កម្មវិធី “ឆា-ឈីង” គឺជាកម្មវិធីអប់រំចំណេះដឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ដែលបានអនុវត្តជោគជ័យនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំ២០១៧នេះ កម្មវិធីនេះនៅតែបន្តអនុវត្ត តួយ៉ាងកាលពីថ្ងៃ១៧ដល់២១កុម្ភៈកន្លងទៅក្រុមការងារស្ម័គ្រចិត្តមួយក្រុមធំ ដែលរួមមានបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជាបានចុះផ្សព្វផ្សាយកម្មវិធី “ឆា-ឈីង” ទៅដល់កុមារា-កុមារី ក្នុងសាលាបថមសិក្សាចំនួនបួន ក្នុងខេត្តបាត់ដំបង និងសៀមរាប ។
ចាប់តាំងពីដំបូងមក គោលបំណងសំខាន់នៃកម្មវិធី “ឆា-ឈីង” គឺការអប់រំកុមារអំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងលុយកាក់ តាមរយៈការបង្ហាញវីដេអូចម្រៀង ការសួរសំនួរ ហើយនិងការលេងល្បែងកំសាន្ដដែលពាក់ព័ន្ធនឹងគោលគំនិតទាំង៤របស់“ឆា-ឈីង” គឺ ការរកលុយ សន្សំ ចាយ និងបរិច្ចាគ។
លោក ទូច ថាវរិទ្ធិប្រធានទំនាក់ទំនងស្ថាប័នរដ្ឋក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះតាំងពីដំណាក់កាលដំបូងមក បានមានប្រសាសន៍ថា “កម្មវិធីអប់រំកុមារ “ឆា-ឈីង” គឺជាកម្មវិធីថ្នាក់តំបន់មួយរបស់ក្រុមហ៊ុន Prudential Corporation Asia ដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានយកមកផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ គោលដៅសំខាន់របស់យើង គឺចង់អោយកុមារកម្ពុជាទទួលបាន និងរៀនសូត្រនូវចំណេះដឹងថ្មីៗផ្នែកហិរញ្ញវត្ថុមូលដ្ឋាន ដែលកម្មវិធី “ឆា-ឈីង” យកចិត្តទុកដាក់លើគោលគំនិតសំខាន់បួន គឺ រកលុយ សន្សំចាយ និងបរិច្ចាគ ។”
លោកបានបន្ថែមទៀតថា “នៅក្នុងប្រទេសកម្ពុជា កម្មវិធីនេះបានចាប់ផ្តើមពីឆ្នាំ២០១៤មក តាមរយៈការផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ ហើយក្នុងឆ្នាំ២០១៥ និង២០១៦ យើងបានចុះផ្សព្វផ្សាយកម្មវិធីនេះទៅតាមសាលានានា ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀត ។ យើងមានផែនការដើម្បីធ្វើយ៉ាងណាអោយកម្មវិធីនេះ ទៅជាកម្មវិធីដែលសាលាអាចយកទៅប្រើប្រាស់បាន ជាលក្ខណៈកម្មវិធីសិក្សាបន្ថែមសម្រាប់ពេលទំនេរពីការសិក្សាមុខវិជ្ជាស្នូលរបស់ពួកគាត់ ។”
លោក ទ្រី ហាក់ ជានាយកសាលាបថមសិក្សាសម្តេច ជា ស៊ីម ក្នុងខេត្តបាត់ដំបងបាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលថ្ងៃនេះបានមកសហការជាមួយសាលា និងរៀបចំកម្មវិធី “ឆា-ឈីង” សម្រាប់កុមារយើង ។ ខ្ញុំគិតថា កម្មវិធីនេះល្អមែនទែន ព្រោះបណ្តុះបណ្តាលក្មេងអោយយល់ដឹងពីគោលគំនិតនៃការរកលុយ សន្សំចាយ និងបរិច្ចាគ ។ នេះជាចំណេះដឹងបន្ថែមមួយទៀត ដែលពិតជាមានសារសំខាន់សម្រាប់បណ្តុះដល់កុមារចាប់ពីវ័យក្មេងទៅ ។”
