ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពក្នុងពិធីសម្ពោធមហាកុដិសម្ដេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធនានា ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលក្នុងសុន្ទរកថានៅពេលនោះថា វត្តឧណ្ណាលោម គឺជាទីបណ្តុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ដ៏ល្អឯក ហើយក៏ជាកន្លែងដែលបានផ្តល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះមហាសង្ឃរាជ ជូន ណាត ។ ជាមួយនេះព្រះមហាក្សត្រ បានអរគុណនិងកោតសរសើរចំពោះសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរ មានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

ព្រះរាជសុន្ទរកថារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមេនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

– សូមក្រាបថ្វាយបង្គំ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់

– សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សម្តេចព្រះសង្ឃ ព្រះរាជាគណៈទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់
– សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់
– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់

– សម្តេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ ក្សត្រី អ្នកម្នាង និងព្រះរាជវង្សានុវង្ស ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
– ឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីស្រឡាញ់រាប់អាន
– លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យប្រកបដោយបីតិសោមនស្សដ៏ក្រៃលែង ដោយបានមកចូលរួមក្នុងឱកាសនៃព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវនិងរអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម ដើម្បីប្រកាសឱ្យប្រើប្រាស់នូវសមិទ្ធផលនានានៅក្នុងវត្តឧណ្ណាលោម នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តម ត្រចះត្រចង់ និងមានតម្លៃ នាពេលនេះ ។

ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅប្រគេនសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដែលបាននិមន្តថ្លែងនូវព្រះសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍ជួសជុលមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹត ព្រមទាំងសមិទ្ធផលនានានៅក្នុងវត្តឧណ្ណាលោម អំពីវឌ្ឍនភាពនៃការជួសជុល និងប្រវត្តិនៃអគារនីមួយៗ បានយ៉ាង ក្បោះក្បាយ ។ ជាពិសេស សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានគូសបញ្ជាក់អំពីប្រវត្តិ សាស្ត្រ និងតួនាទីដ៏សំខាន់មិនអាចកាត់ថ្លៃបាន របស់វត្តឧណ្ណាលោម ប្រកបដោយលក្ខណៈវិសេសដ៏គួរឱ្យចាប់អារម្មណ៍ ទាំងទិដ្ឋភាពព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណី។ អារាមនេះ គឺជាទីបណ្តុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ដ៏ល្អឯក ហើយក៏ជាកន្លែងដែលបានផ្តល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជូន ណាត ពេញមួយព្រះជន្មរបស់ព្រះអង្គផងដែរ ។

ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយ ដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរ ប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថា វត្តអារាម និងសង្គម គឺតែមួយ ។
លើសពីនេះទៅទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរ បានរួមវិភាគទានដ៏ សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់ ៤យ៉ាង ៖
ទី១- វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រ ធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្ម ទាំងសាសនា និងសង្គម ។
ទី២- វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែងអប់រំ ទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង ។
ទី៣- វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវមរតកវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សម្បូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ មិនចេះរីងស្ងួតឡើយ ។
ទី៤- វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាបនិងថែរក្សាអត្តសញ្ញាណ ព្រលឹង ជាតិ ដ៏សំខាន់ តាំងតែពីបរមបុរាណ ដរាបរៀងមក ។
តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាម ជួយផ្តល់កន្លែងស្នាក់នៅ បួសរៀន សូត្រចំណេះដឹងទូទៅ ដល់អ្នកដែលមានការខ្វះខាត ។ ក្នុងចំណោមនោះ មានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើរដ្ឋ ។
ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមអរគុណ និងកោតសរសើរជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរ មានព្រលឹងរស់ឡើងវិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។
ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយ ប្រមាថ ឬប្រទូសរ៉ាយចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ ។
ខ្ញុំព្រះករុណា ខ្ញុំ សូមយកនូវឱកាសនេះដែរ សូមកោតសរសើរចំពោះសប្បុរសជននានា រួម ទាំងពុទ្ធបរិស័ទ ដែលបានជួយកសាងនិងជួសជុលមហាកុដិសម្តេចព្រះសង្ឃរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម តាំងពីដំណាក់កាលដំបូង រហូតមកទល់នឹងថ្ងៃសម្ពោធនេះ បានល្អប្រពៃ ។

ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមអរព្រះគុណ និងអរគុណជាថ្មីម្តងទៀត ប្រគេន ថ្វាយសម្តេចមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធ សភា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្តេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី អ្នកម្នាង និងព្រះរាជវង្សានុវង្ស ឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទទាំងអស់ ដែលបានយាង និមន្ត អញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធដ៏ឱឡារិកនេះ និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាត ឡើយ។
សូមអរព្រះគុណ-សូមអរគុណ…៕