Thursday, February 20, 2025
Homeព័ត៌មានសិល្បៈលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានៈ ដឹកនាំសប្បុរសជន និងសិល្បករនាំយកអំពូលសូឡា៥០០ឈុតទៅប្រគល់ជូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងភូមិ​សាស្ត្រ​ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានៈ ដឹកនាំសប្បុរសជន និងសិល្បករនាំយកអំពូលសូឡា៥០០ឈុតទៅប្រគល់ជូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងភូមិ​សាស្ត្រ​ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំសប្បុរសជន និងសិល្បករមួយចំនួននាំយក អំពូលសូឡាចំនួន៥០០ឈុត ទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរនៅភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលកំពុងមានតម្រូវការអគ្គិសនីជាចាំបាច់។ នៅក្នុងដំណើរឆ្ពោះទៅកាន់ខេត្តភាគឥសាន្តនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការទេសចរណ៍ និងជាក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ។ នេះក៏ដើម្បីជាការលើកទឹកចិត្ត និងការកោតសរសើរអំពីការតស៊ូលះបង់របស់បងប្អូនដែលរស់នៅទីនេះ ដើម្បីជាផ្នែកមួយរួមចំណែកជាបង្គោលព្រំដែនក្នុងការការពារជាតិ និងកំពុងខ្វះខាតអំពូលសូឡាដើម្បីផ្គត់ផ្គង់នូវតំរូវការចាំបាច់ និងបន្ទាន់សំរាប់ជួយសំរួលការរស់នៅរបស់ពួកគាត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួង​ទេសចរណ៍សមាជិក្រុមប្រឹក្សាភិបាលសមាគម បាននាំយកអំពូលសូឡា ២៩៣ ប្រគល់ជូនដល់គ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ម្ដងរួចមកហើយ ក្រោមមានវត្តមានឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សិល្បករ សិល្បការនី សប្បុរសជន អាជ្ញាធរស្រុក និងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ៕

RELATED ARTICLES