ភ្នំពេញ៖បើទោះជាទំនាក់ទំនងរវាងស្រីស្រស់រ៉េត ស៊ូហ្សាណា និងលោកយូហៃ ជាការទាក់ទងបទចម្រៀងក្ដី ប៉ុន្ដែសកម្មភាពMV របស់ហ្សាណា ពេលនេះប្រែប្រួលហើយ។ហ្សាណា ដែលធ្លាប់តែត្រូវឪពុកម្ដាយតាមជាប្រចាំអំឡុងនាងចូលសិល្បៈជិត១០ឆ្នាំ ហើយសូម្បីតែអ្នកកាសែតសម្ភាសន៍ក៍មានម្ដាយនាងឈរចាំស្ដាប់នោះ ឥឡូវតារាចម្រៀងលោកយូហៃ របស់ផលិតកម្មបារមី អាចប៉ះថ្ពាល់ ច្បូតសក់នាងបានតាមរយៈMV ថ្មីរបស់ពួកគេ ។យូហៃ ជាបុរសទីពីរដែលអាចស្និតស្នេហ៍ហ្សាណា បានបន្ទាប់ពីតារាចម្រៀងលោកសុវត្ថិ មុនីនាគ កូនប្រុសលោកឧកញ៉ាព្រាប សុវត្ថិ អំឡុងពួកគេជ្រកនៅហង្សមាស ។នេះជាសញ្ញាមួយបង្ហាញថាហ្សាណា បានប្ដូរយុទ្ធសាស្រ្ដក្នុងការវាយលុកទីផ្សារចម្រៀង ព្រោះតាំងពីចេញពីហង្សមាសចូលផលិតកម្មបារមី ជាង៥ខែនេះ នាងមិនសូវលេចធ្លោដូចមុននោះទេ ។អ្វីដែលហ្សាណា ធ្វើឲ្យFan ដាច់ផ្ញានោះដែរគឺនាងមិនមែនបើកឆាកចាប់ដៃគូជាមួយតារារ៉េបលោកវណ្ណដា ដូចគេរំពឹងទុកនោះទេ តែដៃគូទី១របស់នាងគឺជាលោកយូហៃ ។


គេនៅមិនទាន់អាចវាយតម្លៃបានថាការប្ដូររូបភាពថ្មីរបស់ស៊ូហ្សាណា នាពេលនេះនឹងធ្វើឲ្យនាងជោគជ័យឬយ៉ាងណាទេ ប៉ុន្ដែតាំងពីចូលទ្រនុំទី២នេះនាងមានការផ្លាស់ប្ដូរច្រើនដូចជាការស្លៀកពាក់,ក្លាយជាអ្នកនិពន្ធMelody និងទំនុកច្រៀង រួមទាំងជាអ្នកដឹកនាំសម្ដែង(Director )ទៀតផង។ចំណែកឪពុកម្ដាយរបស់ហ្សាណា វិញអាចជាការយល់កាន់តែច្បាស់ពីអាជីពរបស់នាង ហេតុនេះបានជាបន្ធូដៃពោលលែងសូវរឹតបន្ធឹងពីតារាចម្រៀង ឬតួសម្ដែងដែលត្រូវលេងឈុតស្នេហាជាមួយកូនស្រីដូចមុនទៀត។ប៉ុន្ដែតាមព័តមានថាម្ដាយរបស់ហ្សាណា នៅតែតាមនាងជាប់ដូចមុនដដែល ។


ក្រៅពីរ៉េត ស៊ូហ្សាណា តារាចម្រៀងដែលមានឪពុក ឬម្ដាយតាមជាប់ជាប្រចាំមានដូចជានាងនី មុនីនាថ,អ៊ីវ៉ា ,លីនដា និងសុខ ពិសី ជាដើម ។សម្រាប់ហ្សាណា វ័យ២៤ឆ្នាំវិញដោយសារតែម្ដាយឪពុកតាមជាប់គ្រប់វិនាទីបែបនេះហើយ ទើបធ្វើឲ្យនាងមិនធ្លាប់ប៉ះរឿងអាស្រូវកេរ្តិ៍ស្នេហាទេ រយៈពេលជិត១០ឆ្នាមកនេះ ពោលគឺប្រុសដែលចង់លេងល្បែងស្នេហាលោតឆ័ត្រជាមួយនាងបរាជ័យទាំងស្រុងតែម្ដង ។


អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់និយាយថាចំណុចពិសេសរបស់រ៉េត ស៊ូហ្សាណា គឺនៅលើរូបសម្រស់ និងការច្រៀងជាភាសារអង់គ្លេស ប៉ុន្ដែការច្រៀងបទជាភាសារខ្មែររបស់នាងនៅត្រូវការពេលវេលាបន្ថែមទៀត ។ដោយឡែកComposer ម្នាក់សុំមិនឲ្យដាក់ឈ្មោះថាហ្សាណា ចាប់ដៃយូហៃ មិនទាន់ធ្វើឲ្យFan ចាប់អារម្មណ៍ខ្លាំងទេ ប៉ុន្ដែបើនាងក្លាយទៅជាដៃគូចម្រៀងជាមួយវណ្ណដា នោះនឹងមានគេតាមដានច្រើនជាងនេះ។

គេចាំមើលថារ៉េត ស៊ូហ្សាណា គ្រាន់តែបណ្ដោយឲ្យយូហៃ ស្និតស្នេហានាងតែក្នុងMV ឬមួយក៍ពួកគេអាចល្អូកល្អិន គ្នាទាំងក្នុងនិងក្រៅឆាក ?

