រសួង ក៏សូមអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុងបណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយ បញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។

ក្រសួង នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្ម ភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែលប្រើប្រាស់សិល្បៈ វប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិយើង»៕

RELATED ARTICLES