អ្នកគ្រូ តាន់ សុគន្ធា ជាគ្រូទទួលបន្ទុកថ្នាក់ម្នាក់ ក្នុងសាលាបថមសិក្សាកេសរារ៉ាម ខេត្តសៀមរាប ដែលបានចូលរួមផ្ទាល់ក្នុងសកម្មភាពកម្មវិធី “ឆា-ឈីង” ក្នុងថ្នាក់របស់គាត់ ។ គាត់បានសម្តែងក្តីកោតសរសើរចំពោះក្រុមការងាររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានចុះមករៀបចំកម្មវិធី “ឆា-ឈីង” នៅសាលារបស់គាត់ និងបាននិយាយថា “ខ្ញុំគិតថាកម្មវិធីនេះល្អ និងគួរតែពង្រីកបន្ថែមទៀត ព្រោះនេះជាការអប់រំក្មេងអោយចេះគ្រប់គ្រងលុយកាក់ និងចេះជួយគ្នាទៅវិញទៅមក ។”
ដោយបានបង្កើតឡើងក្នុងឆ្នាំ២០១១កម្មវិធី “ឆា-ឈីង” បាននឹងកំពុងអនុវត្តនៅទូទាំងទ្វីបអាស៊ីដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីរឿងគ្រប់គ្រងលុយកាក់សម្រាប់កុមារអាយុពី៧ដល់១២ឆ្នាំ។ក្នុងប្រទេសកម្ពុជា កម្មវិធី “ឆា-ឈីង” ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣១ ឧសភា ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមណាតប៊ុនរឿនរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា។
ចាប់តាំងពីដើមឆ្នាំ២០១៦មក ក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចុះទៅតាមសាលាបឋមសិក្សាជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួន ដោយបាននាំយកវីដេអូ “ឆា-ឈីង”ទៅចាក់បង្ហាញដល់កុមារជាច្រើននាក់ និងបានរៀបចំការលេងល្បែងកំសាន្ត និងសកម្មភាពអប់រំជាច្រើនទៀត ដើម្បីបណ្តុះគំនិតអប់រំក្នុងការគ្រប់គ្រងលុយកាក់ និងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់កុមារទាំងនោះ ។
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រwww.cha-ching.com ដើម្បីទស្សនាវីដេអូចម្រៀងរបស់កម្មវិធី“ឆា-ឈីង” ដោយសេរី ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាផ្សេងទៀតជាច្រើន ។
————————————————————–
អំពីកម្មវិធី “ឆា–ឈីង”
“ឆា-ឈីង” គឺជាកម្មវិធីឈ្នះពានរង្វាន់ និងគ្រប់ជ្រុងជ្រោយ ដែលជួយអប់រំចំណេះដឹងរឿងលុយកាក់ ទៅដល់កុមារអាយុពី ៧ដល់១២ឆ្នាំ ។ នៅទូទាំងទ្វីបអាស៊ី កម្មវិធី “ឆា-ឈីង” ត្រូវបានចាក់ផ្សាយជា ៩ភាសាផ្សេងគ្នា និងទស្សនាដោយទស្សនិកជន ៥១លានក្រុមគ្រួសារ តាមរយៈប៉ុស្ត៍ទូរទស្សន៍ខ្សែកាប Cartoon Network Asia ។
កម្រងវីដេអូ “ឆា-ឈីង” នីមួយៗជាវីដេអូគំនូរជីវចលអមដោយបទចម្រៀង ដែលមានរយៈពេលប្រមាណបីនាទី និងមានតួអង្គដ៏រស់រវើកប្រាំមួយនាក់ ដែលពន្យល់អប់រំកុមារអំពីគោលគំនិតមូលដ្ឋាននៃការគ្រប់គ្រងលុយកាក់ គឺការរកលុយ ការសន្សំ ការចាយលុយ និងការបរិច្ចាក ។ តួអង្គទាំង ៦នាក់នេះ គឺជាសមាជិកនៃក្រុមតន្ត្រី “ឆា-ឈីង” ដែលតួអង្គនីមួយៗមានទម្លាប់ផ្សេងៗគ្នាក្នុងការគ្រប់គ្រងលុយកាក់របស់ពួកគេ ។ វីដេអូគំនូរជីវចល “ឆា-ឈីង” តែងអមដោយបទចម្រៀងពិរោះ និងអក្សរសម្រាប់អានតាម ដែលជួយឲ្យកុមារអាចច្រៀងតាម ឆាប់យល់ និងឆាប់ចាំ ។ កម្រងវីដេអូ “ឆា-ឈីង” បានចាក់បញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ Cartoon Network ដែលជាប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបពេញនិយមបំផុតសម្រាប់កុមារនៅទ្វីបអាស៊ី នៅក្នុងប្រទេសចំនួនប្រាំបី គឺ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ហុងកុង និងវៀតណាម ។
