ភ្នំពេញ ៖ តារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលមានជំងឺទឹកនោមផ្អែមចាង២០ឆ្នាំ និងបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតគ្រូពេទ្យជំនាញផ្តល់ជម្រើស២ ដើម្បីរស់បន្ត គឺលាងឈាមមួយជីវិត ឬត្រូវវះកាត់ប្តូរ ក្រលៀន (តម្រងនោម) ថ្មីនោះ ទីបំផុតបានទទួលការវះកាត់ប្តូរក្រលៀនថ្មី នៅឯក្រៅប្រទេស ដោយជោគជ័យ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

តាមប្រភពភរិយាតារាកំប្លែង នាយតាក់ស៊ី បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា នាយតាក់ស៊ី បានវះកាត់ប្តូក្រលៀន (តម្រងនោម) ថ្មីរួចហើយ ប្រហែល ១០ថ្ងៃទៀត ទើបគាត់បានត្រឡប់មកវិញ ដោយពេទ្យខាងគេ មើលទាល់តែជាមុខរបួស ទើបអនុញ្ញាតឲ្យចេញ។

គួររំលឹកថា តារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលកើតមានជំងឺទឹកនោមផ្អែមប្រចាំកាយ ច្រើនឆ្នាំមកហើយនោះ ត្រូវបានអាការជំងឺធ្វើទុក្ខខ្លាំង រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ កាលពីអំឡុងចុងឆ្នាំ២០២៤ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ផ្តល់ជម្រើសចុងក្រោយ ចំនួន២ គឺទី១- ត្រូវលាងឈាម ១អាទិត្យ ៣ដង ពេញ១ជីវិត និងជម្រើសទី២- ត្រូវវះកាត់ប្តូរក្រលៀនថ្មី។
តាមសម្តីភរិយាក្រោយ របស់នាយតាក់ស៊ី ធ្លាប់បានបញ្ជាក់ប្រាប់ថា ប្តីរបស់នាង បានកើតមានជំងឺទឹកនោមផ្អែមនេះ រយៈពេលជាង ២០ឆ្នាំមកហើយ ហើយគាត់តែងជក់បារី ជាប់ជាប្រចាំ ពោលគឺជក់ច្រើនខ្លាំងណាស់ ទោះជាកន្លងមក នាងធ្លាប់ហាមប្រាមប្តីខ្លះដែរ តែប្តីមិនស្តាប់ ជួនថែមទាំងខឹងសម្បាដល់រូបនាងថែមទៀតផង គឺប្តីរបស់នាងផ្តាច់បារី មិនបានឡើយ។ យ៉ាងណា មួយរយៈកន្លងមកនេះ ប្តីនាងបានប្រើផលិតផលឱសថមួយត្រូវ ទើបមិនធ្វើឱ្យអាការជំងឺរបស់គាត់វិវត្តន៍ទៅមុខអ្វីធំដុំឡើយ ទើបតែមួយរយៈចុងក្រោយ រយៈពេលប្រមាណ កន្លះខែមុននេះ គាត់ចាប់ផ្តើមបណ្តោយខ្លួនដោយសាររវល់ការងារខ្លាំង សម្រាកមិនបានគ្រប់គ្រាន់ ដោយគេងបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ ក្នុង១ថ្ងៃ និងថែមទាំងជក់បារី កាន់តែច្រើន ហូបកាហ្វេក៏ច្រើន ទើបធ្វើឱ្យសុខភាពគាត់ចាប់ផ្តើមទ្រុឌទ្រោមបន្តិចម្តងៗ។
ភរិយានាយតាក់ស៊ី បានបន្តថា កន្លងមក ប្តីនាងធ្លាប់ត្រូវបានក្រុមគ្រូពេទ្យជំនាញ ណែនាំឱ្យលាងឈាមដែរ តែគាត់ចេះតែព្យាយាមគេចវេះ មិនព្រមលាងឈាមដាច់ខាត ដោយផ្អែកលើមូលហេតុចម្បង គឺខ្វះខាតថវិកា ពិ សេសគាត់មិនចង់នាំទុក្ខលំបាកដល់នាងជាប្រពន្ធ ដោយ សារការលាងឈាម ត្រូវការចំណាយច្រើន។ លុះរយៈពេលប្រមាណកន្លះខែចុងក្រោយ គាត់សម្តែងច្រើន ឈរច្រើន ជក់បារីច្រើន ផឹកកាហ្វេ ក៏ច្រើនជា ហេតុធ្វើឱ្យអាការជំងឺគាត់ចាប់ផ្តើមរើឡើង។

ភរិយានាយតាក់ស៊ី បានបញ្ជាក់ថា អាការជំងឺរបស់ប្តីនាង ដែលតម្រូវឱ្យប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ នាពេលនេះ គឺគាត់បានកើតមានអាការហើមដៃហើមជើង និងហត់ខ្លាំង លុះបញ្ជូនមកដល់ គ្រូ ពេទ្យពិនិត្យរួច ប្រាប់ថា ប្តីនាងមានបញ្ហា ទឹកដក់ក្នុងសួត និងខូចតម្រងនោម (ក្រលៀន) ដំណាក់កាលចុង ក្រោយ ដោយគ្រូពេទ្យតម្រូវឱ្យលាងឈាម។ លុះបន្ទាប់ពីលាងឈាមបាន ៣ដង រួចមក អាការប្តីនាងបានធូរស្រាលបន្តិចឡើងវិញ ដោយអន់ហត់ប្រមាណ ៤០ភាគរយ ប៉ុន្តែបញ្ហានៅត្រង់ថា ពេលនេះក្រុមគ្រួសារនាងមិនមានលទ្ធភាពក្នុងការចំណាយថ្លៃលាងឈាមប្តីទៀតនោះទេ កុំថាឡើយត្រូវវះកាត់ប្តូរក្រលៀនថ្មីនោះ។

ទោះបីជាយ៉ាងណា នៅពេលនេះ នាយតាក់ស៊ី បានទទួលការវះកាត់ប្តូករក្រលៀន (តម្រងនោម) ថ្មី បានជោគជ័យហើយ ក្រោមការជួយឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្ត្រី ធ្វើឲ្យនាយបានរស់ម្តងទៀត។

គួររំលឹកថា លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤៥ឆ្នាំ បានលែងលះជាមួយនាងលាប សោភ័ណ្ឌ ហៅភីម កាលពីឆ្នាំ២០១៩ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះរឿង ជីវ័ន្ត អាយុ១៥ឆ្នាំ ហើយនាយតាក់ស៊ី ក៏ទៅសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តមីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ុន្តែដោយសារជំងឺខ្វះជាតិស្ករ ធ្វើទុក្ខខ្លាំងពេក ទើបនាយបានលាចាកសិក្ខាបទទាំងតក់ក្រហល់ ដើម្បីទៅព្យាបាលជំងឺ ហើយក៏បានធូរស្រាល អាចបន្តអាជីពសិល្បៈបាន។ ប៉ុន្តែចុងចុងក្រោយនេះ នាយតាក់ស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយត្រូវបានគ្រួពេទ្យពិនិត្យឃើញថា ខូចតម្រងនោម ដំណាក់កាលចុងក្រោយ ដូច្នេះជម្រើសចុងក្រោយ មានតែ ២ប៉ុណ្ណោះ ទី១-ត្រូវលាងឈាម ១អាទិត្យ ៣ដង ពេញ១ជីវិត និងទី២-ត្រូវវះកាត់ប្តូរក្រលៀនថ្មី៕