ភ្នំពេញ៖លីន សោម៉ា បានសារភាពថានាងបានវះកាត់កែច្រមុះ ហើយពេលធ្វើរួចមានអារម្មណ៍ថាខ្លួននាងស្រស់ស្អាតជាងមុន ។ប៉ុន្ដែនៅពេលត្រូវសួរថាតើសោម៉ា គ្រោងកែកុនផ្នែកណាផ្សេងៗទៀត ក្រៅពីច្រមុះ ដើម្បីឲ្យក្លាយជាស្រីស្អាតដាច់គេនៅហង្សមាស ឬអត់នោះនាងបែជាថាអត់មានផែនការណ៍ចង់កែកុនសម្រស់ចំណុចត្រង់ណាក្រៅពីច្រមុះទេ ។

លីន សោម៉ា ប្រាប់តាមទូរស័ព្ទថា«មិនមែនខ្ញុំស្អាតឥតខ្ចោះ(Perfect)ទេ តែខ្ញុំពេញចិត្តខ្លួនឯងកាន់តែខ្លាំង ក្រោយពីកែច្រមុះរួច ។ខ្ញុំកែតែកន្លែងច្រមុះហ្នឹងមួយទេ កន្លែងផ្សេងៗទៀត ខ្ញុំអត់ចង់កែ ហើយក៍គ្មានគម្រោងថានឹងកែត្រង់ណាទៀតដែរ» ។

ប្រភពបានឲ្យដឹងថាក្រោយពីលីន សោម៉ា មានសម្រស់គួរឲ្យក្នក់ក្នាញ់ជាងមុននោះថៅកែហង្សមាសក៍ត្រៀម រុញនាងឲ្យទៅថតភាពយន្ដដូចតារាស្រីផ្សេងទៀតរបស់ផលិតកម្មនេះដែរ ដើម្បីឲ្យនាងមានសកម្មភាពសិល្បៈកាន់តែច្រើន ល្បីលឿនជាងនេះ ។ប៉ុន្ដែលើកពានបានជាង៧ខែទៅហើយសោម៉ា ចេញបទចម្រៀងផ្ទាល់ខ្លួនបានតែ១បទ«មិនចេះតាមដាន » ប្រាកដណាស់ថានឹងធ្វើឲ្យនាងពិបាកប្រជែងទីផ្សារចម្រៀង ជាមួយតារាស្រីលំដាប់ជូរមុខនាពេលបច្ចុប្បន្នជាមិនខាន ប្រសិនបើនាងមិនព្រមផលិតបទចម្រៀងដោយខ្លួនឯងបន្ថែមពីលើផលិតកម្មទម្លាក់ឲ្យនោះ។

ម្ចាស់ពានBeat The Best រដូវកាលទី២ រូបនេះវាចាថាតំណាក់កាលនេះនាងមិនទាន់ត្រៀមធ្វើបទចម្រៀងដោយខ្លួនឯងទេ គឺនៅតែច្រៀងបទផលិតកម្មទម្លាក់ឲ្យសិន ហើយតាមដឹងនាងក៍ជិតមានបទថ្មីៗច្រៀងទៀតដែរនាពេលដ៍ខ្លីនេះ ។សោម៉ា បន្ថែមថាបច្ចុប្បន្ននាងបានផ្លាស់ប្ដូរសឹងតែទាំងស្រុងពោលគឺពីមុនច្រៀងតែ បទមរតកដើមច្រើន តែសព្វថ្ងៃងាកមកច្រៀងបទសម័យច្រើនជាងវិញ ពោលគឺនាងធ្វើការទៅតាមពេលវេលា តាមទីផ្សារ។តែនាងថាដោយសារតែបទខ្លួនឯងមិនទាន់មានច្រើនបែបនេះហើយទើបពេលឡើងឆាកនាងច្រៀងបទរៀមច្បងភាគច្រើនជាងបទខ្លួនសិន ទើបគ្រប់ចំនួនបទចម្រៀងដែលអ្នកដឹកនាំកម្មវិធីតម្រូវ។

លីន សោម៉ា ជាតារាម្នាក់ទៀតដែលហ៊ានសារភាពរឿងកែច្រមុះដូចគ្នាទៅនិងនាងតន់ ច័ន្ទសោម៉ា ដែរ ខណៈដែលតាមព័តមានថានាងតារាដែលកែច្រមុះមុននាងសោម៉ា មានដូចជាឱក សុគន្ធកញ្ញា ,មាស សុខសោភា ,ពេជ្រ សោភា ,នី មុនីនាថ ,សុខ ពិសី និងថន លក្ខិណា ជាដើមដែលក្នុងនោះតារាខ្លះសារភាព ខ្លះទៀតបដិ សេធ ។ សម្រាប់សោម៉ា វិញគ្រាន់តែកែច្រមុះរួចស្រាប់តែពេលនេះនាងមានយ៊ីអ៊ុនស្នេហាឡើងស្រឺតៗ តែម្ដង ពោលគឺតារាប្រុស២នាក់រួមដំបូលជាមួយនាងនោះគឺលោកសួ វិចិត្រ និងលីម តិចម៉េង ប្រជែងគ្នាដណ្ដើមបេះដូង ក្រមុំមកពីខេត្តត្បូងឃ្មុំរូបនេះ ។តែនាងសោម៉ា ថានាងគ្មានទំនាក់ទំនងស៊ីជម្រៅជាមួយប្រុសទាំងពីរនាក់នោះទេ បើទោះជានៅលើឆាកគេឃើញតិចម៉េង បានព្យាយាមអោបនាងជាប់ ខណៈវិចិត្រ ទៅសុំនាងថើប១ខ្សឺតដល់បន្ទប់ជួលទាំងពេលអាទ្រាតតែនាងប្រកែកក្ដី ។កាលពីថ្ងៃទី១២ ខែ២ ឆ្នាំ២០២៥ សោម៉ា ក៍ទើបតែបានធ្វើខួបកំណើតគម្រប់អាយុ២២ឆ្នាំ ដែរហើយអ្នករួមអាជីព និងFan សរសើរថានាងថាស្រស់ស្អាតណាស់ បន្ទាប់ពីកែច្រមុះ ទើបធ្វើឲ្យស្រីស្រស់ញញឹមបិតមាតមិនជិតឡើយ ។

អ្នកជំនាញសិល្បៈបានលើកឡើងថានាងលីន សោម៉ា មានសម្ថភាពអាចច្រៀងបានទាំងបុរាណ និងសម័យ ហេតុនេះបើមានបទចម្រៀងចេញច្រើនអាចនឹងដណ្ដើមភាពលេចធ្លោនៅហង្សមាសបាន ព្រោះនាងនៅក្មេងហើយសល់កុងត្រាជាមួយហង្សមាសជាង៤ឆ្នាំ ។ម្យាងទៀតការមកដល់របស់នាងសោម៉ា នាពេលនេះចំពេលដែលតារាស្រីល្បីៗរបស់ហង្សមាសមានដូចជានាងពេជ្រ សោភា ,សុគន្ធ និសា ,វី ឌីណែត ,រ៉េត ស៊ូហ្សាណា ,ពេជ្រ សូលីកា និងសុខ ស្រីនាង ជាដើមបានដើរចេញពីផលិតកម្មធំនេះអស់ទៅហើយ ។ប៉ុន្ដែរឿងធំគេចាំមើលថាក្រមុំខេត្តត្បូងឃ្មុំរូបនេះនឹងជ្រើសសង្សារជាលោកសួ វិចិត្ត ឬលីម តិចម៉េង ?

