ភ្នំពេញ៖នាដការីរូបស្រស់សោភាសុខគា គីមលាង បានច្រានចោលចំពោះអ្នកចោទប្រកាន់នាងថារឿងបើកឆាកដំបូងក្នុងអាជីពរបស់នាង«សាសនា ងងឹត» នោះជារឿងសម្លាប់ឆ្មា ដោយថែមទាំងមានអ្នកប្រកូកប្រកាសនៅលើបណ្ដាញសង្គមកុំឲ្យទៅមើលរឿងរបស់LD មួយនេះទៀតផង ខណៈពេលនេះKon Ant ឬកូនស្រមោច អះអាងថានោះជាការយល់ច្រឡំធំតែម្ដង ព្រោះរឿងនោះនាងមិនបានសម្លាប់ឆ្មាទេ ។ប៉ុន្ដែនាងថាទន្ទឹមនិងនោះក៍មានបងប្អូនមួយចំនួនគាត់ចូលទៅខមិនថាថារឿងសម្លាប់ឆ្មានោះមិនមែនសាច់រឿងនាងលេងទេ កុំចេះតែវាយតម្លៃ… ។


ជាមួយនឹងការខកចិត្តខ្លះថារឿងទី១របស់ខ្លួនត្រូវគេចោទថាជារឿងសម្លាប់ឆ្មា នោះនាដការីគួរឲ្យក្នក់ក្នាញ់ក៍មានការលើកទឹកចិត្តពីFan របស់នាងដែរ ហេតុនេះនាងថាសង្ឃឹមជោគជ័យដល់ទៅ៧០% ទោះមិនទាន់ដាក់បញ្ចាំង ចំណែក៣០%ទៀតនាងថាទុកឲ្យអ្នកទស្សនាដាក់ពិន្ទុឲ្យ និងថាបើមានកំហុសខុសឆ្គង កន្លែងណា មើលទៅអត់ទាន់ល្អឥតខ្ចោះនាងទទួលយកការផ្ដល់យោបល់ ក្នុងន័យរិះគន់ដើម្បីស្ថាបនា ដើម្បីឲ្យរឿងក្រោយៗទៀតនាងកែនូវចំណុចខ្វះខាត នឹងធ្វើឲ្យកាន់តែល្អ ហើយរឿងនេះសម្ពោធនៅថ្ងៃទី៣ ខែ៣ នឹងដាក់បញ្ចាំងនៅថ្ងៃទី៦ខែ៣ ខាងមុខនេះហើយ។

សុខគា គីមលាង ថានៅដើមឆ្នាំ២០២៥ នេះនាងមិនទាន់ទទួលថតរឿងថ្មីនោះទេប៉ុន្ដែមុននេះបានធ្វើការងារច្រើនជាមួយលោកឆន សុវណ្ណារាជ តាមរយៈកម្មវិធី«សាកស្រលាញ់គ្នា បានទេ?» ដែលមានឈុតខ្លះនាងSurprise ដល់លោកឆន សុវណ្ណារាជ និងពេលខ្លះលោករាជ ក៍ធ្វើឲ្យនាងភ្ញាក់ផ្អើលផងដែរ ។

សុខគា គីមលាង ជានាដការីដ៍ស្រស់ផូផងម្នាក់ដែលលេចធ្លោក្នុងMV របស់វណ្ណដា «អាមុំបងអើយ » និងស្ពតពាពិជ្ជកម្មមួយចំនួនពិសេសRange Rover ។តារាវ័យ២៦ឆ្នាំ រូបនេះក៍មានមហិច្ឆិតា ចង់ថតភាពយន្ដហូលីវូដដូច អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី ជាបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ដែរ ក្រោយនាងទស្សនារឿងដែលអ្នកអង្គម្ចាស់សម្ដែង«1660 Vine » ។សុខគា គីមលាង ធ្លាប់ហាត់របាំបុរាណរយៈពេល១៥ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំ ម្លេះទើបពេលនេះក្លាយទៅជាគ្រូបង្រៀន របាំបុរាណ និងរបាំព្រះរាជទ្រព្យនៅសាលាមធ្យមវិចិត្រសិល្បៈ។ក្រៅពីបានទាំងព្រមរូបសម្រស់ ទេពកោសល្យសិល្បៈ នោះKon Ant ក៍ជាអ្នកលេចធ្លោនៅលើបណ្ដាញសង្គមតាមរយៈការផលិតវីដេអូប្លែកៗបង្ហោះលើហ្វេសបុក ជាបន្ដបន្ទាប់។


គេចាំមើលថាស្នាដៃបើកឆាករបស់ស្រីស្អាតសុខគា គីមលាង ដែលវាចាថាបេះដូងនៅទំនេររូបនេះនឹងទទួលបានជោគជ័យដូចការរំពឹងទុកដែរឬទេ ខណៈនាដការីរូបស្អាតជាមុខសញ្ញានៃផលិតករជាច្រើនចង់បាននាងធ្វើជាតួឯក ក្រោយនាងខកខានថតភាពយន្ដជាច្រើនកាលពីឆ្នាំមុនដោយសារតែជាប់វរល់ការងារនៅសាលាសាលាមធ្យមវិចិត្រសិល្បៈ។ប៉ុន្ដែនាងថាចាប់ពីពេលនេះតទៅនឹងទទួលថតភាពយន្ដទូទៅ ពោលគឺទាំងរឿងដុំដាក់តាមរោង និងរឿងភាគ ដើម្បីសន្សំឯកសារផ្ទាល់ខ្លួន ៕