អំពី មូលនិធិព្រូដិនស៏
ដោយបានបង្កើតឡើងកាលពីឆ្នាំ២០១១ មូលនិធិព្រូដិនស៏ បានជួយលើកកម្ពស់សកម្មភាពសហគមន៍នានាក្នុងតំបន់របស់ក្រុមហ៊ុន ព្រូដិនសល ដើម្បីសម្រេចបានជាទិសដៅយុទ្ធស្រាស្ដ និងការយកចិត្តទុកដាក់រួម ក្នុងគោលដៅបង្កើនប្រសិទ្ធភាពសកម្មភាពសហគមន៍របស់ខ្លួន នៅទូទាំងតំបន់អាស៊ី ។ បេសកកម្មរបស់មូលនិធិនេះ គឺដើម្បីចូលរួមចំណែកឥតឈប់ឈរដល់សង្គមពលរដ្ឋអាស៊ី តាមរយៈគំនិតផ្ដួចផ្ដើមប្រកបដោយនិរន្តរភាព ដែលផ្តោតលើសសរស្ដម្ភចំនួនបីគឺ កុមារ ការអប់រំ និងការត្រៀមលក្ខណៈជាមុនសម្រាប់គ្រោះធម្មជាតិ និងការស្ដារឡើងវិញ ។ ក្រោមសសរស្ដម្ភនីមួយៗ មូលនិធិព្រូដិនស៏ មានកម្មវិធីសំខាន់ៗថ្នាក់តំបន់ ក៏ដូចជាកម្មវិធីផ្ដោតលើទីផ្សារផងដែរ ដោយសហការជាដៃគូយ៉ាងជិតស្និតជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ។
អំពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍អឹសួរ៉ិនស៍ ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០១៣ ។ តាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ដែលរចនាឡើងពិសេស ស្របតាមតម្រូវការរបស់បុគ្គល និងក្រុមគ្រួសារ បូកផ្សំនឹងកិច្ចការអប់រំអំពីវិស័យធានារ៉ាប់រង អាយុជីវិតដល់សាធារណៈជន ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានលើកស្ទួយឲ្យប្រជាជនកម្ពុជាអាចការពារហិរញ្ញវត្ថុនាថ្ងៃអនាគត សម្រាប់ខ្លួន និងក្រុមគ្រួសារ ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី* ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ។ នៅក្នុងទ្វីបអាស៊ី ក្រុមហ៊ុនព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១២គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុនព្រូដិនសល មានបណ្តាញចែកចាយដ៏ទូលំទូលាយ និងជោគជ័យ ដែលផ្តល់ជូនអតិថិជននូវផលិតផលច្រើនប្រភេទ រួមមានទាំង ផលិតផលសម្រាប់សន្សំ សម្រាប់ការវិនិយោគ និងសម្រាប់ការការពារផ្នែកហិរញ្ញវត្ថុ ដែលបំពេញតាមតម្រូវការដ៏ច្រើនរបស់អតិថិជន ។
* ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី គឺជាក្រុមសាជីវកម្មផ្តល់សេវាហិរញ្ញវត្ថុលំដាប់ថ្នាក់អន្តរជាតិមួយ ដែលបម្រើសេវារ៉ាប់រងដល់អតិថិជនជាង ២៥លាននាក់នៅទូទាំងពិភពលោក និងមានទ្រព្យសកម្មគ្រប់គ្រង ៧៩៤,១ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣០ មិថុនា ២០១៥) ។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនពាក់ព័ន្ធសោះឡើយជាមួយនឹងក្រុមហ៊ុន ព្រូដិនសលហ្វាយនែនសល អាយអិនស៊ី ដែលមានទីតាំងអាជីវកម្មចម្បងនៅក្នុងសហរដ្ឋអាមេរិក។
-ចប់-