ភ្នំពេញ៖តារាចម្រៀងលោកនី ម៉ាប់ ហៅនី រតនា បានដឹកដៃប្រពន្ធខ្លួនអ្នកនាងហេង សុវណ្ណភក្ដិណា ឡើងលើឆាកតន្រ្ដីធំមួយកំពុងផ្សាយផ្ទាល់កាលពីថ្ងៃទី១៥ កុម្ភៈ ច្រៀងបទ«គូស្នេហ៍រុងរឿង » ដែលនេះជាការជម្រុញផង តេស្ដផង ពីសម្ថភាពរបស់ប្រពន្ធថាអាចទៅរួច ឬអត់បើចាប់អាជីពជាតារាចម្រៀង។រតនា ក៍បានច្រៀងយោងប្រពន្ធឲ្យចប់១បទនោះដោយគ្មានឧបស័គ្គឡើយ ព្រមទាំងនិយាយពីកំណើតស្នេហានៅលើឆាកតន្រ្ដីដោយសរសើរគ្នាទៅវិញទៅមកទៀតផង។ការនាំប្រពន្ធឡើងឆាកធំជាលើកដំបូងរបស់លោករតនា នាពេលនេះបន្ទាប់ពីពួកគេបានធ្វើខួបកំណើតឲ្យកូនភ្លោះគម្រប់១ឆ្នាំ(ស្រី១ប្រុស១)កាលពីថ្ងៃទី៣០ ខែ១ ដែលសរុបមកដល់ពេលនេះលោកនី ម៉ាប់ មានកូន៣នាក់ហើយគឺកូនស្រី២ ក្រោយតារាហង្សមាសរូបនេះរៀបការជាមួយនាងសុវណ្ណភក្ដិណា(ថេណា)កាលពីថ្ងៃទីនៅថ្ងៃទី១៨ ខែ១ ឆ្នាំ២០១៩ ។ទាំងតារារួមអាជីព និងFan បានសរសើរថារតនា កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយភរិយាជាកូនអ្នកមានទ្រព្យស្ដុកស្ដម ហេតុនេះទោះជាអាជីពចម្រៀងលែងសូវលេចធ្លោដូចមុនក៍លោកម៉ាប់ មិនប្រឈមវិបត្តិសេដ្ឋកិច្ចឡើយ ។


គួរបញ្ជាក់ថានី រតនា ម្ចាស់ពានCambodian Idol រដូវកាលទី១ ដែលជ្រកនៅហង្សមាសរយៈពេល១០ឆ្នាំ ត្រូវបានលោកនូ ស៊ឹប ប្រាប់អ្នកយកព័តមានយើងថាបន្ទាប់ពីព្រាប សុវត្ថិ និងខេមរៈ សេរីមន្ដ ដើរចេញពីផលិតកម្មនេះព្រមគ្នាគឺមានតែលោករតនា នេះហើយគ្រាន់បើជាងគេ ឬច្រៀងត្រូវបច្ចេកទេសសាកសមជាតារាចម្រៀងអាជីព ។ប៉ុន្ដែគេសង្កេតឃើញថាលោកម៉ាប់ ដែលកាលពីឆ្នាំ២០១៩ ល្បីភ្លាម ប្រញ៉ាប់ការប្រពន្ធភ្លែតនោះ ឥឡូវនៅតែមិនអាចក្លាយទៅជាតួឯករបស់ហង្សមាសដដែល ពោលគឺមិនសូវលេចធ្លោខ្លាំងនោះទេ ព្រោះបទចម្រៀងមិនសូវមានច្រើនលើទីផ្សារ ។


ទោះជាយ៉ាងណានី រតនា ដែលមានអាយុ៣១ឆ្នាំ ពោលគឺប្អូនព្រាប សុវត្ថិ ដល់ទៅ១៩ ឆ្នាំ និងប្អូនខេមរៈ សិរីមន្ដ ដល់ទៅ៩ ឆ្នាំ នោះពេលនេះលោកមានកូន៣នាក់ស្មើតារារៀមច្បងទាំងពីរដែរ ។ក្រៅពីថតរស់នៅផ្ទះវីឡារយ៉ាងប្រណិត និងជិះរថយន្ដទំនើបៗដូចជាRange Rover និងMarcedes នោះរតនា ក៍នៅតែរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារពីអាជីពចម្រៀងក្នុង១ឆ្នាំៗផងដែរ ស្របពេលដែលតារាល្បីៗរបស់ហង្សមាសបានដើរចេញជាបន្ដបន្ទាប់នោះលោកម៉ាប់ នៅតែមានក្ដីសុខជាមួយផលិតកម្មមួយនេះ ហើយបានងាកមកចាប់ដៃជាមួយនាងឈិន ម៉ានិច្ច ។តែគ្មានដំណឹងថារតនា អាចនឹងជួយអន្ដរាគមន៍យកប្រពន្ធឲ្យចូលច្រៀងនៅផលិតកម្មខ្លួននោះទេ ។ប៉ុន្ដែគេជឿថានៅពេលដែលលែងច្រៀងឲ្យហង្សមាសលោករតនា ប្រាកដជាចាប់ដៃប្រពន្ធផលិតចម្រៀងឆ្លងឆ្លើយគ្នាចេញនៅលើផេកជាមិនខាន ព្រោះថានាងថេណា គឺជាអ្នកលក់Online ហេតុនេះបើចាប់ដៃជាមួយប្ដីនឹងកាន់តែធ្វើឲ្យអាជីវកម្មរបស់នាងទៅមុខថែមទៀតជាមិនខាន ។


អ្នកជំនាញសិល្បៈបានព្រមានថាទោះជានី រតនា ពេលនេះគ្មានព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពាំងផ្លូវដូចមុនក្ដី ប៉ុន្ដែបើលោកនៅតែពឹងទាំងស្រុងទៅលើហង្សមាសទម្លាក់បទឲ្យច្រៀងនោះប្រាកដជាមិនអាចធ្វើតារានាំមុខគេនៅហង្សមាសបានឡើយ ព្រោះតែបទចម្រៀងមិនដិតដល់លើទីផ្សារនេះឯង។ប៉ុន្ដែអ្នកខ្លះថានី រតនា កូន៣ទៅហើយ មិនអាចល្បីជាងនេះទេ ទោះជាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ កូន៣នាក់ដែរ តែលោកម៉ាប់ មិនទាន់ឈានដល់ចំណុចអតីតតារាហង្សមាសទាំងពីរនៅឡើយ ៕


